Luis Suarez ​មក​មើល​មិត្ត​រួម​ក្រុម Liverpool ហ្វឹក​ហាត់​នៅ Melwood

អតីត​ខ្សែប្រយុទ្ធ Liverpool កីឡាករ Luis Suarez បាន​ចំណាយ​ពេល​ទំនេរ​ត្រឡប់​មក​តំបន់ Merseyside ដើម្បី​មក​មើល​មិត្ត​រួម​ក្រុម​កាល​ពី​មុន​របស់​ខ្លួន​ហ្វឹកហាត់។

 

Luis Suarez ​មក​មើល​មិត្ត​រួម​ក្រុម Liverpool ហ្វឹក​ហាត់​នៅ Melwood

 

ការ​មក​លេង​ក្លឹប​ចាស់​វិញ​លើក​នេះ​ ក្រោយ​ពីក្រុម Barcelona មិន​មាន​ការ​ប្រកួត​រហូត​ដល់​ថ្ងៃសៅរ៍។ Suarez ត្រូវ​កីឡាករ Liverpool ជា​ច្រើន​រូប​ស្វាគមន៍​ចំពោះ​វត្តមាន​ដ៏​កម្រ​របស់​គេ ​ក្នុង​នោះខ្សែ​ការពារ Mamadou Sakho បាន​បង្ហោះ​រូប​ជាមួយ​តារា​ឆ្នើម​សញ្ជាតិ​អ៊ុយរុយហ្គាយ ភ្ជាប់​នឹង​ពាក្យ​ប៉ុន្មាន​ម៉ាត់​លើ​បណ្ដាញ​សង្គម Twitterថា៖ “មាន​ភ្ញៀវ​ពិសេស​មក​កាន់​ទីលាន​ហ្វឹកហាត់ Melwood នៅ​ព្រឹក​នេះ”។

 

Suarez បាន​ប្រាប់​គេហទំព័រផ្លូវការ​របស់​ក្លឹប​ថា​ការ​មក​លេង​លើក​នេះ​ព្រោះ​តែ Liverpool គឺ​សំខាន់​សម្រាប់គេ។ “វា​ពិតជា​អស្ចារ្យ​ដែល​ជួប​កីឡាករ​នៅ​ទីនេះ។ អ្នក​ទាំងអស់​គ្នា​គឺ​ជា​មនុស្ស​ល្អ ខ្ញុំ​ពិត​ជា នឹក​រលឹក​ពួកគេ។ រយៈ​ពេល​ជាង​៣​ឆ្នាំ​កន្លះ​នៅ Liverpool គឺ​ជា​ពេល​វេលា​មិន​អាច​បំភ្លេច​បាន​សម្រាប់​ខ្ញុំ។ ខ្ញុំ​តែងតែ​ព្យាយាម​មើល​ការ​ផ្សាយផ្ទាល់ ឬ​ក៏​ឆែក​លទ្ធផល​ការ​ប្រកួត​របស់ Liverpool”។​ ខ្សែ​ប្រយុទ្ធ​វ័យ២៩ ឆ្នាំ​បាន បញ្ជាក់​ដូច្នេះ។

 

កីឡាករ Luis Suarez បាន​ចាកចេញ​ពី Anfield ទៅ​កាន់ Barcelona កាល​ពី​ឆ្នាំ២០១៤ ក្នុង​តម្លៃ​ខ្លួន​កប់ពពក ជាង១០០លាន​ដុល្លារ (៧៥​លាន​ផោន)។ ជាង​៣​ឆ្នាំ​កន្លះ​នៅ Liverpool អតីត​កីឡាករ​របស់ Ajax រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន ៨២គ្រាប់​ក្នុង​ចំណោម ១៣៣ ប្រកួត៕

 

ចុចអាន៖ Liverpool ព្រមព្រៀង​ទិញ​យក​ខ្សែ​ការពារ Joel Matip ពី Schalke

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ DailyMail