អ្នកគាំទ្រ Arsenal ​លើក​បដា​សុំ​ឲ្យ​លោក Wenger ចុះ​ចេញ​ពី​តំណែង

អ្នកគាំទ្រ​កាំភ្លើងធំ Arsenal ​មួយ​ក្រុម​តូច បាន​លើក​បដា​ទទូច​ឲ្យ​អ្នកចាត់ការ​ទូទៅ​បច្ចុប្បន្ន​លោក Arsene Wenger ចុះ​ចេញ​ពី​តំណែង។

 

អ្នកគាំទ្រ Arsenal ​លើក​បដា​សុំ​ឲ្យ​លោក Wenger ចុះ​ចេញ​ពី​តំណែង

 

ការ​ស្នើ​សុំ​ដ៏​កម្រ​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ប្រកួត​ដែល Arsenal ​ឈ្នះ Hull City ៤-០ ពាន​រង្វាន់ FA Cup។ បដា​នោះ​មាន​សេចក្ដី​ថា៖ “Arsene! អរគុណ​សម្រាប់ អនុស្សាវរីយ៍ ប៉ុន្តែ​វា​គួរ​ដល់​ពេល​ដែល​ត្រូវ​និយាយ​ពាក្យ លា ហើយ”។ មុន​នឹង​ជ័យជម្នះ កាល​ពី​យប់​មិញ Arsenal បាន​បង្ហាញទម្រង់​លេង​ធ្លាក់​ចុះ​ក្នុង​ប្រកួត​មុន​ៗ​ដូចជា​ការ​ចាញ់ Barcelona នៅ Champions League និងចាញ់ Manchester United, Swansea នៅ Premier League ជា​ដើម។

 

លោក Ian Wright អតីត​វីរបុរស​របស់​ក្លឹប​បាន​និយាយពាក់ព័ន្ធ​នឹង​ប្រតិកម្ម​ពី​អ្នកគាំទ្រ​ថា៖ “វា​ពិត​ជា​រឿង​គួរ​ឲ្យខកចិត្ត​ បើ​សិន​ខ្ញុំ​នៅ​ជា​កីឡាករ​ហើយ​ដើរ​ចេញ​មក​ឃើញ​បដា​ដូច្នោះ។ ពិត​ណាស់​យើង​ទទួល​លទ្ធផល​មិនល្អ​ក្នុង​ប្រកួត​ទល់ Man Utd និង Swansea ប៉ុន្តែ​វា​នៅ​មិន​ទាន់​អស់​ឱកាស​នៅ​ឡើយ​ទេ”។

 

បន្ទាប់​ពី​លទ្ធផល​បាន​ត្រឹម​ស្មើ ២-២ ជាមួយ Tottenham កាល​ពី​ចុង​សប្ដាហ៍ Arsenal ពេល​នេះ​មាន ៨ពិន្ទុ ក្រោម Leicester City ដែល​ឈរ​នៅ​ទី​កំពូល​តារាង ខណៈ​ក្តី​សង្ឃឹម​បន្ត​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League ក៏​មាន​តិច៕

 

ចុ​ចអាន៖  Wenger​ ​ថា​ចាញ់​ Barca ដោយសារ​កីឡាករ​ Arsenal ​នៅត្រឹម​កម្រិត​មធ្យម

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Goal