មន្រ្តីជាន់ខ្ពស់អំពាវនាវ ជាថ្មីឲ្យពលរដ្ឋ ថែទាំសុខភាព និងប្រយ័ត្នអគ្គិភ័យ ខណៈរដូវក្តៅចូល មកដល់ជាបណ្តើរៗ

ភ្នំពេញ៖ លោក ចាន់ យុត្ថា មន្រ្តីនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវសារជាថ្មី ទៅកាន់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ ដែលអាចកើតមាន ឡើងជាយថាហេតុ ពិសេសការថែទាំសុខភាព ដើម្បីចាក់ផុតពីជំងឺផ្សេងៗ ស្របពេលដែល សីតុណ្ហភាព នឹងចាប់ផ្តើមឡើងកម្តៅខ្លាំង នាពាក់កណ្តាលខែមិនា រហូតដល់ខែមេសាខាងមុខ ខណៈខេត្តខ្លះសីតុណ្ហភាពអាច នឹងកើនដល់៤១អង្សាសេ។

លោក ចាន់ យុត្ថា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃពុធ ទី៩ ឆ្នាំ២០១៦នេះថា នៅពាក់កណ្តាលខែមិនា រហូតដល់មេសាខាងមុខនេះ សីតុណ្ហភាព និងបន្តកើនឡើងកម្តៅ ខ្លាំងនៅតំបន់ខ្ពង់រាប ភាគខាងជើង និងតំបន់ទំនាប កណ្តាលភាគពាយ័ព្យ មានដូចជាខេត្តព្រះវិហារ ឧត្តមានជ័យ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តសៀមរាបជាដើម។

លោកបន្តថា « ស្របពេលដែលកម្តៅ មានការកើនឡើងនេះ ខេត្តខ្លះកម្តៅអាច កើនឡើងរហូតដល់ ៤១អង្សាសេ ហើយនៅពេលដែលកម្តៅ កើនឡើងខ្លាំងបែបនេះ គឺទាមទារឲ្យប្រជាពលរដ្ឋ ទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតមាន ឡើងជាយថាហេតុ ពិសេសការថែទាំ សុខភាពដើម្បីចាក់ ផុតពីជំងឺផ្សេងៗ ព្រោះនៅពេលដែលកម្តៅ កើនឡើងខ្លាំងដូចច្នោះ គឺនៅគ្រប់ទីកន្លែងមាន រំហួតខ្លាំងងាយធ្វើឲ្យកើត មានគ្រោះអគ្គិភ័យបាន យ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់ នៅតាមបណ្តាខេត្តត្រូវ បរិភោគទឹកដែលបានដាំពុះ ដើម្បីជៀសវាងនូវជំងឺ»។

ថ្មីៗនេះក្រសួងធនធានទឹក បានជូនដំណឹងថា នៅរដូវប្រាំងនា២០១៦នេះ តំបន់ទំនាបកណ្ដាលមាន សីតុណ្ហភាពអតិបរមា ចាប់ពី ៣៥ដល់៣៧អង្សាសេ តំបន់ទាំងនេះពុំមាន ភ្លៀងកក់ខែនោះទេ។ ចំណែកនៅតំបន់មាត់សមុទ្រវិញ អាចមានភ្លៀងកក់ខែខ្លះៗ ចាប់ពីថ្ងៃទី៤ ដល់ ៧ ខែមីនា ឆ្នាំ២០១៦ចំណែក សីតុណ្ហភាពអតិបរមាមាន ៣៣ដល់៣៥អង្សាសេ។

កាលពីថ្ងៃទី២៣ ធ្នូ រាជរដ្ឋាភិបាល បានចេញសារាចរ ណែនាំមួយស្តីពី ការចាត់វិធានការ ថែរក្សា ទឹកទុក សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃរបស់ប្រជាជន នៅតំបន់មួយចំនួន ដោយសារនៅឆ្នាំ២០១៦ កម្ពុជា នឹងទទួលរងបាតុភូត ធម្មជាតិក្តៅហួតហែង ហើយរដូវវស្សាអាចនឹងមកដល់ យឺតជាងធម្មតា។ ស្ថានភាពបែបនេះ នឹងកើតមានចាប់ពី ខែកុម្ភៈរហូត ដល់ចុងខែមិថុនា ឆ្នាំ២០១៦ ហើយអាចធ្វើឲ្យ កម្ពុជាប្រឈមនឹងកង្វះខាត ទឹកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួន ហើយរហូតដល់ ខែពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៦ ទើបបាតុភូតថ្មី La Nina (ត្រជាក់) មានឥទ្ធិលមកលើប្រទេសកម្ពុជាវិញ ហើយភ្លៀងក៏នឹងចាប់ផ្តើម ធ្លាក់នាពេល នោះផងដែរ៕

មន្រ្តីជាន់ខ្ពស់អំពាវនាវ ជាថ្មីឲ្យពលរដ្ឋ ថែទាំសុខភាព និងប្រយ័ត្នអគ្គិភ័យ ខណៈរដូវក្តៅចូល មកដល់ជាបណ្តើរៗ