ទស្សនៈ និងមតិ ៖ ផ្កាយស៊ីដី រាស្រ្តស៊ីបង្កង

ភ្នំពេញ៖ រឿងពិតមួយ ដែលកំពុងកើតឡើង នៅក្នុងខេត្តព្រះសីហនុ គឺទាក់ទងនឹងបឹងព្រែកទប់ ជាបឹង ធម្មជាតិ ដែលផ្ទុកទឹកសាបសម្រាប់អ្នកក្រុងព្រះសីហនុ ប្រើប្រាស់ខួបប្រាំងខួបវស្សារ។

 បឹងព្រែកទប់នេះ ក៏បានចូលរួមចំណែកការពារបរិស្ថាន និងបម្រើឲ្យវិស័យទេសចរណ៍ផងទៀតនោះ ស្រាប់តែអ្នកមានអំណាចនៅខេត្តនេះ ព្រមទាំងថ្នាក់ឧត្តមសេនីយ៍(ផ្កាយ) ព្រមទាំងសេដ្ឋីខ្លះ បែរជា នាំគ្នាឃុបខិតបំផ្លាញបឹងទាំងនេះ តាមរយៈភូតភរ រាជរដ្ឋាភិបាលថា ដីចំណីព្រែកជាដី រិចរិលទៅវិញ។

បន្ទាប់មកពួកគេក៏ចាប់ផ្ដើមចេញប័ណ្ណកម្មសិទ្ធ រួចដឹកដីយកទៅចាក់លុប ក្នុងផ្ទៃបឹងតែម្ដង (លួចចាក់ដី ពេលយប់)។ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលកាលពីដើមឆ្នាំ ២០១៦នេះ បានប្រកាសលុបចោលនូវ សេចក្ដីសម្រចពីមុនៗហើយសម្រេចដាក់តំបន់បឹងព្រែកទប់ ជាតំបន់អភិរក្សដោយព្រះរាជ្យក្រឹត្យ ។

រាជរដ្ឋាភិបាលក៏បានសម្រេចបង្កើតគណៈកម្មការដឹកនាំដោយលោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះទៅរៀបចំនូវបឹងព្រែកទប់ ឆ្នេរអូរឈើទាល និងតំបន់មួយចំនួនទៀតក្នុងខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ និងអ្នកធ្វើដំណើរកំសាន្តទៅកាន់ខេត្តនេះ បានរិះគន់ដោយមិន សំចៃមាត់ថាហេតុអ្វីបានជាអតីតអ្នកមានអំណាចនៅខេត្តព្រះសីហនុ អ្នកមានទ្រព្យសម្បត្តិ ងារជា ឧកញ៉ាខ្លះ ព្រមទាំងបុគ្គលមានងារជាឧត្តមសេនីយ៍នាំគ្នាទៅចាក់លុបយកផ្ទៃបឹង និងផ្ទៃរងទឹកភ្លៀងធ្វើ ជាកម្មសិទ្ធដោយមិនអៀនខ្មាសទៅវិញ? ពួកគេក៏បានលើកជាពាក្យស្លោកមកនិយាយតៗគ្នាថា " រាស្រ្ត ទៅលេងខេត្តព្រះសីហនុ ប្រាថ្នាចង់មុជទឹកសមុទ្រ ទទួលទានគ្រឿងសមុទ្រ ដូចជាបង្កង បង្គា ក្ដាម មឹក ជាដើម ចុះហេតុអ្វីបានជាអ្នកខាងលើនាំគ្នាស្រវាចាក់ដីលុបបឹងទៅវិញ)?ចុះបើបឹងហ្នឹងរីងទៅ ការខ្វះ ខាតទឹកប្រើប្រាស់មិនមែនត្រឹមតែអ្នកនៅក្រុងព្រះសីហនុទេ តែវាបង្កការលំបាកដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេស ដែលទៅកំសាន្តនៅខេត្តដែលជាប់លេខ១ ខាងឆ្នេរស្អាតលើពិភពលោកថែមទៀតផង។

ដោយសារមានរឿងដើមចមខាងលើនេះ ទើបខ្ញុំដែលបានចុះទៅយកព័ត៌មាននៅខេត្តព្រះសីហនុ កាល ពីខែកុម្ភៈកន្លងទៅនេះ បានបំព្រួញពាក្យមកខ្លីយ៉ាងដូច្នេះថា " រាស្រ្ត ស៊ី បង្កង ផ្កាយ ស៊ី ដី"។

ទស្សនៈ និងមតិ ៖ ផ្កាយស៊ីដី រាស្រ្តស៊ីបង្កង