សម្តេច ហេង សំរិន អំពាវនាវសមាជិកព្រឹទ្ធសភា និងរដ្ឋសភា យកចិត្តទុកដាក់ខ្ពស់ នូវមតិយោបល់ ពាក់ព័ន្ធនឹងសេចក្តី ព្រាងច្បាប់សហជីព

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា បានអំពាវនាវសមាជិក ព្រឹទ្ធសភា និងរដ្ឋសភា ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះរាល់មតិយោ បល់នានា ពាក់ព័ន្ធនឹងសេចក្តី ព្រាងច្បាប់សហជីព ដើម្បីជាប្រយោជន៍ដល់ សង្គមជាតិទាំងមូល។

ថ្លែងក្នុងឱកាសអញ្ជើញ ចូលរួមជាអធិបតី បើកសិក្ខាសាលាថ្នាក់ជាតិ ដើម្បីស្វែងយល់ពី សេចក្តីព្រាងច្បាប់ស្តីពី សហជីព នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នាវិមានរដ្ឋសភា សម្តេច ហេង សំរិនបានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាល ដាក់ឲ្យមានការពិគ្រោះ យោបល់ជាហូរហែរច្រើនលើក ច្រើនសារជា លក្ខណៈទ្វេភាគី ត្រីភាគី ពហុភាគី និងជាសាធារណៈ និងជាមួយអង្គការអន្តរជាតិ ខាងការងារជាដើម។

សម្តេចបានបន្ថែមថា ទោះបីជាយ៉ាងនេះក្តី វត្តមាននៃការចូលរួម របស់អ្នកទាំងអស់គ្នា នាពេលកន្លងមក ជាពិសេសសហជីព និយោជក ព្រមទាំងដៃគូពាក់ព័ន្ធ ផ្សេងៗទៀត នឹងអាចរួមចំណែកធ្វើឲ្យ សេចក្តីព្រាងច្បាប់នេះ មានលក្ខណៈកាន់តែ គ្រប់ជ្រុងជ្រោយ និងបន្ថយជាអប្បបរមានូវ ភាពខ្វះចន្លោះនៃច្បាប់។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ជាពិសេសគណៈកម្មការជំនាញ និងក្រុមការងារចំពោះ កិច្ចរបស់រដ្ឋសភាត្រូវ យកចិត្តទុកដាក់ខ្ពស់ ចំពោះរាល់មតិយោបល់ សំណូមពរ និងអនុសាសន៍នានា ដែលអ្នកចូលរួមទាំង អស់បានលើកឡើង ដើម្បីយកមកពិនិត្យ និងពិចារណា សំដៅធ្វើយ៉ាងណាឲ្យសេចក្តី ព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ បម្រើផលប្រយោជន៍ជូនសហជីព កម្មករ និងនិយោជក និយាយដោយឡែក និងនិយាយរួមជូន សង្គមជាតិទាំងមូល”។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់សហជីព មានចំនួន ១៧ជំពូក និង១០០មាត្រា ហើយសេចក្តីព្រាងច្បាប់នេះ ក៏មានការចូលរួមជជែក ពិភាក្សាដោះស្រាយ ជាច្រើនលើក ពីសំណាក់តំណាង សមាជិកសភា សំឡេងភាគច្រើន និងតំណាងសមាជិកសភា សំឡេងភាគតិចផងដែរ៕

សម្តេច ហេង សំរិន អំពាវនាវសមាជិកព្រឹទ្ធសភា និងរដ្ឋសភា យកចិត្តទុកដាក់ខ្ពស់ នូវមតិយោបល់ ពាក់ព័ន្ធនឹងសេចក្តី ព្រាងច្បាប់សហជីព