កម្ពុជា-អាល្លឺម៉ង់ ចុះ MOU លើកិច្ចសហ ប្រតិបត្តិការចំនួន៣

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការជាមួយគ្នា លើវិស័យចំនួន៣ ដើម្បីកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចំរើនទៅមុខបន្តទៀត។

លោកឧបនាយក រដ្ឋមន្រ្តីប្រចាំការ គាត ឈន់ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខានោះថា គោលបំណងចម្បង នៃកិច្ចព្រមព្រៀង ទាំងនេះ ដើម្បីផ្តល់ការគាំទ្រដល់ ការអនុវត្តគម្រោងក្នុងវិស័យ អាទិភាពនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមាន៖វិស័យសុខាភិបាល វិស័យអភិវឌ្ឍន៍ជនបទ និងអភិបាលកិច្ច ដែលក្នុងនោះ មានវិស័យយេនឌ័រ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលជាវិស័យអាទិភាព នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

លោកបន្តថា កិច្ចព្រមព្រៀងទាំង៣នោះរួមមាន៖ ស្តីពីកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុឆ្នាំ២០១៥-២០១៦ , ស្តីពីកិច្ចសហប្រតិបត្តិការ បច្ចេកទេសឆ្នាំ២០១៥-២០១៦ និងកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ បច្ចេកទេសឆ្នាំ២០១៥ សម្រាប់អនុវត្តគំនិតផ្តួចផ្តើម ស្តីពីពិភពលោកមួយ គ្មានភាពអត់ឃ្លាន។
លោកឧបនាយករដ្ឋមន្រ្តីបន្ថែមថា កិច្ចព្រមព្រៀងទាំង៣នេះ មានហិរញ្ញប្បទានឥតសំណងសរុប ៤១, ៥៤លានអឺរ៉ូ សមមូលនឹង ៤៥,៧០លានដុល្លារអាមេរិក។
លោកឧបនាយករដ្ឋមន្រ្តីថា កិច្ចព្រមព្រៀងហិរញ្ញវត្ថុ២០១៥-២០១៦ គ្រោងផ្តល់ហិរញ្ញប្បទាន ២២,១០លានអឺរ៉ូ សម្រាប់កម្មវិធីហេដ្ឋា រចនាសម្ព័ន្ធផ្លូវជនបទ ដំណាក់កាលទី៥-៦ , មូលនិធិសមធម៌សុខាភិបាល និងការកែលម្អសេវាសុខាភិបាល។

ចំពោះកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ បច្ចេកទេស២០១៥-២០១៦ គ្រោងផ្តល់ហិរញ្ញប្បទាន ១៤,៦៤លានអឺរ៉ូ សម្រាប់អនុវត្តគម្រោង កំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ , គាំពារសុខភាពសង្គម អត្តសញ្ញាណកម្មគ្រួសារក្រីក្រ , អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន , មូលនិធិសម្រាប់ការសិក្សា ស្រាវជ្រាវនិងអ្នកឯកទេស។
រីឯកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ បច្ចេកទេសឆ្នាំ២០១៥ សម្រាប់អនុវត្តគំនិតផ្តួចផ្តើម ពិសេស “ពិភពលោកមួយគ្មានភាពអត់ឃ្លាន” គ្រោងផ្តល់ហិរញ្ញប្បទាន ៤,៨០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោង សន្តិសុខស្បៀង និងអាហារូបត្ថម្ភ៕