អ្នក​ជំនាញ​រោគ​ភ្នែក៖ ឪពុក​ម្ដាយ​មិន​គូរ​ឲ្យ​កូន​តូច​ៗ មើល​សូរ្យគ្រាស​​ផ្ទាល់​​ភ្នែក​នោះ​ទេ

អ្នក​ជំនាញ​​ផ្នែក​​​រោគ​ភ្នែក​ម្នាក់​ពី​​​ប្រទេស​ឥណ្ឌូណេស៊ី​​​​បាន​​បង្ហាញ​ប្រាប់​ឲ្យ​ដឹង​ទៅ​កាន់​ឪពុក​ម្ដាយ​ជា​ច្រើន​រូប​ថា​ ​​​ពុំ​គួរ​​ឲ្យ​​ក្មេង​ៗ​តូច​ៗ​ ទៅ​​​​​មើល​​​បាតុភូត​​សូរ្យគ្រាស​​ផ្ទាល់​នឹង​ភ្នែក​​​​​​នោះ​ទេ។ អ្នក​ជំនាញ​បាន​លើក​​ឡើង​មុន​​ពេល​​​​​​​បាតុភូត​សូរ្យគ្រាស​​​​​​​បាន​កើត​​ឡើង​​នា​ថ្ងៃ​ពុធ​​ព្រឹក​​​នេះ ដែល​​ទាក់​ទាញ​​​ប្រជាជន​ និង​អ្នក​ទេស​ចរ​ជា​ច្រើន​នាក់​ទៅ​ទស្សនា​។

 

អ្នក​ជំនាញ​រោគ​ភ្នែក៖ ឪពុក​ម្ដាយ​មិន​គូរ​ឲ្យ​កូន​តូច​ៗ មើល​សូរ្យគ្រាស​​ផ្ទាល់​​ភ្នែក​នោះ​ទេ
 

តាម​​​សារព័ត៌មាន The Jakarta Postអ្នក​ជំនាញ​​ផ្នែក​ចក្ខុ​ លោក​ M. Bayu Sasongko រួម​ទាំង​​លោក​វេជ្ជបណ្ឌិត​ភ្នែក​​​​ Yap Eye មក​ពី​មន្ទីរ​ពេទ្យ​​ក្រុង​ Yogyakarta បាន​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​​ចន្ទ​កន្លង​ទៅ​ថា៖ “ក្មេង​ៗ​​​​​​​​​ឆាប់​មាន​បញ្ហា​​ភ្នែក​ច្រើន​ជាង​​មនុស្ស​​ពេញ​វ័យ”។​​​ ​នៅ​ពេល​​ពួក​គេ​មើល​សូរ្យ​គ្រាស​ផ្ទាល់​នឹង​ភ្នែក​​​​វា​ធ្វើ​ឲ្យ​​មាន​ជំងឺ​​​ទាក់​ទង​នឹង​ រេទីន​ភ្នែក ដែល​ធ្វើ​ឲ្យ​ភ្នែក​​ចុះ​ខ្សោយ​​ឬ​ពិការ​។ លោក Bayu​​ ​​ក៏​បាន​អំពាវនាវ​​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​​ដែរ​​ចំពោះ​​ពន្លឺ​ព្រះ​អាទិត្យ​​​ដែល​​ជះ​មក​​​​ក្រោយ​បាតុភូត​សូរ្យគ្រាស​​កើត​ឡើង ដោយ​វា​​មាន​​​កាំ​រស្មី​​ UV គ្រោះ​ថ្នាក់។

 

អ្នក​ជំនាញ​​ផ្នែក​ចក្ខុ​ដដែល​​​​​បាន​បន្ថែម​ទៀត​ថា ចំពោះ​​​រោគ​សញ្ញា​​នៃ​ការ​​​​​ខូច​ភ្នែក​បង្ក​ឡើង​ដោយ​ការ​មើល​សូរ្យគ្រាស​​​​ផ្ទាល់​ភ្នែក​វិញ​ គឺ​​មាន​​ចំណុច​ខ្មៅ​​​ធ្វើ​​ឲ្យ​ងងឹត​ភ្នែក និង​ភ្នែក​ស្រវាំង​មើល​មិន​ច្បាស់។ អាការៈ​នោះ​អាច​កើត​មាន​រយៈ​ពេល​​​១​ខែ ឬ​ដល់​រាប់​ឆ្នាំ​​​ក៏​មាន។

 

យោង​ទៅ​តាម​របាយការណ៍​​វិទ្យាសាស្ត្រ​មួយ​នៅ​ប្រទេស​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​១៥​​នាក់​​​នៅ​ក្នុង​​តំបន់ ​​Sussexដែល​បាន​មើល​សូរ្យគ្រាស​​ផ្ទាល់​​នឹង​ភ្នែក​ បាន​​​​​កើត​ជំងឺ​​​ទាក់​ទង​នឹង​ រេទីន​ភ្នែក​របស់​ពួក​គេ។

 

​​​​​​​​ជា​ការ​ណែ​នាំ​មួយ​ពី​​ អ្នក​ជំនាញ​ភ្នែក Bayu​បាន​ឲ្យ​ដឹង​ថា៖ ” តាម​ការ​ណែ​នាំ​ពី​​​សមាគម​សិក្សា​​​ផ្នែក​ចក្ខុរោគសាស្ត្រ​​​​សហរដ្ឋអាមេរិក​ និង​​សមាគម​​​​ពេទ្យ​ភ្នែក​​​អូស្ត្រាលី វិធី​ដែល​មាន​សុវត្ថិភាព​ចំពោះ​ភ្នែក​​ក្នុង​ការ​មើល​​​បាតុភូត​សូរ្យ​គ្រាស​គឺ ការ​មើល​តាម​​ទូរទស្សន៍​ ឬ​ប្រើ​ឧបករណ៍​ជំនួយ​ពិសេស ដែល​អាច​បញ្ចាំង​បាតុភូត​នោះ​ដូច​ជា​ Telescopeជា​ដើម។ ចំពោះ​ការ​មើល​​​​សូរ្យគ្រាស​​ដោយ​ប្រើ​​ វ៉ែនតា​​​ការពារ​ពន្លឺ​ព្រះ​អាទិត្យ​ ឬ​មើល​តាម​ធុង​ទឹក​ គឺ​មិន​អាច​ការពារ​ភ្នែក​ពី​កាំ​រស្មី​ UV បាន​ឡើយ៕

 

ចុចអាន៖ ទិដ្ឋភាព​ផ្អើល​មើល​​​​​​​​​​សូរ្យគ្រាស​​​នៅ​​​បណ្ដា​ប្រទេស​មួយ​ចំនួន​​ព្រឹក​មិញ​​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ thejakartapost​​​​​

​​​​