ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ​នាំ​គ្នា​បង្ហោះសារ​​​ទៅ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជា​ច្រើន​ភូមិ នាំ​គ្នា​បង្ហោះ​សារ​ទាមទារ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ទៅ​កាន់​គណនី​ហ្វេសប៊ុក (Facebook) ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ធ្វើ​ឡើង​ពីរ​ថ្ងៃ​មក​ហើយ។ ការ​ធ្វើ​បែប​នេះ ក្រោយ​ពេល​ពួកគាត់​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​នៅ​មិនទាន់​ដោះស្រាយ​បាន​សម្រាប់​ពួកគេ​នៅ​ឡើយ។ អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា ពួកគេ​កំពុង​រៀបចំ​របាយការណ៍ និង​វាយ​តម្លៃ​ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។

ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន នៅ​ស្រុក​មេមត់ នាំ​គ្នា​ស្នើ​ឱ្យ​ប្រមុខ​ដឹកនាំ ធ្វើ​យ៉ាង​ណា​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់។ សំណើ​នោះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា និង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មីនា តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម ឬ​គណនី​ហ្វេសប៊ុក ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្ដង។

​ប្រជាពលរដ្ឋ​ឃុំ​ចាន់មូល មួយ​រូប លោក ផុន ឆុន ឱ្យ​ដឹង​ថា អ្នក​ភូមិ​នាំ​គ្នា​លើក​ជា​បដា​ដែល​មាន​អត្ថន័យ​ផ្សេងៗ ថត​បង្ហោះ​ផ្ញើ​ទៅ​គណនី​ហ្វេសប៊ុក ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ស្នើ​ឱ្យ​លោក​ជួយ​ពន្លឿន​ការ​ដោះស្រាយ ពិសេស​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ជៀសវាង​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​នៅ​ពេល​ក្រោយ៖ «ធ្វើ​អ៊ីចឹង​ឆាប់ សម្ដេច​គាត់​ចេញ​ប្លង់​ឱ្យ អរ​ណាស់ បើ​នៅ​តែ​អ៊ីចឹង​ទេ ប្រជាពលរដ្ឋ​នៅ​តែ​ព្រួយ​បារម្ភ»

តាម​គម្រោង គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២០​ភូមិ ក្នុង​ឃុំ​ចំនួន​៣ រួម​មាន​ឃុំ​ជាំក្រវៀន ឃុំ​ចាន់មូល និង​ឃុំ​ទន្លូង ដែល​នាំ​គ្នា​ធ្វើ​សកម្មភាព​បែប​នេះ។ ក្នុង​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដាក់​ទៅ​អាជ្ញាធរ​កន្លង​មក គឺ​ចំនួន​ជាង ២០០​គ្រួសារ លើ​ទំហំ​ផ្ទៃដី​ប្រមាណ ៦០០​ហិកតារ ហើយ​អាជ្ញាធរ​ក៏​បាន​ចុះ​កំណត់​អត្តសញ្ញាណកម្ម​ជូន​ពលរដ្ឋ​ទាំង​នោះ​ចំនួន ២​លើក​រួច​មក​ហើយ ប៉ុន្តែ​ក៏​បាត់​ដំណឹង​សូន្យ​ទៅ​វិញ។

អ្នក​ភូមិ​សម្រេច​នាំ​គ្នា​បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​គណនី​ហ្វេសប៊ុក លោក​ផ្ទាល់ ក្រោយ​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​បើក​ទូលាយ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មាន​បញ្ហា ឬ​សំណូមពរ​ផ្សេងៗ អាច​ផ្ញើ​ទៅ​កាន់​លោក​តាម​រយៈ​ហ្វេសប៊ុក ​ផ្ទាល់​ខ្លួន​របស់​នាយករដ្ឋមន្ត្រី កាល​ពី​ពេល​កន្លង​ទៅ។

​ពលរដ្ឋ​មួយ​រូប​ទៀត លោក ថៃ ហ៊ើស និយាយ​ថា ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ គឺ​កើត​ឡើង​ខ្លាំង​កាល​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​មិន​អាច​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​ស្ងប់​ចិត្ត​ក្រោម​ហេតុផល​ថា អ្នក​ភូមិ​ទៅ​កាន់​កាប់​ដី​របស់​ក្រុមហ៊ុន ស្រប​ពេល​ដី​ទាំង​នោះ​ប្រជាពលរដ្ឋ​កាន់កាប់​ជា​ច្រើន​ឆ្នាំ​មិន​មាន​បញ្ហា​ឡើយ៖ «នៅ​តែ​តោងទាម ធ្វើ​នៅ​តែ​ធ្វើ មិន​បោះបង់​ចោល​ទេ ព្រោះ​ខ្ញុំ​រស់​នៅ​តែ​ប៉ុណ្ណឹង​ហើយ»

​ចំណែក​ខាង​តំណាង​ភាគី​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា កន្លង​មក ធ្លាប់​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ទៅ​វិញ​ទេ ដែល​នាំ​គ្នា​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​របស់​ក្រុមហ៊ុន​ដោយ​ខុស​ច្បាប់។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ មីនា ថា ជា​រឿង​ត្រឹមត្រូវ សម្រាប់​ការ​ទាមទារ​ណា​មួយ​ដែល​ស្របតាម​ផ្លូវ​ច្បាប់ ពីព្រោះ​វា​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ លោក​ថា បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​ទាំង​នោះ អាជ្ញាធរ​ខេត្ត​បាន​ខិតខំ​បំពេញ​ការងារ​រហូត​មក ដោយ​មាន​ទាំង​ធ្វើ​អត្តសញ្ញាណ​កម្ម​ជូន​ពួកគាត់​តាម​សំណូមពរ។

លោក​បន្ថែម​ថា អាជ្ញាធរ​កំពុង​រៀបចំ​របាយការណ៍​ត្រៀម​វាយតម្លៃ​លើ​ឯកសារ​ទាំង​នោះ ដើម្បី​ដោះស្រាយ​ជូន​ពួកគាត់ ប៉ុន្តែ​ការងារ​នេះ លោក​ថា ត្រូវ​ការ​ពេល​វេលា​បន្តិច៖ «យើង​ត្រូវ​ចុះ​សិក្សា​ស្វែង​យល់​មួយ​ចំនួន​សិន ថា​តើ​ពួកគាត់​ចុះ​មក​កាន់កាប់​នៅ​ពេល​ណា ដោយ​ការ​ទាមទារ​របស់​ពួកគាត់​យ៉ាង​ម៉េច?»

​ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា កត្តា​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ទាំង​នោះ សម្រេច​បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី គឺ​ដោយសារ​តែ​អាជ្ញាធរ​ខេត្ត​នៅ​តែ​ពន្យារ​ពេល​ដោះស្រាយ​ជូន​អ្នក​ភូមិ ដោយ​ខ្លាច​ប៉ះពាល់​ផលប្រយោជន៍​របស់​ក្រុម​អាជ្ញាធរ​ទាំង​នោះ។ វិធី​បែប​នេះ លោក នាង សុវ៉ាត មាន​សង្ឃឹម​ថា ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នឹង​ត្រូវ​បាន​ដោះស្រាយ ប្រសិនបើ​ប្រមុខ​ដឹកនាំ​បាន​ឃើញ​ពាក្យ​បណ្ដឹង​ផ្ទាល់មាត់​ស្ដីពី​ទុក្ខសោក​របស់​ប្រជាជន៖ «ព្រោះ​ឥឡូវ​នេះ វា​ដល់​ដំណាក់កាល​មួយ​ដែល​គណបក្ស​នយោបាយ​ទាំង​អស់​គេ​ចុះ​ដល់​មូលដ្ឋាន»

​ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ទាំង​នោះ​បញ្ជាក់​ថា ពួកគេ​នឹង​បន្ត​ធ្វើ​សកម្មភាព​បែប​នេះ​នៅ​មុខ​សាលាស្រុក ឬ​សាលា​ខេត្ត ប្រសិន​ដំណោះស្រាយ​របស់​ពួកគាត់​ក្នុង​ការ​ទាមទារ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​នៅ​តែ​គ្មាន​ដំណឹង​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។