លោក ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃ​ទី​១២ មីនា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ ទី​១៣ ខែ​មីនា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ លោក ថងស៊ីង ថាំម៉ាវង្ស (Thongsing Thammavong)។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​បន្ត​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នោះ លោក ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ប្រធានបទ​នៃ​កិច្ចពិភាក្សា​ឡើយ។

ប្រតិភូ​អម​ដំណើរ​លោក ហ៊ុន សែន រួម​មាន​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់។

​កាល​ពី​ចុង​ខែ​កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន (ASEAN) នៅ​ទី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។