ល្បែង​កន្ទុយលេខ​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​ក្រុង​ស្ទឹងត្រែង សមត្ថកិច្ច​មិន​បង្ក្រាប​មេខ្លោង​ធំៗ​

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​ស្នងការ​នគរបាល​ខេត្ត​នេះ ចាត់វិធានការ​លុបបំបាត់​ល្បែង​កន្ទុយលេខ​ក្នុង​ក្រុង​ស្ទឹងត្រែង​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ល្បែង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​សង្ស័យថា អធិការនគរបាល​ក្រុង​ស្ទឹងត្រែង ក៏ដូចជា​អភិបាលក្រុង​ស្ទឹងត្រែង ទទួលផល​ប្រយោជន៍​ពី​មេ​កន្ទុយលេខ​ធំៗ​ដូចជា ឈ្មោះ ងី កំប៉ោង និង​ឈ្មោះ តា​មាំ​ង បើក​លេង​តាម​អំពើ​ចិត្ត​ប្រមូល​លុយ​ក្នុង​មួយថ្ងៃៗ​បាន​រាប់រយ​លាន​រៀល​និង​រាប់ម៉ឺន​ដុល្លារ​។

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មាន​មេ​ឆ្នោត​ធំៗ​២​នាក់​ឈ្មោះ ងី កំប៉ោង និង​ឈ្មោះ តា​មាំ​ង បាន​បើក​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន ឆ្នោត​សៀម និង​ឆ្នោត​ឡាវ​)​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ពលរដ្ឋ​មួយចំនួន​បាន​ឲ្យ​ដឹងថា មេ​ឆ្នោត​ឈ្មោះ កាន់ វិ​មាំ​ង​សា ហៅ​តា​មាំ​ង និង​ប្រពន្ធ​ឈ្មោះ លក្ខិណា ហៅ​ចែ​មុំ រស់នៅ​ផ្សារ​ស្ទឹងត្រែង បាន​បើក​កត់​កន្ទុយ​លេខឆ្នោត​យួន ឆ្នោត​សៀម និង​ឆ្នោត​ឡាវ ដោយមាន​កូនកញ្ច្រែង​ពេញ​ផ្សារ​ស្ទឹងត្រែង​តែម្តង​។ ចំណែក​មេ​ឆ្នោត​ឈ្មោះ ងី ហៅ ងី កំប៉ោង បាន​ពង្រាយ​កូនកញ្ច្រែង​កត់​កន្ទុយលេខ​តាម​ផ្ទះ​នៅក្នុង​ក្រុង​ស្ទឹងត្រែង​ជា​ចំហ នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ដោយសារតែ​មេ​ឆ្នោត​ឈ្មោះ តា​មាំ​ង និង ងី កំប៉ោង អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែបនេះហើយ ទើប​បច្ចុប្បន្ន​អំពើចោរកម្ម លួច​ឆក់​ប្លន់ និង​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ក្រុង​ស្ទឹងត្រែង​ទាំងមូល​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​មន្ត្រី​អាជ្ញាធរ​តូចតាច​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ល្បែង​កន្ទុយលេខ​នៅក្នុង​ក្រុង​ស្ទឹងត្រែង ដែលមាន​មេ​ធំៗ​២​នាក់​ឈ្មោះ តា​មាំ​ង និង​ឈ្មោះ ងី កំប៉ោង បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​ចាញ់​អស់​ផ្ទះសម្បែង ទ្រព្យសម្បត្តិ ហើយ​អ្នកខ្លះ​លក់​អស់​គោក្របី​ទៀតផង​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក មុំ សារឿន ជា​អភិបាលខេត្ត និង​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ចាត់វិធានការ​ទប់ស្កាត់​ល្បែង​កន្ទុយលេខ​ក្នុង​ក្រុង​ស្ទឹងត្រែង​ជាបន្ទាន់ ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ជាងនេះទៅទៀត​អភិបាលខេត្ត​ស្ទឹងត្រែង និង​ស្នងការ​នគរបាល​ខេត្ត គួរ​ចាត់វិធានការ​លើ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ដែល​ឃុបឃិត​ឲ្យ​ឈ្មោះ ងី កំប៉ោង និង​ឈ្មោះ តា​មាំ​ង បើក​ល្បែង​កន្ទុយលេខ​ខុសច្បាប់​ដើម្បី​ជាការ​ព្រមាន​ផងដែរ​៕

99c52c3a-80dc-439e-a248-575cef1766e6លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង​