បេសកជន​វិទ្យាសាស្ត្រ​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​ថ្ងៃ​ស្អែក

បេសកជន​វិទ្យាសាស្ត្រ​អាមេរិក បណ្ឌិត ជើរ៉ាល់ឌីន រិចមន្ត (Geraldine Richmond) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ថៃ និង​ឡាវ ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១៩ ខែ​មីនា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ចុះ​ថ្ងៃ​ទី​៧ ខែ​មីនា តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​បណ្ឌិត ជើរ៉ាល់ឌីន រិចមន្ត មក​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ពេល​នេះ គឺ​ជា​ការ​គាំទ្រ​ចំពោះ​ការ​ផ្ដួចផ្ដើម​គំនិត​របស់​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​វិស័យ​អប់រំ និង​វិទ្យាសាស្ត្រ​ជាមួយ​ប្រទេស​ក្នុង​តំបន់​នេះ។

បន្ទាប់​ពី​ទស្សនកិច្ច​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ទី​៨ ខែ​មីនា  អ្នកស្រី ជើរ៉ាល់ឌីន រិចមន្ត នឹង​បន្ត​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ហើយ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា អ្នកស្រី​នឹង​ចូលរួម​ក្នុង​ពិធី​ស្វែង​យល់​ពី​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្ពុជា ដែល​អ្នកស្រី​នឹង​ថ្លែង​អំពី​មូល​ហេតុ​ដែល​អ្នកស្រី​ចង់​ក្លាយ​ជា​អ្នក​វិទ្យាសាស្ត្រ​ទៅ​កាន់​អ្នក​ចូល​រួម។ បន្ទាប់​ពី​កម្ពុជា អ្នកស្រី​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩ ខែ​មីនា។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​របស់​អ្នកស្រី ជើរ៉ាល់ឌីន រិចមន្ត ក្នុង​នាម​អ្នកស្រី​ជា​បេសកជន​វិទ្យាសាស្ត្រ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។