កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ​ជា ៣៦០​លាន​ដុល្លារ សម្រាប់​សកម្មភាព​សម្អាត​មីន រយៈពេល​១០​ឆ្នាំ​

ភ្នំពេញ: លោក ប្រាក់ សុខុន អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​៩​ខែ​មិនា​ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​អង្គសន្និបាត ត្រួតពិនិត្យ លទ្ធផល​ការងារ​ឆ្នាំ​២០១៥​និង​ទិសដៅ​ឆ្នាំ​២០១៦ ស្ដីអំពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​កាត់ បន្ថយ​គ្រោះថ្នាក់​ដោយសារ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​លោក ប្រាក់ សុខុន​បាន​អះអាងថា​មាន​ផ្ទៃដី​សរុប​ចំនួន ១.៦៤០​គីឡូម៉ែត្រ​ក្រឡា​ទៀត ដែល​ចាំបាច់​ត្រូវ​បោសសម្អាត សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ត្រូវការ​ថវិកា ប្រមាណ​ជាង​៣៦០​លាន​ដុល្លារ​ទៀត សម្រាប់​រយៈពេល​១០​ឆ្នាំ​ខាងមុខ​។​    ​

​ជាមួយគ្នា​នោះ​លោក ប្រាក់ សុខុន បាន​មានប្រសាសន៍ថា គិត​ចាប់ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០១៥ យើង​សម្រេចបាន​លទ្ធផល​ដោយបាន បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​នៃ​សង្គ្រាម រំដោះ​ដីជូ​ន​ប្រជាពលរដ្ឋ​សម្រាប់​កសាង​លំនៅដ្ឋាន ដាំ​ដំណាំ​កសិកម្ម និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា បាន​ចំនួន ជាង​១.៤០០​គីឡូម៉ែត្រ​ក្រឡា រកឃើញ​និង​កម្ទេចចោល​មីន​ប្រឆាំង​មនុស្ស ១.០២៣.២៩៨​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​២៣.៨៩៤​គ្រាប់​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​២.៦១៤.១៩១​គ្រាប់ ដែល​ធ្វើ​ឲ្យ​អ្នករងគ្រោះ ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ពី​ចំនួន​ជាង ៤.០០០​នាក់ ក្នុង​ឆ្នាំ​១៩៩៦​មក​នៅត្រឹម​១១១​នាក់​នៅក្នុង​ឆ្នាំ​២០១៥​កន្លងទៅ​។​

​លោក​បន្តថា ទោះជា​យ៉ាងណាក៏ដោយ​លទ្ធផល​នៃ​ការអង្កេត​ថ្នាក់ជាតិ​បានបង្ហាញ​ថា​មាន​ផ្ទៃដី​សរុប​ចំនួន​១.៦៤០​គីឡូម៉ែត្រ​ក្រឡា​ទៀត​ដែល​យើង​ចាំបាច់​ត្រូវ​បោសសម្អាត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​.​សង្គម​និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ហើយ​ក្នុងនោះ​ផ្ទៃដី​ដែលមាន​គ្រាប់មីន​មាន​ចំនួន​៩៣៣​គីឡូម៉ែត្រ​និង​ផ្ទៃដី​ដែលមាន​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន​៧០៧​គីឡូម៉ែត្រ​ក្រឡា​ជាមួយនឹង​តម្រូវការ​ថិ​វិកា​សុរ​បប្រមាណ​ជាង​៣៦០​លាន​ដុល្លារ​ទៀត​សម្រាប់​រយៈពេល​១០​ឆ្នាំ​ខាងមុខ​៕​