ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​៣​នាក់ ក្នុង​ចំណោម​៤​នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ពួក​គេ​នាំ​គ្នា​លេង​ទឹក​ប្រឡាយ ដែល​ស្ថិត​នៅ​ខាងជើង ក្នុងភូមិ​ប្រមាណ​ជា​៥០០​ម៉ែត្រ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ម៉ោង​១០ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ មីនា ស្ថិត​នៅ​ចំណុច​ប្រឡាយ​ទឹក​១​កន្លែង ក្នុងភូមិ​ស្មោង​ខាងជើង ឃុំ​ស្មោង ស្រុក​កំចាយមា ខេត្តព្រៃវែង ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កុមារ​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់ ១-​ឈ្មោះ​អោម ថា​រ៉ូ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ទី​២-​ឈ្មោះ​សុខ វៀន ភេទ​​ប្រុស អាយុ​៨​ឆ្នាំ និង​ទី​៣-​ឈ្មោះ​ទោង តូ ភេទ​ប្រុស អាយុ​៧​ឆ្នាំ ទាំង​៣​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​អ្នកស្រុក​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​កុមារ​រង​គ្រោះ​ទាំង​៣​នាក់ ព្រមទាំង​កុមា​រា​ម្នាក់​ទៀត​ឈ្មោះ​អោម នេ​ត អាយុ​៨​ឆ្នាំ បាន​នាំ​គ្នា​ទៅ​លេង​នៅ​មាត់​ប្រឡាយ ត្រង់​ចំណុច​កើតហេតុ​ខាងលើ គឺ​លេង​បាយឡុកបាយឡ និង​ប៉ាវ​ស៊ី​ង​ស៊ុ​ង​តាម​របៀប​ក្មេង​ៗ ហើយ​អ្នកស្រុក​ដែល​បានឃើញ​នោះ ក៏​មិន​បាន​ចាប់អារម្មណ៍​អ្វី​ដែរ និង​នាំ​គ្នា​ទៅ​ធ្វើការ​រៀង​ៗ​ខ្លួន​ទៅ​។

លុះ​មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​ឃើញ​កុមា​រា​​ឈ្មោះ​អោម នេ​ត រត់​ត្រហេបត្រហប​មក​ប្រាប់​ថា កុមារ​រង​គ្រោះ​៣​នាក់​ខាងលើ​លង់ទឹក​ហើយ​ឱ្យទៅ​ជួយ​ផង ទើប​អ្នកស្រុក​ផ្អើល​ឆោឡោ​នាំ​គ្នារ​ត់ទៅ​កាន់​កន្លែង​កើតហេតុ ប៉ុន្តែ​ពេល​ទៅ​ដល់​មិនឃើញ​កុមារ​ទាំង​៣​នាក់​នោះ​ទេ ទើប​សន្និដ្ឋាន​ថា ច្បាស់​ជា​លិច​ក្នុង​ទឹក​បាត់​ទៅ​ហើយ ហើយ​អ្នកស្រុក​នាំ​គ្នា​ចុះ​រាវរក មួយ​សន្ទុះ ក៏​រក​ឃើញ​កុមារ​រង​គ្រោះ​ទាំង​៣​នាក់ ប៉ុន្តែ​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង ។