ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​តាម​រយៈ​​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​យើង​ ជាមួយ​និង​បណ្តាប្រតិបត្តិ​ការ​បោសសំអាត​មីន​​នា​ពេល​កន្លង​មក​ គិត​ចាប់​ពី​ឆ្នាំ​១៩៩២​ ដល់​ឆ្នាំ​២០១៥ យើង​សម្រេច​​បាន​លទ្ធផល​គួរ​ជាទី​មោ​ទនៈ ​ដោយ​បាន​បោសសំអាត​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​​ពី​សង្គ្រាម​ និង​រំដោះ​ដី​ជូន​ប្រជាពលរដ្ឋ​ សម្រាប់​កសាង​លំនៅ​ឋាន​, ដាំ​ដំណាំ​កសិកម្ម ​និង​កសាង​ហេដ្ឋា​​រចនាសម្ព័ន្ធ​​សា​ធារ​ណៈ​នា​នា បាន​​ចំនួន​ជាង​១.៤០០​គីឡូ​ម៉ែត្រ​​​ក្រឡា​,​ រក​ឃើញ​ និងកម្ទេច​​ចោល​មីន​​ប្រឆាំង​មនុស្ស​ចំនួន​១.០២៣.២៩៨​គ្រាប់, មីន​ប្រឆាំង​រថក្រោះ​ចំនួន​២៣.៨៩៤​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រា​ម​ចំនួន​២.៦១៤.១៩១​គ្រាប់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​រង​គ្រោះ ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ពី​ចំនួន​ជាង​៤.០០០​នាក់ ​ក្នុង​ឆ្នាំ​១៩៩៦​ មក​ត្រឹម​១១១​នាក់​ នៅ​ក្នុង​ឆ្នាំ​២០១៥​ កន្លង​មក​។​

នេះ​ជា​ប្រសាសន៍​របស់​លោក​នាយ​ឧត្តមសេនីយ៍ ​ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ អនុប្រធាន​ទី​១ អាជ្ញា​ធរ​មីន​​កម្ពុជា​ថ្លែង​​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​​ការងារ​ឆ្នាំ​២០១៥​ ទិស​ដៅ​ឆ្នាំ​២០១៦ ​របស់​គ​ណៈ​បញ្ជាការ​ដឹកនាំ​អនុវត្ត​ផែន​​ការ​​យុទ្ធសាស្ត្រ​កាត់​បន្ថយ​គ្រោះថ្នាក់​ ដោយ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់​កង​កម្លាំង​នគរបាល​នៃ​ក្រសួងមហាផ្ទៃ​ (​គ​.​អ​.​ម​.​ផ​)​ដែល​​រៀបចំ​នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ មីនា​ ​ឆ្នាំ​២០១៦ ​។