សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី៦)

....កោះទាំងឡាយ ដែលគេស្រក់ទឹកមាត់ ចង់បាន៖ វាជាបែបផែនធម្មជាតិ មូយទៅហើយ ហើយថែមទាំងចៀស មិនរួចផងថា នៅក្រោយពេលមានការ វាយប្រយុទ្ធ ដ៏ជោគជ័យមួយ ប្រឆាំងនឹងការកាន់កាប់ របស់បរទេស អ្នកឈ្នះតែងតែសម្ដែងឲ្យឃើញ នូវការត្រួតត្រាលើទឹកដីទាំងឡាយ ដែលគេទាមទារទុក ដូចជាចំណែកមួយ រួមបញ្ចូលទៅក្នុងបេតិក ភ័ណ្ឌជាតិរបស់គេ។ ប៉ុន្តែក្នុងករណីប្រទេសកម្ពុជា និងវៀតណាម វាជាវិបាកនៃការលិចឡើង ថ្មីនូវការប្រកួតប្រជែង និងអធិករណ៍តាំងពីយូរមក ហើយ ដែលលាក់ខ្លួនពីក្រោយពាក្យ “សាមគ្គីភាពបដិវត្តន៍” ដែលគ្រាន់តែមានលក្ខណៈបញ្ឆោតប៉ុន្ណោះ។

កាលបើក្ដីសង្ឃឹម នៃជ័យជំនះរបស់វៀតណាមខាងជើង នៅភាគខាងត្បូង ចាប់លេចរូបរាងច្បាស់ហើយ ការផ្ដើមគំនិតមួយក្នុងចំណោម ការផ្ដើមគំនិតជាច្រើន របស់ក្រុងហាណូយ គឺ “រំដោះ” ប្រជុំកោះស្ត្រាតលី ក្នុងសមុទ្រចិនខាងត្បូង ពីការគ្រប់គ្រងរបស់របបធីវ (ប្រធានាធិបតី សាធារណរដ្ឋវៀតណាមខាងត្បូង) និងប្រកាសទាមទារ កោះប៉ារ៉ាសែល ដែលកាន់កាប់ដោយចិន ជាសាធារណៈទៀត។ តែក្នុងរវាងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយការដណ្ដើមកាន់កាប់ ទីក្រុងភ្នំភេញ ខ្មែរក្រហមបានដាក់ពង្រាយទ័ពភ្លាម ដើម្បីការពារព្រំដែនគោក និងសមុទ្រ។ កងទ័ពជាច្រើន បានត្រូវបញ្ជូនកាន់ឈូងសមុទ្រថៃ ដើម្បីកាន់កាប់ជាកម្មសិទ្ធនូវកោះនានា ដែលរបបចាស់ធ្លាប់បានគ្រប់គ្រង ឬទាមទារជារបស់ខ្លួន។ គោលដៅជាច្រើន ក្នុងការធ្វើប្រតិបត្តិការទាំងនោះពុំមែន ត្រឹមតែទាមទារទឹកដីប៉ុណ្ណោះទេ។

បំណងរបស់ខ្មែរក្រហម ដែលរៀចំរដ្ឋអំណាចរបស់ខ្លួន ឲ្យមានស្ថិរភាពលើទឹកដីទាំងមូលនោះ គឺការលើកជ្រោងទង់ឯករាជ្យភាពឡើងវិញ ប្រឈមមុខទល់នឹងអ្នកឧបត្ថម្ភគាំពារខ្លួន ក្នុងសម័យសង្គ្រាម។ តាមទស្សនៈនយោបាយមួយ ពេលវេលាបានមកដល់ហើយ សម្រាប់អ្នកបដិវត្តន៍វៀតណាម និងកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាដើររៀងៗខ្លួន ទោះជាពួកគេនៅខ្វែងគំនិតគ្នាខ្លះក៏ដោយ មិនឱបក្រសោបការវិនិច្ឆ័យផ្សេងៗ ដែលនាំឲ្យរំខានដល់ការឯកភាព និងសហប្រតិបត្តិការរបស់ខ្លួន ដែលធ្លាប់មានក្នុងរយៈពេលធ្វើសង្គ្រាមឡើយ។ តាំងពីជម្លោះផ្សេងៗ រលត់ទៅវៀតណាមលែងរួញរា នឹងពោលអះអាងពីការទាមទារ ទឹកដីរបស់ខ្លួនចំពោះមុខប្រទេសចិនទៀតហើយ កម្ពុជាក៏ធ្វើដូចនេះចំពោះប្រទេសវៀតណាមដែរ។

មួយផ្នែកបដិបក្ខភាព ជាប្រវត្តិសាស្ត្រដ៏ចាស់គំរឹល រវាងប្រទេសចិន និងវៀតណាម ហើយមួយផ្នែកទៀតរវាងប្រទេសវៀតណាម និងកម្ពុជា ធ្លាប់ត្រូវបង្ខំឲ្យនៅស្ងៀមស្ងាត់ ដោយការធ្វើអាណានិគមរបស់បារាំង និងអន្តរាគមន៍របស់អាមេរិកកាំងនៅក្នុងតំបន់នេះ។ អំណឹះតទៅ រឿងនេះអាចចូលមកបំពេញចន្លោះ នៅខាងមុខឆាកដែលពីដំបូង ធ្វើឡើងដោយភាពស្ងាត់ៗ បន្ទាប់មកប្រកបដោយភាពខ្លាំងក្លាមួយកាន់តែរីកធំឡើងៗ។ ថ្វីបើកំពុងអះអាងពីការទាមទារទឹកដីតែរៀងៗខ្លួន ជាចំហក៏ដោយ ក៏ដំណាក់ កាលនេះ គ្មានរបបបដិវត្តន៍ណាមួយក្នុងចំណោម របបបដិវត្តន៍ទាំងពីរបណ្ដោយខ្លួនឲ្យធ្លាក់ក្នុងជម្លោះមួយ ដែលមានទំហំធំដែរ។ ភាពចាំបាច់ដែលពួកគេយល់ឃើញដូចគ្នា ក្នុងការរៀបចំរដ្ឋអំណាចរបស់ខ្លួន ក្នុងបរទេស និងការដោះស្រាយបញ្ហាយ៉ាងច្រើនឥតគណនា បន្ទាប់ពីសម័យសង្គ្រាម បានបង្ខំឲ្យមានការខិតចូលជិតគ្នាមួយ យ៉ាងប្រយ័ត្នប្រយែង។

ម្យាងទៀតមេដឹកនាំចិន យ៉ាងសំខាន់ពីររូប ម៉ៅ សេនទុង និង ជូ អេនឡាយ បានស្លាប់បាត់បង់ទៅហើយ។ បន្ទាប់ភ្លាមនោះប្រទេសចិន ដែលជាតួឯកសំខាន់មួយ ក្នុងចំណោមតួឯកសំខាន់ៗ នៃជម្លោះថ្មីនេះ ពុំយល់ព្រមឲ្យមានការយកចិត្តទុកដាក់ទាំងអស់ចំពោះបញ្ហាផ្សេងៗ ដែលកើតមាននៅតាមព្រំដែន ភាគខាងត្បូងរបស់ខ្លួនឡើយ។ ដូច្នេះ ដោយសារតែការជាប់រវល់ ដោះស្រាយរឿងផ្ទៃក្នុង របស់តួឯកទាំងនោះ ជម្លោះនេះបានកំណត់នូវការផ្អាកមួយរយៈពេល។ ប៉ុន្តែការបារម្ភភ័យខ្លា ចដែលដក់ជាប់យ៉ាងជ្រៅ ក្នុងផ្នត់គំនិតដែលពួកគេមានទៅវិញទៅមក មហិច្ឆតា និងភាពសមហេតុផល នៃនយោបាយក្នុងនិងក្រៅប្រទេស ដែលខ្វែងគ្នាយ៉ាងខ្លាំងនោះ បានបង្ខំឲ្យប្រទេសកម្ពុជា និងចិន ធ្លាក់ក្នុងការប្រឈមមុខដាក់គ្នាមួយ ជាមួយប្រទេសវៀតណាម យ៉ាងឆាប់រហ័ស។ ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ប្រាំថ្ងៃមុនការដើរចូលក្រុងភ្នំពេញ ប្រកបដោយជោគជ័យរបស់ខ្មែរក្រហម មេដឹកនាំម្នាក់ ក្នុងបណ្ដាមេដឹកនាំ នៃចលនាតស៊ូគឺ អៀង សារី កំពុងស្ថិតនៅខេត្តក្វាងទ្រី (Quang Tri) វៀតណាមខាងត្បូងឯណោះ។

សារី មានដើមកំណើត ពីគ្រួសារខ្មែរក្រោមមួយ ហៅម្យ៉ាងទៀតថា ជនជាតិភាគតិចខ្មែរ នៅដែនដីសណ្ដទន្លេមេគង្គនៃប្រទេសវៀតណាម។ គាត់បានក្លាយជាជនម៉ាក្សស៊ីសនិយមម្នាក់ ក្នុងរយៈពេលដែលគាត់ សិក្សានៅទីក្រុងប៉ារីស នាទសវត្សរ៍៥០ ហើយរួមជាមួយ នឹងនិស្សិតដទៃទៀត ដែលមានទាំង ប៉ុល ពត ផងនោះគាត់បានបង្កើតក្រុមតស៊ូផ្នែកនយោបាយនិតមកុម្មុយនីស្តមួយនៅទីនោះ។ ក្រោយមកគាត់ បានក្លាយទៅជាមនុស្សទីពីរ របបខ្មែរក្រហម ថែមទៀតគឺ “បងទី២” ដ៏គួឲ្យព្រឺខ្លាច។

ក្នុងបទសម្ភាសន៍មួយនៅឆ្នាំ១៩៨០ សារី បានរៀបរាប់ប្រាប់ខ្ញុំ (អ្នកនិពន្ធ) ថាគាត់បានធ្វើដំណើ ឆ្លងកាត់តំបន់ដែលទើប និងរំដោះបានថ្មីៗនៅវៀតណាមខាងត្បូង ដើម្បីទៅកាន់ទីក្រុងប៉េកាំង តាមតំបន់រំដោះរបស់កម្ពុជា នៅពេលគាត់បានទទួលទូរលេខមួយ របស់ក្រុងហាណូយ ដែលប្រាប់ឲ្យគាត់ដឹង ពីការដកថយរបស់អាមេរិកកាំង។ សម្រាប់ សារី ផ្លូវនៅសល់ដែលគាត់ត្រូវធ្វើដំណើរ គឺផ្លូវលំហូជីមិញដ៏សែនពិបាក ស្មុគស្មាញជាពិសេស ក្នុងការឆ្លងកាត់ព្រែកនានា ដែលមានទឹកហូរខ្មួលខ្មាញ់ ក្នុងខេត្តរតនគិរី របស់កម្ពុជានោះ គឺគ្រាន់តែដើម្បីស្គាល់ប៉ុណ្ណោះ។ ក្នុងអំឡុងពេលសង្គ្រាម គាត់ធ្លាប់បានរស់នៅប្រទេសវៀតណាម ជាច្រើនឆ្នាំដោយពុះពារតស៊ូនឹងគ្រោះថ្នាក់ ជាច្រើនលើកក្នុងការដើរឆ្លងកាត់ទៅមករវាងប្រទេសទាំងពីរ។

ប៉ុន្តែដំណឹងស្ដីពីការដួលរលំនៃទីក្រុងភ្នំពេញច្បាស់ជាកើតមានក្នុងពេលឆាប់ៗបានផ្លាស់ប្ដូរអ្វីៗទាំងអស់។ តែក្នុងរយៈពេលដ៏ខ្លីផ្លូវលំហូជីមិញដែលជាផ្លូវទាក់ទងដ៏សំខាន់ ទីបំផុត ជាមួយបដិវត្តន៍កម្ពុជា បានប្រែជាលែងមានប្រយោជន៍ទាំស្រុង។ ជំនួសការបន្តដំណើឆ្លងកាត់ជួរភ្នំ អាណ្ណាម តាមរថយន្តហ្ស៊ីប ដែលធ្វើឲ្យនឿលំបាក ស្ទើរបាក់ចង្កេះនោះ សារី បានប្រែគំនិតធ្វើដំណើរតាមយន្តហោះ...(នៅមានត)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី៦)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី៦)