អ្នក​និពន្ធ​វ័យ​ក្មេង​អំពាវនាវ​រក​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បោះពុម្ព​សៀវភៅ​អំពី​សត្វ​ព្រៃ​នៅ​កម្ពុជា

អ្នក​និពន្ធ​សៀវភៅ​វ័យ​ក្មេង​ជា​សិស្សានុសិស្ស​នៃ​សាលា​ឡាយ​ហ្គ័រ (Liger) ធ្វើ​យុទ្ធនាការ​មួយ​ឈ្មោះ ក្រោដ​ហ្វាន់ឌីង (Crowdfunding) ដើម្បី​រៃអង្គាស​ថវិកា​យក​ទៅ​បោះពុម្ព​សៀវភៅ​ទាក់ទង​នឹង​សត្វ​ព្រៃ​នៅ​កម្ពុជា។ អ្នក​និពន្ធ​វ័យ​ក្មេង​អះអាង​ថា សៀវភៅ​នេះ​នឹង​ត្រូវ​យក​ទៅ​ចែក​ជូន​គ្រឹះស្ថាន​សិក្សា​សាធារណៈ​របស់​រដ្ឋ ក្រោយ​ពេល​ប្រមូល​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​បោះពុម្ព។

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា "សត្វ​ព្រៃ​នៃ​ប្រទេស​កម្ពុជា" ត្រូវ​បាន​ក្រុម​សិស្សានុសិស្ស​នៃ​សាលា​អន្តរជាតិ​មួយ​ឈ្មោះ សាលា​ឡាយ​ហ្គ័រ (Liger) និពន្ធ​ចប់​សព្វ​គ្រប់​ហើយ ព្រម​ទាំង​មាន​គម្រោង​បោះពុម្ព​ផ្សាយ​ជា​សាធារណៈ និង​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​ទៅ​ដល់​សាលា​រដ្ឋ​នានា។

តំណាង​ក្រុម​សិស្សានុសិស្ស​ជា​អ្នក​និពន្ធ​សៀវភៅ "សត្វ​ព្រៃ​នៃ​ប្រទេស​កម្ពុជា" កុមារា ឡុង ម៉េងថុង អាយុ ១៤​ឆ្នាំ បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មីនា ថា គោល​បំណង​នៃ​ការ​តាក់តែង​សៀវភៅ​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ខ្មែរ និង​សិស្សានុសិស្ស​ផ្សេង​ទៀត​អំពី​សារសំខាន់​នៃ​សត្វ​ព្រៃ និង​អំពី​ប្រភេទ​សត្វ​ព្រៃ​កម្រ និង​ជិត​ផុត​ពូជ​នៅ​កម្ពុជា។

កុមារា ឡុង ម៉េងថុង បន្ត​ថា ដោយសារ​តែ​សៀវភៅ​នេះ​នឹង​ត្រូវ​យក​ទៅ​ចែក​ជូន​សាលា​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ វា​នឹង​ចំណាយ​អស់​ទឹក​ប្រាក់​ប្រហែល ១​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​បោះពុម្ព។ មក​ទល់​នឹង​ពេល​នេះ ក្រុម​សិស្សានុសិស្ស​នៃ​សាលា​ឡាយ​ហ្គ័រ (Liger) រៃអង្គាស​បាន​ថវិកា​ជិត ៧​ពាន់​ដុល្លារ​ហើយ ដោយ​នៅ​ខ្វះ​ជាង ៣​ពាន់​ដុល្លារ​ទៀត៖ «ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​រៃអង្គាស។ អ៊ីចឹង គឺ​ពួក​យើង​ចង់​បាន​ធ្វើ​ម៉េច​គ្រប់ ១​ម៉ឺន​ដុល្លារ។ បើ​ពូ​មីង ឬ​ក៏​បង​ប្អូន​ណា​ចង់​រៃអង្គាស អាច​ធ្វើ​បាន​តាម​គេហទំព័រ https://startsomegood.com/cambodianwildlifebook ឬ​ក៏​តាម​អ៊ីមែល [email protected]»

កុមារា ឡុង ម៉េងថុង សង្ឃឹម​ថា សៀវភៅ​របស់​ក្រុម​សិស្សានុសិស្ស​នេះ នឹង​ក្លាយ​ជា​ទុន​មួយ​ដ៏​សំខាន់​ក្នុង​ការ​អប់រំ​មនុស្ស ឲ្យ​កែប្រែ​ឥរិយាបថ​ពី​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ និង​សត្វ​ព្រៃ មក​ជា​ស្រឡាញ់ និង​ការពារ​សម្បត្តិ​ធម្មជាតិ​ទាំងអស់​នេះ​វិញ៖ «ទេសចរ​អាច​មក​មើល​បាន ហើយ​អាច​ឲ្យ​អ្នក​ជំនាន់​ក្រោយ​គាត់​អាច​ដឹង​បាន។ ដូច្នេះ យើង​មិន​គួរ​កាប់​ព្រៃ​ឈើ ឬ​សម្លាប់​សត្វ​ព្រៃ​នោះ​ទេ»

ទាក់ទង​នឹង​រឿង​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន បញ្ជាក់​ថា ក្រសួង​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ដំណើរ​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​របស់​សិស្សានុសិស្ស​វ័យ​ក្មេង នៃ​សាលា​ឡាយ​ហ្គ័រ ទេ ពីព្រោះ​ក្រសួង​ត្រូវ​ផ្ដោត​អាទិភាព​ទៅ​លើ​ការ​បោះពុម្ព​សៀវភៅ​គោល​សិក្សា​របស់​រដ្ឋ។ ទោះ​បី​ជា​បែប​នេះ​ក្តី លោក ហង់ ជួនណារ៉ុន សម្ដែង​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម​សិស្សានុសិស្ស​ទាំងអស់ ដែល​ខំ​ប្រឹង​តាក់តែង​សៀវភៅ​នេះ​ឡើង ដើម្បី​ជា​ប្រយោជន៍​រួម​របស់​សង្គម៖ «ធម្មតា​មិន​អាច​ចេះ​តែ​យក​លុយ​ទៅ​ចាយ មិន​គិត​បាន​នោះ​ទេ។ ដើម្បី​អាច​ចំណាយ​ថវិកា​បាន លុះត្រា​តែ​សុំ​គោលការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ម្យ៉ាង​ត្រូវ​បោះពុម្ព​សៀវភៅ​ណា​ដែល​សម្រាប់​សិក្សា ដូចជា​សៀវភៅ​គោល​សិក្សា។ ខ្ញុំ​ខ្លួន​ឯង បោះពុម្ព​សៀវភៅ​ក៏​មិន​អាច​យក​លុយ​ក្រសួង​បាន​ដែរ»

"សត្វ​ព្រៃ​នៃ​ប្រទេស​កម្ពុជា" ជា​សៀវភៅ​បែប​រូបភាព​គំនូរ និង​អត្ថបទ ដែល​កត់ត្រា​ពី​ជីវិត​សត្វ​ព្រៃ​នៅ​កម្ពុជា ចំនួន ៨៧​ប្រភេទ និង​ជម្រក​សត្វ​ព្រៃ ៧​កន្លែង។ សៀវភៅ​នេះ គឺ​ជា​លទ្ធផល​នៃ​ដំណើរ​រុករក​ដ៏​ធំ ដែល​ចំណាយ​ពេល​ជាង ២​ឆ្នាំ។ សៀវភៅ​នេះ និពន្ធ​ឡើង​ដោយ​សិស្ស ១៣​នាក់ និង​ជួយ​បំពេញ​បន្ថែម​ដោយ​សិស្ស ៥០​នាក់​ផ្សេង​ទៀត​នៃ​សាលា​ឡាយ​ហ្គ័រ (Liger) ដែល​មាន​អាយុ​ចាប់​ពី ១០​ឆ្នាំ​ទៅ ១៣​ឆ្នាំ។ អ្នក​និពន្ធ​វ័យ​ក្មេង​ទាំងអស់​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ជម្រក​សត្វ​ព្រៃ និង​សួន​សត្វ​ជាច្រើន​កន្លែង​នៅ​កម្ពុជា ដែល​មាន​ដូចជា តំបន់​ព្រៃ​អភិរក្ស​សីមា​ខេត្ត​មណ្ឌលគិរី តំបន់​វាល​រាប​ភាគ​ខាង​ជើង​ខេត្ត​ព្រះវិហារ និង​តំបន់​ព្រៃ​ស្រោង​ខេត្ត​កោះកុង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។