មនុស្ស​ជាង​២០០​នាក់​ដើរ​រើស​សំរាម​នៅ​ក្រុង​ស្ទឹងត្រែង

មន្ទីរ​ទេសចរ​ខែត្រ​ស្ទឹងត្រែង និង​អង្គការ​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ (EGC) បាន​នាំ​យុវជន និង​សិស្សានុសិស្ស រួម​ទាំង​និស្សិត​ជាង ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ដើរ​រើស​សំរាម​នៅ​ក្រុង​ស្ទឹងត្រែង ដើម្បី​បញ្ជ្រាប​ស្មារតី​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ការ​ថែរក្សា​អនាម័យ ជាពិសេស​ការ​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ត្រឹមត្រូវ។

យុវសិស្ស ឈ្មោះ ឡុង កាន់កេសី ដែល​ចូល​រួម​យុទ្ធនាការ​នោះ និយាយ​ថា ក្រុម​យុវសិស្ស​បាន​ដើរ​រើស​សំរាម គឺ​ជា​សញ្ញា​ចង់​ពញ្ញាក់​ស្មារតី​ដល់​ពលរដ្ឋ និង​ក្រុម​អាជីវករ​នានា ឲ្យ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អនាម័យ​សម្អាត​សំរាម​នៅ​ក្បែរ​ទីកន្លែង​លក់ដូរ​របស់​ខ្លួន  ដើម្បី​រួម​ចំណែក​ថែរក្សា​បរិស្ថាន​ស្អាត។

យុវសិស្ស​រូប​នេះ​ចង់​ឲ្យ​ពលរដ្ឋ​ទូទៅ​ចេះ​ស្រឡាញ់​បរិស្ថាន ដោយ​យកចិត្តទុកដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ល្អ ដើម្បី​ធ្វើ​ឲ្យ​មាន​សោភ័ណភាព​ក្នុង​ក្រុង ដែល​ជា​ផ្នែក​មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ៖ «សូម​ឲ្យ​ពុក​ម៉ែ​បងប្អូន​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ សូម​កុំ​ចោល​សំរាម​តាម​ដង​ទន្លេ​មេគង្គ។ សូម​ជួយ​ចូល​រួម​ថែរក្សា​បរិស្ថាន​យើង​ទាំង​អស់​គ្នា»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន មាន​ប្រសាសន៍​ថា គោលបំណង​នៃ​យុទ្ធនាការ​នេះ គឺ​ដើម្បី​បំផុស​ស្មារតី​ពលរដ្ឋ​ឲ្យ​យល់​ពី​ការ​ថែ​រក្សា​អនាម័យ​ដោយ​ផ្ដើម​ពី​យើង​ទាំង​អស់​គ្នា។ លោក​យល់​ថា ក្រុម​យុវជន ឬ​សិស្សានុសិស្ស​គឺ​ជា​ក្រុម​ស្នូល និង​ជា​គំរូ​ដើម្បី​ទាក់ទាញ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យ​ចូលរួម​សកម្មភាព​ថែរក្សា​បរិស្ថាន និង​រៀបចំ​អនាម័យ​តាម​ទី​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។