អ្នកគាំទ្រ Arsenal លើកបដាសុំឲ្យលោក Wenger ចុះចេញពីតំណែង

អ្នកគាំទ្រកាំភ្លើងធំ Arsenal មួយក្រុមតូច បានលើកបដាទទូច ឲ្យអ្នកចាត់ការទូទៅ បច្ចុប្បន្នលោក Arsene Wenger ចុះចេញពីតំណែង។

ការស្នើសុំដ៏កម្រខាងលើ ត្រូវបានធ្វើឡើងនៅ ក្នុងការប្រកួតដែល Arsenal ឈ្នះ Hull City ៤-០ ពានរង្វាន់ FA Cup។ បដានោះមានសេចក្ដីថា៖ “Arsene! អរគុណសម្រាប់ អនុស្សាវរីយ៍ ប៉ុន្តែវាគួរដល់ពេល ដែលត្រូវនិយាយពាក្យ លា ហើយ”។ មុននឹងជ័យជម្នះ កាលពីយប់មិញ Arsenal បានបង្ហាញទម្រង់លេង ធ្លាក់ចុះក្នុងប្រកួតមុនៗ ដូចជាការចាញ់ Barcelona នៅ Champions League និងចាញ់ Manchester United, Swansea នៅ Premier League ជាដើម។

លោក Ian Wright អតីតវីរបុរសរបស់ក្លឹប បាននិយាយពាក់ព័ន្ធនឹង ប្រតិកម្មពីអ្នកគាំទ្រថា៖ “វាពិតជារឿងគួរឲ្យខកចិត្ត បើសិនខ្ញុំនៅជាកីឡាករ ហើយដើរចេញមក ឃើញបដាដូច្នោះ។ ពិតណាស់យើងទទួល លទ្ធផលមិនល្អក្នុងប្រកួតទល់ Man Utd និង Swansea ប៉ុន្តែវានៅមិនទាន់អស់ ឱកាសនៅឡើយទេ”។

បន្ទាប់ពីលទ្ធផល បានត្រឹមស្មើ ២-២ ជាមួយ Tottenham កាលពីចុងសប្ដាហ៍ Arsenal ពេលនេះមាន ៨ពិន្ទុ ក្រោម Leicester City ដែលឈរនៅ ទីកំពូលតារាង ខណៈក្តីសង្ឃឹមបន្តទៅវគ្គ៨ក្រុមចុងក្រោយ Champions League ក៏មានតិច៕

អ្នកគាំទ្រ Arsenal លើកបដាសុំឲ្យលោក Wenger ចុះចេញពីតំណែង

ប្រភព៖ សប្បាយ