អង្គការ​ស្បៀងអាហារ​ពិភពលោក​ផ្តល់​ថវិកា​បន្ថែម​៤៦​លាន​ដុល្លារ​សម្រាប់​ការអនុវត្ត​ការពន្យា​កម្មវិធី​រយៈពេល​២​ឆ្នាំកន្លះ​ទៀត​

ភ្នំពេញ: ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ​ណាំហុង រដ្ឋមន្ត្រីក្រសួង​ការ​បេ​ទេស និងសហប្រតិបត្តិការ​អន្តរជាតិ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក GianpietroBordignon នាយក​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៩ខែមីនា ឆ្នាំ​២០១៦​នៅ​ទីស្តីការក្រសួង​ការ​បរ​​ទេស​។​
​    ​

​លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថានៅក្នុង​ជំនួប​នោះ​តំណាង​ស្បៀងអាហារ​ពិភពលោក​បាន​​ប្រគល់ជូន​នូវ​លិខិត​របស់នាយក​ប្រតិបត្តិ​របស់​អង្គារ​ស្បៀងអាហារ​ពិភពលោក​ដែល​បាន​ជម្រាបជូន​លោកឧបនាយករដ្ឋមន្ត្រី​អំពី​ការ​សម្រេច​របស់​ក្រុមប្រឹក្សាភិបាល​របស់​អង្គារស្បៀងអាហារ​ពិភពលោក ដែល​បានសម្រេច​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ក្នុងការ​ពន្យា​ពេល​កម្មវិធី​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក​នៅ​កម្ពុជាដែល​ត្រូវ​ចប់​ក្នុង​ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ពន្យា​ពេល​បន្ត​កម្មវិធី​នេះ រហូតទៅដល់​ខែធ្នូ ឆ្នាំ​២០១៨ និង​ការសម្រេច​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោកក្នុងការ​សម្រេច​ផ្តល់​ថវិកា​បន្ថែមចំនួន​៤៦​លាន​ដុល្លារ សម្រាប់​ការអនុវត្តការពន្យា​កម្មវិធី​រយៈបេល​២​ឆ្នាំកន្លះ​។

​ហើយ​ក៏បាន​ជម្រាបជូន​អំពី​គោលដៅ​សំខាន់​នៃ​កម្មវិធី​របស់​អង្គការ​ស្បៀងអាហារពិភពលោក​នៅ​កម្ពុជា​គឺ​ផ្តោតទៅលើ​ការផ្តល់​អាហា​​រូប​ត្ថ​ម្ភ​ដល់​កម្ពុជានៅតាម​តំបន់​ជនបទ និង​លើកទឹកចិត្ត ការ​ជម្រុញ​កុមារ​ឲ្យ​ទៅ​សាលារៀនតាមរយៈ​កម្មវិធី​ម្ហូបអាហារ​ផ្តល់ជូន​កុមារ​នៅក្នុង​សាលារៀន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ដែល​បាន​ជួយ​កម្ពុជា​តាំងពី​ឆ្នាំ១៩៧៩ មក​ពិសេស​គឺ​ការជួយ​ដល់​កម្ពុជា​។ ហើយ​លោក​ក៏បាន​រម្លឹក​ឡើងវិញ​អំពីការចូល​មកជួយ​កម្ពុជា​របស់​ទីភ្នាក់ងារ​​អង្គការសហប្រជាជាតិ​មួយចំនួន ដោយក្នុងនោះ​ក៏មាន​អង្គការ​ស្បៀងអាហារ​ពិភពលោក​ផងដែរ​។​បន្ទាប់ពី​ការរំដោះកម្ពុជា​ពីរ​បប​ប្រល័យ​​ពូជសាសន៍ ប៉ុល ពត ក្នុង​ឆ្នាំ​១៩៧៩ ហើយក្នុងពេលដែល​កម្ពុជា​កំពុងតែ​ជួប​គ្រោះ​ទុរភិក្ស​។​
​    ​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​អំពាវនាវ​ឲ្យ​អង្គការ​ស្បៀងអាហារពិភពលោក បន្ត​ជួយ​ដល់​កម្ពុជា​ពិសេស​លើ​បញ្ហា​អាហា​រូប​​ត្ថ​ម្ភ និង​ការជម្រុញ​លើកទឹកចិត្ត​កុមារ​ទៅ​សាលារៀន និង​បានស្នើ​អង្គការ​ស្បៀងអាហារពិភពលោក​ជួយ​ដល់​កម្ពុជា​លើ​ផលវិបាក​ឥទ្ធិពល​​នៃ​ការប្រែប្រួលអាកាសធាតុ​មកលើ​កម្ពុជា ហើយ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​គឺ​ផ្អែកជាសំខាន់​លើ​វិស័យ​កសិកម្ម​។ ហើយ​រយៈពេល​កន្លង​មក ក៏ដូចជា​ពេលបច្ចុប្បន្នការប្រែប្រួល​អាកាសធាតុ មាន​ផលវិបាក​យ៉ាងច្រើន ទៅលើ​វិស័យកសិកម្ម ពិសេស​ការដាំដុះ​ស្រូវ​។​

​ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ស្នើ​ឲ្យ​អង្គការស្បៀងអាហារ​ពិភពលោក យកចិត្តទុកដាក់​ដល់​ការជួយ​កម្ពុជា ពិសេស​គឺ​បញ្ហាស្បៀងអាហារ​នៅពេលដែល​កម្ពុជា​ជួប​គ្រោះមហន្តរាយ និង​គ្រោះធម្មជាតិផ្សេងៗ​។
​    ​

​នាយក​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា ក៏បាន​ជម្រាបជូន​លោកឧបនាយករដ្ឋមន្ត្រី អំពី​គំរោង​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក ក្នុងការទំនាក់ទំនង និង​សហការ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ក្នុងការជួយ​កម្ពុជា​លើ​បញ្ហា​ទប់ស្កាត់​ឬក៏​ការកាត់បន្ថយ​​ផលវិបាក​បំរែបំរួលអាកាសធាតុ​មកលើ​វិស័យ​កសិកម្ម​។​ហើយ​អង្គការ​ស្បៀងអាហារ​ពិភពលោកក៏​យកចិត្តទុកដាក់​នៅក្នុង​ការជួយ​លើ​ផ្នែក​ស្បៀងអាហារ​នៅពេលដែលកម្ពុជា​ជួប​គ្រោះធម្មជាតិ​ផងដែរ​៕​