ព័ត៌មាន​ជាតិ &raquo ​នយោបាយ

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ធំ​ពីរ​​នៅ​កម្ពុជា ​បាន​កំពុង​គិត​ហើយ​ថា ​តើ​ត្រូវ​ទាក់ទាញ​ទឹក​ចិត្ត​​អ្នកបោះឆ្នោត​វ័យក្មេង​​ដោយ​របៀប​ណា ​។ ក្នុង​ចំណោម​យុ​ទ្ធ​​សាស្ត្រ​ជា​ច្រើន​​នោះ គឺ​ការ​ជំរុញ​​តួនាទី​​នយោបាយ​របស់​មនុស្ស​ជំនាន់​​ក្រោយ​ ​នៅ​ក្នុង​ឆាកនយោបាយ​ ។ តើ​មនុស្ស​ជំនាន់​ក្រោយ​ណាខ្លះ​ នៅ​ក្នុង​គណបក្ស​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ក្នុង​ក្រសែភ្នែក​តាម​ដាន​​របស់​មហាជន ?

នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ា​នី​ កូនប្រុស​របស់​សម្តេច​តេ​ជោ​​ហ៊ុន​ សែន​ កំពុង​តែ​លេចធ្លោ​ ហើយ​ត្រូវ​បាន​សារ​ព័ត៌​មាន​​តាមដាន​រូប​លោក​​យ៉ាង​យកចិត្តទុកដាក់​ ពិសេស​បន្ទាប់​ពី​លោក​​បាន​ប្រាប់​សារព័ត៌មាន​ថា​ លោក​ចង់​ធ្វើ​​នាយក​រដ្ឋមន្ត្រី​ ។ ជា​កូន​របស់​​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ានី បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៩៨២ ហើយ​លោក​បាន​ធ្លាប់​សិក្សា​នៅ​ប្រទេស​អា​មេ​រិ​ក និង​អូស្ត្រាលី ដោយ​​មាន​សញ្ញាប័ត្រ​អនុ​បណ្ឌិត​ផ្នែក​ទំនាក់ទំនងអន្តរជាតិ និង​ផ្នែក​សន្តិសុខ ពិសេស​ប្រឆាំង​ភេរវកម្ម ។

លោក​គឺជា​តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ ។ មុន​ពេល​ដែល​លោក​ចាប់ផ្តើម​ប្រឡូក​ក្នុង​ឆាកនយោ​បាយ​យ៉ាង​ពេញលេញ​នោះ លោក​បាន ធ្លាប់​ធ្វើការ​ជា​ជំនួយការ​ផ្ទាល់​របស់​ឪពុក​លោក គឺ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ នោះ​គឺជា​ឱកាស ដែល​លោក​បាន​រៀនសូត្រ​ច្រើន​ពីឪ​ពុក​របស់​លោក នៅ​ក្នុង​កិច្ចការ​នយោបាយ ។

លោក​គឺជា​អ្នកនយោបាយ​វ័យក្មេង នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ។ ដោយ​ឪពុក​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី​នោះ រូប​លោក​បាន​ក្លាយ​ទៅ​ជា​អ្នកនយោបាយ ដែល​គេ​ផ្តោត​ការ​យកចិត្តទុកដាក់​ផង​ដែរ ។ ក្រៅពី​នេះ លោក​គឺជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន កម្ពុជា ។ ក្នុង​នាទី​​នេះ លោក​បាន​ប្រឡូក​ផ្ទាល់​ជាមួយនឹង​យុវជន ​និង​យុវតី​កម្ពុជា ​ដោយ​ធ្វើ​ឱ្យ​​រូប​លោក ​កាន់តែ​មាន​ប្រជាប្រិយភាព​នៅ​​ក្នុង​ចំណោម​យុវជន​ និង​យុវតី​កម្ពុជា ​។

លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​ជា​កូនប្រុស​របស់​សម្តេច​​វិបុល​សេនា​​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធ​សភា​ គឺជា​ឈាម​​ស្រស់​ថ្មី​ម្នាក់​ទៀត ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ត្រូវ​គេ​គិត​ថា ស​កម្ម​នៅ​​ក្នុង​ឆាកនយោបាយ​កម្ពុជា​ ។ ដោយ​មាន​អាយុ​​៣៥​ឆ្នាំ លោក​​គឺជា​រដ្ឋមន្ត្រី​វ័យក្មេង​ជាង​គេ​ នៅ​ក្នុង​រដ្ឋាភិបាល​ ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បណ្ឌិត​ ​ផ្នែក​សិក្សា​ស្រាវជ្រាវ​វិទ្យា​សាស្ត្រ​នៅ​សាកល​វិទ្យា​លល័យ Monash University នៅ​ប្រទេស​អូស្ត្រាលី​ ។

នៅ​ខាង​គណបក្ស​​សង្គ្រោះ​ជាតិ​​វិញ កញ្ញា​កឹ​ម មនោ​វិទ្យា ដែល​ជា​កូនស្រី​ច្បង​របស់​លោក​កឹ​ម សុខា គឺជា​អ្នកនយោបាយ​វ័យក្មេង​​ដ៏​សំខាន់​​ម្នាក់ ​។ នាង​បាន​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ។ កញ្ញា កឹ​ម មនោ​វិទ្យា ដែល​កើត​នៅ​ឆ្នាំ​១៩៨១ បច្ចុប្បន្ន ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។ ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ចំនួន​២៦​រូប នាង​ឈរ​លេខ​រៀង​ទី​១៣ ដែល​ខ្ពស់​ជាង​ប្រពន្ធ​របស់​លោក​សម រ​ង្ស៊ី គឺ​លោកស្រី ជូ​ឡុ​ង សា​មូរ៉ា ។

ដោយ​ផ្អែក​លើ​បញ្ជី​សមាសភាព​នៃ​គណៈកម្មាធិការអចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា អាច​ចាត់ទុកជា អ្នកនយោបាយ​ស្ត្រី​វ័យ​ក្មេង ដែល​មាន​ឥទ្ធិពល​បំផុត នៅ​ក្នុង​គណបក្សប្រឆាំង បន្ទាប់​ពី​លោកស្រី មួរ សុខ​ហួរ ។

ប្រភព​ការទូត​មួយ​រូប​បាន​និយាយ​ថា នាងជាម​នុស្សដ៏សំខាន់មួយ​រូប នៅ​ក្នុង​ការ​តាក់តែង​យុទ្ធសាស្ត្រនយោបាយរបស់​គណបក្ស សង្គ្រោះ​ជាតិ​ផង​ដែរ ។ បច្ចុប្បន្ន នាង​មាន​តួនាទី ជា​អគ្គនាយករង​នៃ​ផ្នែក​ទំនាក់ទំនងសាធារណៈរបស់​គណបក្ស​សង្គ្រោះ​ជាតិ ។

កញ្ញា​កឹ​ម មនោ​វិទ្យា បាន​ចាប់ផ្តើម​ល្បី នៅ​ពេល​ដែល​នាង​បាន​ធ្វើយុទ្ធនាការ ដើម្បីទាមទារការ​ដោះ​លែង ឪពុក​របស់​នាង គឺ​លោក​
កឹ​ម សុខា កាលពីឆ្នាំ​២០០៦ ។

យុវតី​មួយទៀត ​ដែល​​គេ​យកចិត្តទុកដាក់​ គឺ ធី សុវណ្ណ​ថា ដែល​ប្រកាស​ខ្លួន​ថា ​គឺជា​អ្នកនយោបាយ​មួយ​រូប ទោះបីជា​​ពេល​នេះ ​នាង​មិន​ទាន់​​ច្បាស់លាស់​​នៅឡើយ​ថា​ នឹង​ចូល​គណបក្ស​នយោបាយ​ណា​ ។ ធី ​សុវណ្ណ​ថា​ ក្នុង​វ័យ​២១​ឆ្នាំ​ មាន​អ្នកគាំទ្រ​ផេ​ក​ហ្វេ​ស​ប៊ុ​ក រហូត​​ដល់​ជាង​១, ៤៤​លាន​នាក់​ ។ នាង​ធ្លាប់​ជា​អ្នក​​រិះគន់​គណបក្សកាន់អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​មុន​ពេល​បោះ​ឆ្នោត​ឆ្នាំ​​២០១៣​ ។

ខណ​:​ដែល​​កម្ពុជា ​កំពុង​បោះ​ជំ​ហាន​​ទៅ​រក​ការ​បោះ​ឆ្នោត​យ៉ាង​សំខាន់​ នៅ​ឆ្នាំ​២០១៧​ និង​២០១៨ អ្នកនយោបាយ​វ័យក្មេង​ទាំង​បួន​​រូប​នឹង​​ស្ថិត​នៅ​ក្រោម​ក្រសែភ្នែក​តាមដាន​របស់​ប្រជាជន​កម្ពុជា​​ជាង​១៥​លាន​នាក់​ ៕