ក្រុម​អ្នក​គាំទ្រ Leicester City អបអរ​ជ័យ​ជម្នះ​រហូតដល់បង្កឲ្យមានការ​រំជួយ​ដី​

និស្សិត​ធរណីវិទ្យា​មួយ​ក្រុម​បាន​អះអាង​កាល​ពី​ថ្ងៃ​ម្សិល​មិញថា ការ​អបអរសាទរ​ដ៏រំភើប​ញាប់ញ័រ​របស់​ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម​បាល់ទាត់ Leicester City ​បាន​បង្ក​ជា​ការ​រំជួយ​ដី​ខ្នាត​តូច​មួយ​នៅ​ក្នុង​ទី​ក្រុង។

leicesterក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ Leicester នេះ​​បាន​តម្លើង​នូវ​ឧបករណ៍​ត្រួត ពិនិត្យ​ការ​រំជួយ​ដី​នៅ​សាលា​មួយ​ដែល​មាន​ទីតាំង​នៅ​ជិតកីឡាដ្ឋាន​ King Power របស់​ក្លិប Leicester។ នៅពេល​ដែល​កីឡករ​ Leonardo Ulloa បាន​ស៊ុត​បញ្ចូល​ទី​រក​ជ័យ​ជម្នះ​ឲ្យ Leicester នៅ​នាទីទី ៨៩ នៅ​ក្នុង​ជំនួប​ជាមួយ​នឹង Norwich City កាល​ពិ​ខែមុន​ ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម​នេះ​បាន​ស្រែក​ហ៊ោកញ្ចៀវ​យ៉ាង​ខ្លាំង​រហូត​បង្ក​ជា​ការ​រំជួយ​ដី​ខ្នាត​តូច​មួយ​ដែល​មាន​កម្រិត​ ០.៣ រ៉ិច​ទ័រ។

Richard Hoyle និស្សិត​ឆ្នាំទី​ ១ ​ម្នាក់​បាន​និយាយ​ថា៖ «ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពីយើង​បាន​តម្លើង​ឧបករណ៍​នេះ​នៅ​សាលា​នោះ យើង​បាន​សង្កេត​ឃើញ​មាន​រំញ័រ​មួយ​ដែល​ខ្ពស់​ខុស​ប្លែក​ពី​រំញ័រ​ដទៃ​ទៀត នៅ​ពេល​ដែល​យើង​កំពុង​តែ​វិភាគ​ទៅ​លើ​ទិន្នន័យ​ដែល​ទទួល​បាន។ រំញ័រ​នេះ​បាន​លេច​ឡើង​នៅ​ពេលដែល​ការ​ប្រកួត​កំពុង​តែ​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​កីឡដ្ឋាន​ដែល​នៅ​ជិត​នោះ»។ «យើង​ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា តាមការពិត​ទៅ​ ឧបករណ៍​យើង​បាន​វាស់វែង​ទៅ​លើ​ការ​រំជួយ​ដី​តូច​មួយ​ដែល​កើន​ឡើង​ដោយសាររលក​ថាម​ពលភ្លាមៗ​មួយ​ដែល​កើត​ឡើង​ចេញ​ពី​ការ​ហ៊ោរអបអរសាទររបស់​អ្នក​គាំទ្រ​ក្លិប Leicester នៅ​ពេល​ដែល [Leonardo] ស៊ុត​បញ្ចូល​ទី»៕