វិស័យកសិកម្មបង្កើត ផលិតផលក្នុងស្រុក ៣២ភាគរយ និងផ្តល់ការងារ ៨០ភាគរយ នៃកម្លាំងពលកម្មសរុប

ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានការរីកចំរើន គួរអោយកត់សំគាល់ ដោយមានសមត្ថភាព ផលិតស្រូវគ្រប់គ្រាន់ ដោយខ្លួនឯង ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយ លើកកំពស់ផលិតកម្មស្រូវ និងនាំអង្កចេញរបស់ រាជរដ្ឋាភិបាល និងក្របខណ្ឌយុទ្ធសាស្រ្ត សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ (២០១៤-២០១៨) និងក្របខណ្ឌគតិ្តយុទ្ធផ្សេងៗ ទាក់ទងនឹងការប្រែប្រួល អាកាសធាតុ និងសន្តិសុខស្បៀង។

លោកស្រី  គង់ តូសត់ សមាជិកគណៈកម្មាធិការគ្រប់គ្រង វេទិកានៃអង្គការ មិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងជាតំណាងគណៈកម្មការ រៀបចំវេទិកាកសិករ ថ្នាក់ជាតិលើកទី៦ បានលើកឡើង នៅថ្ងៃទី៩ មីនានេះថា “វិស័យកសិកម្មបាន បង្កើតនូវផលិតផល ក្នុងស្រុកសរុប៣២ ភាគរយ និងបានផ្តល់ការងារ ប្រហែល៨០ភាគរយ នៃកម្លាំងពលកម្ម របស់ប្រទេស។ វិស័យនេះត្រូវបានគ្របដណ្តប់ ដោយកសិករខ្នាតតូច ដែលត្រូវបានចូលរួម យ៉ាងសំខាន់នៅក្នុង ផលិតកម្មគ្រួសារ”។

អង្គការសង្គមស៊ីវិលមួយនេះទទួលស្គាល់ថា នៅថ្នាក់មូលដ្ឋាន នៅតែមិនទាន់មាន តុល្យភាពស្បៀង (ខ្វះស្បៀង) នៅឡើយ ជាពិសេសបញ្ហាទាំងនោះ តែងតែកើតឡើង ចំពោះកសិករតូចតាច ក្រុមកសិករដែលគ្មានដីធ្លី និងកសិករជនជាតិ ដើមភាគតិច ដែលរស់នៅដោយពឹងផ្អែក ទៅលើធនធានធម្មជាតិ។

លោកស្រីបន្តថា សម្រាប់ប្រទេសកម្ពុជាដែលកសិកម្ម នៅមានលក្ខណៈជា កសិកម្មគ្រួសារ នៅឡើយនោះ ការធ្វើសមាហរណកម្ម សេដ្ឋកិច្ចជាមួយ សេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ត្រូវបាន គេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិ សម្រាប់ការអភិវឌ្ឍ ហើយការពង្រឹង សិទ្ធិអំណាច កសិករខ្នាតតូច គឺជាផ្នែកមួយនៃ យុទ្ធសាស្រ្តដ៏មាន ប្រសិទ្ធិភាព សម្រាប់ចូលរួមក្នុងការ បង្កើនសេដ្ឋកិច្ច និងការកាត់បន្ថយ ភាពក្រីក្ររបស់ ប្រជាពលរដ្ឋ។

ភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិរបស់ប្រទេស ស៊ុយអ៊ែដស្តីពី National Gender Profile of Agricultural households បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា ស្ត្រីបានចូលរួមដ៏សំខាន់ ក្នុងវិស័យសេដ្ឋកិច្ច ប៉ុន្តែកិច្ចខិតខំ ប្រឹងប្រែងរបស់ពួកគេ នៅតែមើលមិនឃើញ ដោយសារតែកង្វះ នៃទិន្នន័យភេទសរុប (SDD)។ ខណៈពេលដែលការ ចូលរួមរបស់ស្ត្រី គឺជាកត្តាសំខាន់ សម្រាប់សេដ្ឋកិច្ចគ្រួសារ និង សន្តិសុខស្បៀង ហើយសកម្មភាព របស់ពួកគាត់ជាញឹកញាប់ ត្រូវបានដកចេញពី គណនីសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ចំនួនសរុបនៃគ្រួសារធ្វើកសិកម្មគឺ ២,៣ លាននាក់ ឬ ស្មើនឹង ៨៥ ភាគរយ នៃគ្រួសារសរុបក្នុង ប្រទេសកម្ពុជា។ ក្នុងចំណោមនេះ មាន៨០ភាគរយ នៃគ្រួសារធ្វើកសិកម្ម ដែលមេគ្រួសារជាបុរស និងចំនួន២០ភាគរយ មេគ្រួសារជាស្ត្រី៕

វិស័យកសិកម្មបង្កើត ផលិតផលក្នុងស្រុក ៣២ភាគរយ និងផ្តល់ការងារ ៨០ភាគរយ នៃកម្លាំងពលកម្មសរុប

វិស័យកសិកម្មបង្កើត ផលិតផលក្នុងស្រុក ៣២ភាគរយ និងផ្តល់ការងារ ៨០ភាគរយ នៃកម្លាំងពលកម្មសរុប