ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

លោក​សាស្ត្រាចារ្យ​នៅ​មន្ទីរពិសោធន៍ DNA ក្នុង​ក្រុង​ហាណូយ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ថា ប្រទេស​វៀតណាម បាន​កំណត់​ពី​ករណី​ដ៏​កម្រ​កើត​មាន​គឺ​កូនភ្លោះ​មាន​ឪពុក​ខុស​គ្នា ។ យោង​តាម​សេចក្តីរាយការណ៍​ក្នុង​តំបន់​ឱ្យ​ដឹង​ថា កូនភ្លោះ​កើត​ពី​ប្តី​ប្រពន្ធ​ជនជាតិ​រៀត​ណា​ម​ដែល​ឈ្មោះ​របស់​ពួក​គេ​មិន​ត្រូវ​បាន​បញ្ចេញ​ឱ្យ​ដឹង កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើតេស្ត​ពីព្រោះ​តែ​ភាព​ខុស​គ្នា​ស្រឡះ​នៃ​រូបរាង​របស់​ពួក​គេ ។

លោក​លី ឌី​ញ​លួង អគ្គនាយក​សមាគម​ហ៊្សែន​វៀតណាម​ប្រាប់ AFP ថា «​មជ្ឈមណ្ឌល​វិភាគ​ហ៊្សែន និង​មន្ទីរពិសោធន៍​បច្ចេកវិទ្យា​របស់​ពួក​យើង​បាន​ធ្វើ​តេ​សេត្ត ហើយ​បាន​រក​ឃើញ​ថា​កូនភ្លោះ​នោះ​មាន​ឪពុក​ខុស​គ្នា ។ វា​មិនមែន​ជា​ករណី​កម្រ​ដែល​កើត​មាននៅ​ប្រទេស​វៀតណាម​ទេ ពោល​គឺ​មាននៅ​ទូ​ទាំង​ពិភពលោក​តែ​ម្តង​។ ក្នុង​ករណី​នេះ​កូនភ្លោះ​មាន​ឪពុក​ផ្សេង​គ្នា តែ​ម្តាយ​តែ​មួយ ។ វា​ជា​រឿង​ដែល​អាច​កើតឡើង បើសិនជា​ពង​អូ​វ៉ុល​ចំនួន​២​ពី​ម្តាយ​តែ​មួ​​យ​ត្រូវ​បាន​បង្ក​កំណើត​ដោយ​មេជី​វិត​ឈ្មោល​ពី​បុរស​ខុស​ប្លែក​គ្នា​ពីរ​នាក់​ក្នុងអំឡុងពេល​ដាច់​ដោយឡែក​ពី​គ្នា​នៃ​ការ​រួម​ភេទ​ក្នុង​ពេល​ជ្រុះ​ពង​អូ​វ៉ុល​ដូច​គ្នា ។

យោង​តាម​កាសែត​គ្រប់គ្រង​ដោយ​រដ្ឋ​ឈ្មោះ​ថា Tuoi Tre រាយការណ៍​ថា បុរស​ជា​ប្តី​ត្រូវ​បាន​គេ​ស្នើ​ឱ្យធ្វើ​តេស្ត​ហ្សែ​ន​នៅ​មន្ទីរពិសោធន៍​ក្រុង​ហាណូយ​ដើម្បី​កំណត់​ថា​តើ​លោក​ជា​ឪពុក​បង្កើត​នៃ​កូនភ្លោះ​របស់​ប្រពន្ធ​របស់​លោក ឬ​មួយ​មិនមែន ។ របាយការណ៍​ថា សាច់ញាតិ​របស់​បុរស​ជា​ប្តី​បាន​ដាក់​សម្ពាធ​ឱ្យ​គេ​ធ្វើតេស្ត ព្រោះតែ​ម្នាក់​ក្នុង​ចំណោម​កូនភ្លោះ​មើលទៅ​ខុស​គ្នា​ស្រឡះ ។ លទ្ធផល​បង្ហាញ​ថា បុរស​នោះ​គឺ​ជាប់​ពាក់ព័ន្ធ​ទៅ​កូន​ម្នាក់​ក្នុង​ចំណោម​កូនភ្លោះ ។ 

កាសែត Tuoi Tre ថា ស្ត្រី​គឺជា​ម្តាយបង្កើត​របស់​កូនភ្លោះ​ដែល​មាន​ភេទ​ដូច​គ្នា​កើត​នៅ​ថ្ងៃ​តែ​មួយ ពោល​គឺ​ខុស​គ្នា​តែ​ប៉ុន្មា​ន​ម៉ោង​ប៉ុណ្ណោះ​។ អ្វី​ដែល​ចម្លែក គឺ​ពួក​គេ​មាន​រូបរាង​ខុស​គ្នា​ស្រឡះ​។ បច្ចុប្បន្ន​ពួក​គេ​មាន​អាយុ​២​ឆ្នាំ​ដោយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​មាន​សក់​ក្រាស់ រួញ​អង្គាដី ចំណែក​ម្នាក់​ទៀត​មាន​សក់​ស្តើង និង​ត្រង់​ល្អ ។

យ៉ាងណាមិញ​ករណី​ស្រ​ដៀង​គ្នា​នេះ​ដែរ​ធ្លាប់​កើត​មាននៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​មុន​។ នៅ​ពេល​ដែល​តុលាការ​សម្រេច​ចេញ​បញ្ជា​ឱ្យ​បុរស​បង់​រាល់​ការ​ចំណាយ​ទៅ​កាន់​កូនស្រី​ភ្លោះ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ បន្ទាប់​ពី​ការ​ធ្វើតេស្ត DNA អះអាង​ថា លោក​មិនមែន​ជា​ឪពុក​កូនភ្លោះ​នោះ​ទេ ៕