គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ចំនួន​៧​នៅ​ខេត្ត​មណ្ឌលគិរី

គណៈកម្មការ​ជាតិ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ឲ្យ​ដឹង​ថា ឈើ​ដែល​ភ្លើង​ឆេះ​នៅ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន យូនី ហ្គ្រីន (Uni Green) កាល​ពី​សប្ដាហ៍​មុន​នេះ គឺ​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ជាប់​ការដ្ឋាន​ក្រុមហ៊ុន ហើយ​រាល​ដាល​មក​ឆេះ​គំនរ​ឈើ​ដែល​ក្រុមហ៊ុន​រក្សា​ទុក​នៅ​ក្បែរ​នោះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​គណៈកម្មការ​ជាតិ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដឹក​នាំ​ដោយ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ចុះ​បំពេញ​បេសកកម្ម​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ចំនួន​៧ នៅ​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី​៩ ខែ​មីនា រួម​មាន ក្រុមហ៊ុន យូនី ហ្គ្រីន (Uni Green) ក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ (Master Ksan) ក្រុមហ៊ុន ដាយ ថាន់ (Dai Than) ក្រុមហ៊ុន កសិកម្ម​ខ្មែរ​អង្គរ (Khmer Angkor) ក្រុមហ៊ុន ប៊ិញ ភឿក​១ (Bin Phurk 1) ក្រុមហ៊ុន ដាយណាម (Dainam) និង​ក្រុមហ៊ុន ឆាយណា ឌីណាមិច (China Dinamic)

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ លោក អេង ហ៊ី ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ថា ភ្លើង​ដែល​ឆេះ​គំនរ​ឈើ​នៅ​ក្រុមហ៊ុន យូនី ហ្គ្រីន គ្មាន​អ្នក​ណា​លួច​ដុត​នោះ​ទេ ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា គណៈកម្មការ​ជាតិ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ រក​ឃើញ​គំនរ​ឈើ​មួយ​ចំនួន​ជា​ឈើ​មាន​ច្បាប់ និង​គំនរ​ឈើ​មួយ​ចំនួន​ទៀត គឺ​ជា​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត ឋិត​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​ចំនួន​៤ ដែល​គណៈកម្មការ​ចុះ​ត្រួត​ពិនិត្យ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា៖ «ដំណើរ​ហេតុ គឺ​យើង​ឃើញ​ភ្លើង​នោះ​ចម្ងាយ​បី​គីឡូម៉ែត្រ​ចេញ​ពី​ព្រៃ​មក។ កន្លែង​នោះ​ស្បូវ​ច្រើន ក៏​ឆេះ​មក​ដល់​ទីតាំង​កន្លែង​ឈើ​យើង​ស្តុក​ទៅ។ ជំនាញ​បាន​ញែក​មួយ​ចំនួន ហើយ​នៅ​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ទាន់​ញែក។ អ៊ីចឹង​ញែក​ហើយ យើង​បញ្ជូន​សំណុំ​រឿង​ទៅ​អយ្យការ​សាលា​ដំបូង។ ក្នុង​នោះ​ក៏​យើង​ថែ​រក្សា​ឈើ​ដែល​ប្រមូល​មួយ​ដុំ​មក ដើម្បី​ការពារ​កុំ​ឲ្យ​ឆេះ និង​កុំ​ឲ្យ​បាត់»

កាល​ពី​រាត្រី​ថ្ងៃ​ទី​២ ខែ​មីនា ឈើ​ជាង ៣០០​កំណាត់​ត្រូវ​បាន​ភ្លើង​ឆេះ​នៅ​ក្នុង​ក្រុមហ៊ុន យូនី ហ្គ្រីន បន្ទាប់​ពី​ភ្លើង​ឆេះ​ឈើ​ដូច​គ្នា​នេះ​កើត​មាន​កាល​ពី​ខែ​មករា ខណៈ​គណៈកម្មការ​ជាតិ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ចុះ​បង្ក្រាប​ឈើ​ខុស​ច្បាប់​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​សង្ស័យ​ថា​មាន​ស្តុក​ឈើ​ខុស​ច្បាប់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​អភិបាល​ខេត្ត​មណ្ឌលគិរី សុំ​បញ្ជាក់​ពី​តួលេខ​ជាក់លាក់​នៃ​ឈើ​ដែល​ឆេះ និង​បរិមាណ​ឈើ​ខុស​ច្បាប់​រក​ឃើញ​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​នោះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​មីនា។

ទាក់ទិន​សេចក្តី​អះអាង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ក្រុម​ការងារ​គណៈកម្មការ​ជាតិ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ថា​បាន​ខិតខំ​បំពេញ​តួនាទី ដើម្បី​បង្ហាញ​សាធារណជន​ឲ្យ​ឃើញ​ពី​ចំណុច​វិជ្ជមាន​ទាក់ទិន​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បច្ចុប្បន្ន។ លោក​អំពាវនាវ​សុំ​ឲ្យ​គណៈកម្មការ​ជាតិ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ជាតិ បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​ទាក់ទង​បរិមាណ​ឈើ​ខុស​ច្បាប់ និង​ជន​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​ដែល​បាន​រក​ឃើញ និង​បញ្ជូន​ទៅ​តុលាការ៖ «ជា​វិធានការ​ល្អ​ដែល​គាត់​ចុះ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត ក្រោយ​ពី​មាន​ឆេះ​ឈើ​នៅ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។ គួរ​បង្ហាញ​ដែរ​ពី​ភាព​ខ្វះខាត​របស់​មន្ត្រី​ជំនាញ អ្នក​ពាក់ព័ន្ធ​ស្តុក​ឈើ និង​អ្នក​ប្រគល់​ទីតាំង​ឲ្យ​អ្នក​ស្តុក​ឈើ។ គួរ​លាត​ត្រដាង​ដែរ​រវាង​ក្រុមហ៊ុន និង​អ្នក​រក​ស៊ី​ឈើ»

គណៈកម្មការ​ជាតិ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ជាតិ កាល​ពី​ចុង​ខែ​កុម្ភៈ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​រក​ឃើញ​ឈើ​ស្តុក​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​ពីរ​នៅ​ខេត្ត​មណ្ឌលគិរី គឺ​ក្រុមហ៊ុន ប៊ិញ ភឿក ១ (Bin Phurk 1) និង​ក្រុមហ៊ុន យូនី ហ្គ្រីន។ របាយការណ៍​ស៊ើប​អង្កេត​បាន​បញ្ជូន​ទៅ​មន្ត្រី​អយ្យការ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី រួច​ហើយ។ បច្ចុប្បន្ន មន្ត្រី​អយ្យការ​កំពុង​ចាត់​វិធានការ​ស៊ើប​អង្កេត​បន្ត​រឿង​ក្តី​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ លោក អេង ហ៊ី មាន​ប្រសាសន៍​ថា គណៈកម្មការ​ជាតិ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ កំពុង​រៀបចំ​ឯកសារ​ដាក់​ជូន​ស្ថាប័ន​អយ្យការ ទាក់ទិន​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ដែល​មាន​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។