ឯកឧត្តម កឹមសុខា នឹងទៅជួប ឯកឧត្តម សម រង្ស៊ី នៅក្រៅប្រទេស នាសប្តាហ៍ក្រោយ

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CNRP) ឯកឧត្តម កឹម សុខា នឹងអញ្ជើញទៅជួប ពិភាក្សាការងារជាមួយ ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី នៅក្រៅប្រទេស នាសប្តាហ៍ ក្រោយនេះ។ 

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទីពុធ ទី៩ ខែមីនា ឆ្នាំ២០១៦នេះ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងថា ឯកឧត្តម កឹម សុខា មានគម្រោងមួយថាទៅក្រៅប្រទេស ដើម្បីពិភាក្សាការងារជាមួយ ឯកឧត្តម សម រង្ស៊ី ប៉ុន្តែមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ។
 លោកបានបន្តថា “យើងទៅជួបជុំគ្នា ប៉ុន្តែយើងមិនទាន់ប្រាកដដែរ មិនដឹងថាទៅថៃ ឬទៅសាំងហ្គាព័រ ឬក៏ទៅហ្វីលីពីន ហើយអត់ទាន់កំណត់គ្នានៅឡើយ។ យើងអត់ទាន់ដឹងថាលោកប្រធាន សម រង្ស៊ី ជួបអ្នកណាខ្លះមិនទាន់កំណត់ ដល់ពេលចឹងទៅទើបយើងមិនទាន់សម្រេចទៅពេលណា ហើយនៅទីណា នៅឡើយប្រហែល នៅពេលគាត់ទំនាក់ទំនងមក ធ្វើម៉េចទៅឲ្យទាន់វីកខេន (Weekend) នេះ”។

សូមបញ្ជាក់ថា ចាប់តាំងពី ឯកឧត្តម សម រង្ស៊ី បានគេចខ្លួនពីការតាមចាប់របស់ សាលាដំបូងរាជធានីភ្នំពេញ ទៅសម្ងំលាក់ខ្លួននៅក្រៅប្រទេសមក ឯកឧត្តម កឹម សុខា ហាក់ដូចជាមិនសូវបាន ទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសឡើយ៕

ឯកឧត្តម កឹមសុខា នឹងទៅជួប ឯកឧត្តម សម រង្ស៊ី នៅក្រៅប្រទេស នាសប្តាហ៍ក្រោយ