ក្រសួងការ បរទេស ដកហូតលិខិត ឆ្លងដែនផ្លូវការរក្សាទុក ដើម្បីការពារ កិត្តិយស និងកត្យានុភាពជាតិ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានធ្វើការបំភ្លឺ ជាថ្មីម្តងទៀត ជុំវិញនិងករណី ដកហូតលិខិត ឆ្លងដែនផ្លូវការ យកមករក្សាទុក គោលបំណងព្រោះ ដើម្បីការពារកិត្តិយស និងកត្យានុភាពជាតិ ហើយនិងតម្លៃ របស់លិខិតឆ្លងដែនផ្លូវការ ក៏ព្រោះតែកន្លងមក មានពលករខុសច្បាប់ នៅក្រៅប្រទេស កាន់លិខិតឆ្លងដែនផ្លូវការ។

យោងតាមសេចក្តី ជូនព័ត៌មាន របស់ក្រសួងការបទេស ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាន នៅរសៀលថ្ងៃទី៩ ខែមីនា នេះ បានឲ្យដឹងថា ក្នុងរយៈកាល កន្លងមក មានមន្រ្តីរបស់អង្គភាព-ស្ថាប័នខ្លះ នៅពេលចប់បេសកកម្មផ្លូវការ ឬមិនបានទៅបំពេញបេសសកម្មផ្លូវការ ហើយបានប្រើប្រាស់ លិខិតឆ្លងដែនផ្លូវការនេះ ក្នុងការធ្វើដំណើរទៅធ្វើជាពលករ ខុសច្បាប់នៅក្រៅប្រទេស។ ប្រការនេះ បានធ្វើឲ្យអាជ្ញាធរមាន សមត្ថកិច្ចរបស់ប្រទេសនោះ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង ដោយមិនយល់ថា ហេតុអ្វីបានជាពលករខុសច្បាប់ កាន់លិខិតឆ្លងដែនផ្លូវការ ហើយបានជូនព័ត៌មាន មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានទូត។

សេចក្តីជូនព័ត៌មាន បានឲ្យដឹងទៀតថា ដើម្បីការពារកិត្តិយស និងកត្យានុភាពជាតិ ហើយនិងតម្លៃរបស់លិខិតឆ្លងដែនផ្លូវការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដើម្បីរក្សាទុកលិខិតឆ្លងដែនផ្លូវការទំាងនោះ។

ក្រសួងការបរទេស នឹងជូនលិខិតឆ្លងដែនផ្លូវការទំាងនោះ ដល់សាម៊ីមន្រ្តី ពេលមានបេសកកម្មជាថ្មី បន្ទាប់ពីទទួលបានលិខិតបញ្ជាក់ឆ្លងដែនផ្លូវការនោះ អស់សុពលភាព ក្រសួង នឹងធ្វើការព្យារពេលជូនដោយស្វ័យប្រវត្តិ៕

ក្រសួងការ បរទេស ដកហូតលិខិត ឆ្លងដែនផ្លូវការរក្សាទុក ដើម្បីការពារ កិត្តិយស និងកត្យានុភាពជាតិ