អប្បិយជំនឿ ផ្សេងៗជុំវិញបាតុភូត កើតមានសូរ្យគ្រាស

សូរ្យគ្រាស គឺជាបាតុភូតធម្មជាតិ ដែលគេអាចមើល ឃើញពីផែនដី នៅពេលដែលដំណើរ គោចរនៃព្រះចន្ទ ឆ្លងកាត់ចន្លោះផែនដី និងព្រះអាទិត្យ ហើយបានបាំង ពន្លឺព្រះអាទិត្យ។ យូរៗម្ដង មនុស្សជាតិអាច មើលឃើញច្បាស់ ឬឃើញបន្តិច ទៅតាមតំបន់ ឬប្រទេសនានា។

ចំណែកប្រទេសកម្ពុជាយើង ត្រូវគេមើលឃើញ មានបាតុភូតសូរ្យគ្រាស នៅថ្ងៃពុធទី ៩មិនា ម៉ោង ៧៖៣២នាទីព្រឹកនេះ តែមិនបានពេញ ដូចប្រទេសឥណ្ឌូណេស៊ី និងតំបន់ភាគខាងជើងមហាសមុទ្រ ប៉ាស៊ីហ្វិកឡើយ។ ប្រទេសទាំងនេះ អាចមើលឃើញ សូរ្យគ្រាសពេញ ឬប្រភេទ Total Solar Eclipse បានរយៈពេល ៤នាទី និង៩វិនាទី។ សូរ្យគ្រាសទាំងអស់មាន ៤ប្រភេទគឺ Total Solar Eclipse, Partial Solar Eclipse, Annular Solar Eclipse និង Hybrid Solar Eclipse ។

ចំពោះជំនឿបាតុភូតនេះ ត្រូវគេយល់ឃើញផ្សេងៗគ្នា តាមតំបន់ដូចខាងក្រោម៖

តារាវិទូ និងជាប្រធានមន្ទីរ ស៊ើបអង្កេត Griffith ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក បានសរសេរក្នុង សៀវភៅថា អំឡុងមានបាតុភូត ព្រះអាទិត្យនាំមនុស្ស លោកទៅកាន់ភាពងងឹតបែបនេះ គេមានជំនឿថា តំបន់នោះនឹង កើតមានភេវរកម្ម ដំណាំធ្លាក់ទិន្នផល និងកើតគ្រោះមហន្តរាយ ធម្មជាតិផ្សេងៗ។

ជំនឿដ៏ពេញនិយម មួយនិយាយថា សូរ្យគ្រាសនឹងនាំគ្រោះ ដល់ស្ត្រីកំពុងពពោះ និងកូនក្នុងផ្ទៃ ដែលពួកគេត្រូវ សម្ងំនៅក្នុងផ្ទះ អំឡុងមានសូរ្យគ្រាស។ ឯស្ត្រីមានផ្ទៃពោះទាំងឡាយដែលគ្រោងបង្កើត កូនដោយវះកាត់ ត្រូវនាំគ្នាលើកពេលទាំងអស់។

ប្រជាជនចិន ជឿថានឹងមានគ្រោះធម្មជាតិ ឬមរណភាពរបស់ អធិរាជណាម្នាក់។

នៅតាមតំបន់ជាច្រើន ក្នុងប្រទេសឥណ្ឌា ប្រជាជនជាច្រើន បានតមអាហារ អំឡុងកើតមានបាតុភូតខាងលើ ព្រោះពួកគេមានជំនឿថា អាហារដែលចម្អិនទាំង អស់នឹងមានជាតិពុល និងមិនបរិសុទ្ធ។

ជំនឿតៗគ្នាមួយទៀត ដែលគេតែឮក្នុង ប្រទេសនៅអាស៊ី គឺពេលមានសូរ្យគ្រាស ជាពេលដែលពួក ព្រាយបិសាចចេញ ដូច្នេះគេនាំគ្នាចងឆ្នាំង ខ្ទះ ធុងផ្អោបគ្នា វាយឲ្យឮសម្លេងខ្លាំងៗ ដើម្បីឲ្យព្រាយបិសាច ឧបទ្រពចង្រៃខ្លាច ចេញឆ្ងាយពីក្រុមគ្រួសារពួកគេ។

តែប្រជាជនអ៊ីតាលី បានយល់ផ្ទុយពីប្រទេស ប៉ុន្មានខាងលើវិញ ដោយគេជឿថាផ្កាដាំ អំឡុងមានសូរ្យគ្រាស នឹងមានពណ៌ឆើតល្អ ជាងពេលដាំធម្មតា៕

អប្បិយជំនឿ ផ្សេងៗជុំវិញបាតុភូត កើតមានសូរ្យគ្រាស

អប្បិយជំនឿ ផ្សេងៗជុំវិញបាតុភូត កើតមានសូរ្យគ្រាស

 ប្រភព៖ សប្បាយ