ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ត្រៀម​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​មន្ត្រី​ពាក់ព័ន្ធ​ជួញ​ដូរ​ឈើ

ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ នឹង​ធ្វើ​លិខិត​មួយ ដើម្បី​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​មន្ត្រី​របស់​ខ្លួន​ម្នាក់ ថា​បាន​ពាក់ព័ន្ធ​បទល្មើស​រក​ស៊ី​ឈើ​ប្រណិត។ ស្នងការ​នគរបាល​ខេត្ត បញ្ជាក់​ថា មន្ត្រី​របស់​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​បទល្មើស​រក​ស៊ី​ឈើ​ប្រណិត ដូច​ការ​ចោទ​ប្រកាន់​កន្លង​មក​ឡើយ។ បញ្ហា​នេះ កើត​ឡើង​ក្រោយ​ពេល​មន្ត្រី​តុលាការ និង​កម្លាំង​ចម្រុះ​ខេត្ត ចាប់​បាន​រថយន្ត​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿង​នៅ​ក្នុង​បរិវេណ​ដី​របស់​មន្ត្រី​នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ធំ មួយ​រូប។

មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ស្នើ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​ប្អូន​របស់​លោក ថា​បាន​ពាក់ព័ន្ធ​បទល្មើស​រក​ស៊ី​ឈើ​ប្រណិត​ឲ្យ​បាន​ច្បាស់លាស់ ព្រម​ទាំង​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​ប្អូន​របស់​ខ្លួន​មក​វិញ ម្យ៉ាង​ដើម្បី​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​របស់​លោក​ដូច​គ្នា។

សំណើ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មន្ត្រី​តុលាការ និង​កម្លាំង​ចម្រុះ ចុះ​ចាប់​រថយន្ត​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ឈើ​ប្រណិត​ប្រភេទ​គ្រញូង​ជាង ៥០​ដុំ​នៅ​ក្នុង​បរិវេណ​ដី​របស់​មន្ត្រី​ប៉ូលិស​រូប​នោះ កាល​ពី​យប់​ថ្ងៃ​ទី​៦ មីនា។

នាយ​រង​ផ្នែក​រដ្ឋបាល​សរុប​ការិយាល័យ​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ លោក យឹម សោភ័ណ្ឌ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ មីនា ថា គាត់​ជា​មន្ត្រី​សមត្ថកិច្ច ដូច្នេះ​លោក​មិន​អាច​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ បន្ថែម​ពី​នេះ លោក​រឹតតែ​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ក្រុម​មនុស្ស​ដែល​យក​រថយន្ត​ដឹក​ឈើ​គ្រញូង ទៅ​លាក់​ទុក​ក្នុង​ដី​របស់​លោក​ថែម​ទៀត។ លោក​ឲ្យ​ដឹង​ថា កាល​ពី​យប់​កើត​ហេតុ​ថ្ងៃ​ទី​៦ មីនា មាន​មនុស្ស​ពីរ​ក្រុម ដោយ​ក្រុម​ទី​មួយ​បើក​រថយន្ត​ពីរ​គ្រឿង​ចូល​ទៅ​គំរាម​ប្អូន​ថ្លៃ និង​ប្អូន​បង្កើត​របស់​លោក ឲ្យ​បើក​ទ្វារ​របង​នៅ​បរិវេណ​ដី​ចម្ការ​ស្វាយ​ចន្ទី ក្នុង​ភូមិ​អណ្តាសចាស់ ឃុំ​សាលាវិស័យ ដោយ​ទុក​រថយន្ត​មួយ​គ្រឿង​នៅ​ទីនោះ ហើយ​ពួក​គេ​ថែម​ទាំង​គំរាម​ប្អូន​របស់​លោក​មិន​ឲ្យ​រាយការណ៍​ទៅ​ខាង​ក្រៅ​ទៀត​ផង។ ចំណែក​មួយ​ក្រុម​ទៀត​ដែល​ជា​ក្រុម​របស់​សមត្ថកិច្ច​ចម្រុះ ក៏​ចូល​ទៅ​ចាប់​ខ្លួន​ប្អូន​របស់​លោក​ទាំង​ពីរ បញ្ជូន​មក​ប៉ុស្តិ៍​រដ្ឋបាល ហើយ​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ចុង​ក្រោយ បញ្ជូន​ប្អូន​ប្រុស​លោក​ឈ្មោះ យិត សុវ៉ាន់ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត ចំណែក​ប្អូន​ថ្លៃ​ស្រី គឺ​ដោះ​លែង​ទៅ​វិញ។ លោក​យល់​ថា រឿង​នេះ​អាច​ជា​ការ​រៀប​គម្រោង ដើម្បី​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​លោក​ច្រើន​ជាង៖ «មុន​នឹង​ដាក់​បទ​ចោទ​ទៅ​លើ​ប្អូន​ខ្ញុំ និង​ប្អូន​ថ្លៃ​ខ្ញុំ ថា​គាត់​បើកបរ​ដឹក​ឈើ​គ្រញូង ឲ្យ​គាត់​យក​មនុស្ស​មក​ពិសោធ​ឲ្យ​បាន​ជាក់លាក់​ថា មនុស្ស​ចេះ​បើក​ឡាន​អត់»

កាល​ពី​យប់​ថ្ងៃ​ទី​៦ មីនា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​កំពង់ធំ ចាប់​បាន​រថយន្ត​ម៉ាក​កាម៉ារី (Camry) បាឡែន​មួយ​គ្រឿង ដែល​ផ្ទុក​ឈើ​គ្រញូង​ប្រមាណ ៥០​ដុំ​នៅ​ភូមិ​អណ្តាសចាស់ ឃុំ​សាលាវិស័យ ក្នុង​បរិវេណ​ដី​ចម្ការ​ស្វាយ​ចន្ទី​របស់ លោក យឹម សោភ័ណ្ឌ។

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ លោក អ៊ិត សុធា មាន​ប្រសាសន៍​ដោយ​ខ្លី​ថា សំណុំ​រឿង​នេះ​លោក​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​រួច​រាល់​ហើយ៖ «គេ​បញ្ជូន​ដល់​ចៅក្រម​ស៊ើប បាន​ន័យ​គេ​ចោទ​ប្រកាន់​រួច​ហើយ»

ប្អូន​ប្រុស​របស់ លោក យឹម សោភ័ណ្ឌ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​បទល្មើស​ដឹក​ឈើ​គ្រញូង​កាល​ពី​ថ្ងៃ​ទី​៧ មីនា។

យ៉ាង​ណា ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន បញ្ជាក់​ថា មន្ត្រី​របស់​លោក​មិន​បាន​ពាក់ព័ន្ធ​ករណី​បទល្មើស​រក​ស៊ី​ឈើ​ប្រណិត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ប៉ុន្តែ​លោក​ថា មន្ត្រី​របស់​លោក គឺ​លោក យឹម សោភ័ណ្ឌ ជា​ជន​រងគ្រោះ​ទៅ​វិញ​ទេ៖ «ហ្នឹង​ហើយ​មិន​មែន​ទេ។ ហើយ​គ្នា​ថ្ងៃ​ហ្នឹង​កំពុង​ជាប់​បង្ក្រាប​ដែរ​ហ្នឹង ហើយ​រក​អា​ឡាន​ល្មើស​ហ្នឹង​អត់​មាន ហើយ​ក៏​លេច​ចេញ​កន្លែង​គ្នា​ហ្នឹង​ទៅ»

លោក​បន្ថែម​ថា ក្រោយ​ពេល​លោក​បញ្ចប់​កិច្ច​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ ពេល​ត្រឡប់​ទៅ​ដល់​ខេត្ត​កំពង់ធំ វិញ ស្នងការ​នគរបាល​ខេត្ត​រូប​នេះ នឹង​ធ្វើ​លិខិត​មួយ​ដើម្បី​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​មួយ​នេះ​ឲ្យ​បាន​ច្បាស់លាស់ ព្រម​ទាំង​ស្វែងរក​ដំណោះស្រាយ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។