សាលាក្រុង​ថា​មិន​បាន​ដឹង​រឿង​លោក​ហ៊ុន សែន សួរ​រក​អ្នក​ឃាត់​ក្រុម​ស្ត្រី​ជិះ​កង់​ថ្ងៃ​៨​មីនា

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថា​មិន​ទាន់ដឹង​រឿង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សួរ​រក​អ្នក​ហាម​ឃាត់​ក្រុម​ស្ត្រី​និង​ពលរដ្ឋ​ជិះកង់​នៅ​ថ្ងៃ​ទី​៨ មីនា ដែល​ជា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នោះ​ទេ។

ប៉ុន្តែ​លោក ឡុង ឌីម៉ង់ នៅ​តែ​អះអាង​ថា សាលាក្រុង​បាន​ចេញ​លិខិត​ហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រារព្ធ​ពិធី​ជិះ​កង់​ទៅ​មុខ​រដ្ឋសភា ក្នុង​ថ្ងៃ​៨ មីនា តាម​ការ​ស្នើ​សុំ​ទេ ដោយ​មូលហេតុ​កក​ស្ទះ​ចរាចរណ៍៖ «ខ្ញុំ​អត់​ដឹង​រឿង​ហ្នឹង​ផង! ទាល់​តែ​ខ្ញុំ​ដឹង​ពី​បង​អ៊ីចឹង ចាំ​ខ្ញុំ​សួរ​នាំ​សិន និង​ឲ្យ​ក្រុម​ការងារ​ខ្ញុំ​ឆែក​មើល​ផេក​សម្ដេច ក៏​ប៉ុន្តែ​អ្វី​ជា​គោលការណ៍​របស់​សាលា​រាជធានី ដូច​ជា​យើង​បាន​ចេញ​លិខិត​ស.តទៅ​អស់​ហើយ ដូច្នេះ​ជំហរ​យើង​បាន​ប្រាប់​អស់​ហើយ»។

កាល​ពី​ថ្ងៃ​ទី​៨ មីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​តប​នឹង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ដាក់​ឈ្មោះ​ថា ទស្សនវិទូ។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រូប​នោះ បាន​​បញ្ចេញ​មតិ​របស់​ខ្លួន ភ្ជាប់​នឹង​រូបភាព​ដែល​បង្ហាញ​ពី​ការ​រារាំង​របស់​សមត្ថកិច្ច​ផង ដោយ​សរសេរផ្លែផ្កា​ដាក់​លោក ហ៊ុន សែន ថា​ហេតុអ្វី​បាន​ជា​លោក ហ៊ុន សែន ខ្លាច​​អ្នក​ជិះ​កង់ តែ​បែរ​ជា​ឲ្យ​អ្នក​តា​ចិន​វៀតណាម​ហែ​ស្ទះ​ពេញ​ក្រុង និង​អ្នក​ជិះ​កង់​ដែល​គាំទ្រ​លោក ហ៊ុន សែន ធ្វើ​បាន​ជាដើម។

ឆ្លើយ​តប​នឹង​មតិ​រិះ​គន់​នោះ​ដដែល លោក ហ៊ុន សែន ក៏​សួរ​ទៅ​កាន់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នោះ​វិញ​ថា តើ​អ្នក​ណា​ជា​អ្នក​ហាម? លោក​ ហ៊ុន សែន ក៏ឲ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រូប​នោះ ប្ដឹង​អាជ្ញាធរ​ដែល​នៅ​កៀក​កន្លែង​ដែល​ហាម​ឃាត់។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​សមត្ថកិច្ច​តាម​រក​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រូប​នោះ ដើម្បី​សួរ​រឿង​នេះ​ឲ្យ​ច្បាស់។

ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ចាត់​តាំង​ឲ្យ​មាន​ក្រុម​តាម​ដាន​ស្រង់​ព័ត៌មាន​ប្រចាំ​ថ្ងៃ ពី​ពលរដ្ឋ​ដែល​បាន​ប្ដឹង និង​សំណូមពរ​ពីបញ្ហា​ផ្សេងៗ​តាម​រយៈ​ហ្វេសប៊ុក (Facebook) របស់​លោក ដើម្បី​យក​មក​ត្រួត​ពិនិត្យ និង​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។