ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​របស់​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ ចាន់ ណា ប្រចាំ​ខេត្តសៀមរាប មិន​ដែល​ឃើញ​មន្ត្រី​ពាក់ព័ន្ធ​បង្ក្រាប ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ស្ទាក់​ចាប់​បាន​ខណៈ​ពេល​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចូល​មក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប​។ ហេតុការណ៍​បង្ក្រាប​ករណី​ដឹកឈើ​ល្មើសច្បាប់​ខាងលើ ធ្វើ​ឡើង​កាលពី​វេលា​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សម្តេច​ជា​ស៊ី​ម ក្នុងភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

លោក​វរសេនីយទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​មិ​នា​នេះ​មាន​ពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​រថយន្ត​កែ​ច្នៃ​ដឹកឈើ​មួយ​គ្រឿង​ចូល​មក​ក្នុង​ខេត្តសៀមរាប ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវ​សម្តេច ជា ស៊ី​ម ក្នុងភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប នៅ​វេលា​៣​និង​៣០​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៦ ទើប​លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ស្ទាក់​ចាប់​រថយន្ត កូរ៉េ​ដឹកឈើ​ខុសច្បាប់​មួយ​គ្រឿង យក​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ថ្មី ដែល​មា​នទី​តាំងនៅ​ខាងកើត អង្គរ​ឃ្យូ​ង​យូ ស្ថិត​នៅ ភូមិ​ព្រៃ​គុយ សង្កាត់​អំពិល ក្រុង​សៀមរាប ដើម្បី​រក្សា​ទុក​បណ្តោះអាសន្ន​។

លោក​បាន​បន្ត​ថា លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​១០​និង​៣០​ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ​២០១៦ កម្លាំង​របស់​លោក​បាន​ហៅ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃ​បន្ទាយស្រី ដើម្បី​មក​ធ្វើការ​វាស់វែង រួច​ប្រគល់​ឱ្យ​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រថយន្ត​ដែល​កម្លាំង​ជំនាញ​បង្ក្រាប​បាន​នេះ ជា​រថយន្ត​កូរ៉េ ១​តោន​កន្លះ ដែល​មាន​ម្ចាស់​ឈ្មោះ ចាន់ ណា អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប គេ​បាន​យក​រថយន្ត​នេះ​មក​កែ​ច្នៃ​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ប៉​ន្តែ​ដោយសារ​ឈើ​ប្រភេទ​លេខ​២ ទើប​កម្លាំង​ជំនាញ​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​នោះ​ទេ គ្រាន់តែ​សួរនាំ​ប៉ុណ្ណោះ​។ លោក ឡឹ​ង សុខា មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ​២០១៦​ថា ឈើ​ដែល​កងរាជអាវុធហត្ថ​ចាប់​បាន​ប្រគល់​ឱ្យ​នេះ​មាន​ចំនួន​២៦៦​ដុំ​ស្មើនឹង​៩,៤១​ម៉ែត្រគូប ដែល​ជា​ឈើ​ប្រភេទ​ផ្តៀក ។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​បាន​វាស់​និង​រាប់​រួច​មក កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​យក​វត្ថុ​តាង​ទាំងអស់​មាន​ដូច​ជា រថយន្ត​កែ​ច្នៃ និង​ឈើ​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ដើម្បី​រង់ចាំ​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ ចំពោះ​ការ​លើក​ឡើង​នេះ​លោក​ម៉ុង ប៊ុ​ន​លី​ម បាន​ធ្វើការ​បដិសេធ​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ​២០១៦​នេះ​ថា លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​ដូច​ការ​លើក​ឡើង​នេះ​ទេ​។ លោក​បន្ត​ថា​រាល់​បទល្មើស​ដែល​ទាក់ទង​ជាមួយ​ជំនាញ​របស់​លោក ឱ្យ​តែ​ដឹង​លោក​នឹង​បង្ក្រាប​ភ្លាម​។

តាម​ប្រភព​ពី​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ចំពោះ​ឈ្មួញ​ឈើ​ម្នាក់​នេះ​មានឈ្មោះ ចាន់ ណា ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​រកស៊ី​ដឹកឈើ​ខុសច្បាប់​ចូល​មក​ក្រុង​សៀមរាប ជា​ច្រើន​ឆ្នាំ​មក​ហើយ មិនសូវ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់​ចេញ​មុខ​មក​ចាប់​នោះ​ទេ ដោយសារ​តែ​គេ​មាន​មន្ត្រី​ព្រៃឈើ​បន្ទាយស្រី ធ្វើ​ជា​ខ្នងបង្អែក​នៅ​ពី​ខាងក្រោយ​៕