សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បង្កើត​ក្រុម​ការងារ​ពិសេស​ដើម្បី​ជួយ​វិស័យ​ស្រូវ​អង្ករ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ប្រកាស​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ និង​បង្កើត​កញ្ចប់​ថវិកា​ជំនួយ​សង្គ្រោះ​ដើម្បី​ជួយ​ពង្រឹង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ខណៈ​ក្រុម​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ព្រមាន​ពី​ការ​ក្ស័យធន។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្រុម​ជំនាញ​ផ្នែក​ស្រូវ​អង្ករ ដែល​មាន​សមាសភាព​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ពី​រដ្ឋាភិបាល និង​ពី​ដៃគូ​ពាក់ព័ន្ធ​នឹង​ធ្វើ​ការងារ​ជាមួយ​ក្រុម​ការងារ​ពិសេស ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់ ដែល​កំពុង​លេច​ឡើង​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា។

លោក​បន្ថែម​ទៀត​ថា កញ្ចប់​ថវិកា​សង្គ្រោះ ក៏​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ជួយ​ជ្រោមជ្រែង​ក្រុម​ផលិតករ​អង្ករ ដែល​ហៀប​នឹង​ដាច់ខ្យល់។ លោក ពុទ្ធីវុធ បញ្ជាក់​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​ស្នើ​ថវិកា​ប្រមាណ​ពី ២០ ទៅ ៤០​លាន​ដុល្លារ​ពី​រដ្ឋាភិបាល តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ភូមិ (RDB) ឲ្យ​ដាក់​ឥណទាន​ជួយ​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​រយៈពេល​ខ្លី។ ទឹក​ប្រាក់​នេះ នឹង​ឲ្យ​ផលិតករ​អង្ករ​ខ្ចី​ជា​ដើម​ទុន​ប្រមូល​ទិញ​ស្រូវ​ស្តុក​ទុក​កិន៖ «នឹង​បន្ថែម​កម្លាំង​ថែម​ទៀត ទៅ​ដល់​សហព័ន្ធ​ស្រូវ​អង្ករ​យើង ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ទៀត ដែល​ក្នុង​រយៈពេល​ខ្លី​នេះ​កើត​ឡើង។ យើង​បាន​ឯកភាព​គ្នា​ដោះស្រាយ​ទៅ​លើ​ស្ថានភាព​ដែល​កំពុង​តែ​ជួប​ប្រទះ​នេះ»

ការ​ចាត់​វិធានការ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ពេល​នេះ កើត​ឡើង​ស្រប​ពេល​ក្រុម​ផ្ដួចផ្ដើម​មួយ​ដែល​ជា​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ (RISKS) ព្រមាន​តាម​រយៈ​របាយការណ៍​មួយ​ដែល​ផ្ញើ​ជូន​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ថា ផលិតករ​អង្ករ​ក្នុង​ស្រុក​កំពុង​ប្រឈម​នឹង​ការ​ក្ស័យធន ដោយ​ទាមទារ​ឲ្យ​មាន​វិធានការ​បន្ទាន់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បញ្ជាក់​ថា វិធានការ​ដែល​បាន​ដាក់​ចេញ​មិន​មែន​បន្ទាប់​ពី​ឃើញ​ការ​ព្រមាន​ក្នុង​របាយការណ៍​នេះ​ទេ។ លោក សុខ ពុទ្ធីវុធ ថ្លែង​ថា ការ​ដាក់​ចេញ​នូវ​ផែនការ​នេះ បន្ទាប់​ពី​សហព័ន្ធ​របស់​លោក​បាន​សិក្សា​ពី​ភាព​ខ្សោយ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា កន្លង​មក។

អ្នក​គ្រប់គ្រង​ការ​នាំ​ចេញ​អង្ករ​នៃ​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ក្នុង​ខេត្ត​កំពង់ធំ អ្នកស្រី អៀ ចាន់សុភ័ណ្ឌ អបអរសាទរ​នឹង​ចំណាត់​ការ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​នៅ​ពេល​នេះ។ ក៏​ប៉ុន្តែ​អ្នកស្រី​ព្រួយ​បារម្ភ​ពី​ប្រសិទ្ធ​នៃ​ក្រុម​ការងារ​ដែល​បង្កើត​ថ្មី ពិសេស​កញ្ចប់​ថវិកា​សង្គ្រោះ ដោយ​អ្នកស្រី​សំដៅ​ទៅ​លើ​ការ​រឿង​អាស្រូវ​បក្ខ​ពូក​និយម និង​កង្វះ​ប្រសិទ្ធភាព​ការងារ​នៅ​ក្នុង​ស្ថាប័ន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កន្លង​មក។ អ្នកស្រី​រំពឹង​ថា រោង​ម៉ាស៊ីន​កិន​ស្រូវ​តូចតាច​ដូចជា​ក្រុមហ៊ុន​អ្នកស្រី​នឹង​អាច​ទទួល​បាន​ផល​ពី​វិធានការ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា៖ «និយាយ​រួម បើ​គាត់​បំបាត់​បក្ខពួក​និយម វា​ល្អ​ដែរ។ ជួន​កាល​ គាត់​សមាគម សមាគម តែ​គាត់​បក្ខ​ពួក​គ្នា​គាត់​អ៊ីចឹង។ រោង​ម៉ាស៊ីន​យើង​តូច​តាច គេ​​មិន​សូវ​ជា care (ខ្វល់)»

ក្រុម​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ស្នើ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​កម្ចី​ប្រមាណ ២៥០​លាន​ដុល្លារ ក្នុង​អត្រា​ការប្រាក់ ៤​ភាគរយ ក្នុង​មួយ​ឆ្នាំ។ បញ្ហា​តម្លៃ​អគ្គិសនី​ថ្លៃ ក៏​ជា​ឧបសគ្គ​របស់​ក្រុម​ផលិតករ​អង្ករ។ ក្រុម​អ្នក​កិន​អង្ករ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​តម្លៃ​ពន្ធ​បន្ថែម (VAT)។

ក្រុម​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ ដដែល រក​ឃើញ​ថា ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​ជិត​ខាង ក៏​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​វិស័យ​ស្រូវ​អង្ករ​នៅ​ប្រទេស​កម្ពុជា ដោយ​ត្រូវ​បង្កើត​ជា​ចំនួន​កូតា (Quota) ច្បាស់លាស់​ចំពោះ​ការ​នាំ​អង្ករ​ចូល​ពី​បរទេស។

របាយការណ៍​របស់ RISKS បាន​ប៉ាន់​ប្រមាណ​ថា អង្ករ​ប្រមាណ​ពី ៧០​ម៉ឺន​តោន ទៅ ៨០​ម៉ឺន​តោន ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​​២០១៥។

ជា​ការ​ឆ្លើយ​តប​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហភាព​ស្រូវ​អង្ករ​កម្ពុជា លោក ចាន់ សុឃាំង ពន្យល់​ថា ដោយសារ​កម្ពុជា មាន​សេដ្ឋកិច្ច​ទីផ្សារ​សេរី ដូច្នេះ​កម្ពុជា មិន​អាច​ហាមឃាត់​មិន​ឲ្យ​នាំ​អង្ករ​ចូល​ពី​បរទេស​បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ជា​នីតិវិធី​ជាក់លាក់​មួយ​ដើម្បី​កំណត់​ពី​ស្តង់ដារ​នៃ​នាំ​អង្ករ​ចូល​ពី​បរទេស ដូចជា​ការ​បង់ពន្ធ​ការ​ធានា​គុណភាព​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។