NGO-CEDAW ឆ្លើយ​តប​នឹង​មន្ត្រី​នៃ​ក្រសួង​កិច្ចការ​នារី​ទាក់ទង​នឹង​ការ​ដាក់​ញត្តិ​និង​ជូន​ផ្កា

តំណាង​ក្រុម​គណៈកម្មាធិការ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី​ភេទ ហៅ​កាត់​ថា អិន.ជី.អូ ស៊ីដ (NGO CEDAW) ឆ្លើយ​តប​នឹង​មន្ត្រី​នៃ​ក្រសួង​កិច្ចការ​នារី ដែល​ថា ក្រុម​នេះ​មិន​បាន​ដាក់​ញត្តិ និង​ជូន​ផ្កា​តាម​ការ​ជូន​ដំណឹង។

អ្នក​សម្រប​សម្រួល អិន.ជី.អូ ស៊ីដ អ្នកស្រី ជឹម ចាន់នាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ មីនា ថា គណៈកម្មាធិការ អិន.ជី.អូ ស៊ីដ ដែល​មាន អ្នកស្រី ពុង ឈីវកេក ជា​ប្រធាន ពិត​ជា​បាន​ជូន​ដំណឹង​ថា មាន​ក្បួន​ជិះ​កង់ ដាក់​ញត្តិ និង​ជូន​បាច់​ផ្កា​ទៅ​ក្រសួង​កិច្ចការ​នារី នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ប្រាកដ​មែន ប៉ុន្តែ​គម្រោង​នោះ​បាន​ផ្លាស់ប្ដូរ​វិញ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ហាម​ឃាត់៖ «សាលា​ក្រុង​គាត់​អត់​ឯកភាព​ឲ្យ​យើង​ធ្វើ អិន.ជី.អូ ស៊ីដ ក៏​សម្រេច​ផ្អាក​សកម្មភាព​ហ្នឹង ព្រោះ​សាលា​ក្រុង​គាត់​ឲ្យ​ធ្វើ​នៅ​នឹង​កន្លែង...»

ការ​ឆ្លើយ​តប​នេះ បន្ទាប់​ពី​អគ្គនាយក​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី គឹម ស៊ីផាត់ ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៨ ខែ​មីនា ថា អ្នកស្រី​បាន​រង់ចាំ​តំណាង​គណៈកម្មការ អិន.ជី.អូ ស៊ីដ ដែល អ្នកស្រី ពុង ឈីវកេក ជា​ប្រធាន​នោះ មិន​បាន​ជូន​ផ្កា​ឲ្យ​អ្នកស្រី ដូច​នឹង​លិខិត​ជូន​ដំណឹង​នៅ​មុន​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឡើយ។

ទោះ​ជា​យ៉ាង​ណា ករណី​នេះ អ្នក​សម្រប​សម្រួល អិន.ជី.អូ ស៊ីដ បញ្ជាក់​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​ការ​ផ្ដល់​ព័ត៌មាន​យឺតយ៉ាវ​របស់​មន្ត្រី​ក្រសួង​កិច្ចការ​នារី ខ្លួន​ឯង ទាក់ទង​នឹង​ការ​លុប​ចោល​កម្មវិធី​របស់ អិន.ជី.អូ ស៊ីដ នៅ​ក្នុង​ថ្ងៃ​ដែល​មន្ត្រី​រាជការ​ភាគ​ច្រើន​សម្រាក​ពី​ការងារ។ អ្នកស្រី ជឹម ចាន់នាង ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ មន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​ទទួល​ស្គាល់​ពី​បញ្ហា​នេះ​ហើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។