បុគ្គលិក​សហជីព​និង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​សេរី​(​ខេ​ម​បូ​ឌា​)​ត្រូវ​បាន​ដោះ​លែង​ បន្ទាប់​ពី​ជាប់​ឃុំខ្លួន​អស់​រយៈពេល​៣៧​ថ្ងៃ​

​បុគ្គលិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ម្នាក់​ គឺ​កញ្ញា​ យ៉ុ​ង​ លាភ​ និង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​(​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ "Cerie​ (Cambodia)​ Garment​ Co.,​ Ltd."​ ម្នាក់​ទៀត​គឺ​លោក​ ទូច​ ស្រ៊ុ​ន​ ដែល​ប៉ូលិស​ចាប់​ឃាត់ខ្លួន​ និង​សាលាដំបូង​ខេត្តកំពង់ស្ពឺ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ នា​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ កាលពី​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ តាម​បណ្តឹង​របស់​ភាគី​តំណាង​រោងចក្រ​ ចុះ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​នោះ​ ត្រូវ​បាន​លោក​ ម៉ែ​ន​ វណ្ណៈ​ អនុប្រធាន​ និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ​ នៅ​វេលា​ល្ងាច​នា​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ បន្ទាប់​ពី​ទទួល​រង​ការ​ជាប់​ឃុំខ្លួន​អស់​រយៈពេល​៣៧​ថ្ងៃ​រួច​មក​ ខណៈ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ឋិត​ជាប់​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ។​

​គួរ​រំលឹក​ជូន​ថា​ ដោយសារ​មិន​មាន​ដំណោះស្រាយ​យុត្តិធម៌​ណាមួយ​ពី​ភាគី​និយោជក​រោងចក្រ​សេរី​(​ខេ​ម​បូ​ឌា​)​នោះ​ កម្មករ​ កម្មការិនី​រោងចក្រ​មួយ​ក្រុម​ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៦​តរៀង​មក​ ដើម្បី​ទាមទារ​ឲ្យ​ភាគី​និយោជក​រោងចក្រ​អនុវត្តន៍​តាម​សេចក្តី​បង្គាប់​លេខ​៣០២/១៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ដែល​បាន​សម្រេច​បង្គាប់​ឲ្យ​ភាគី​និយោជក​រោងចក្រ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ចំនួន​៣​នាក់​ ដែល​និយោជក​បញ្ឈប់​ពី​ការងារ​ដោយ​ខុសច្បាប់​ បាន​ចូល​ធ្វើការ​វិញ​ ហើយ​ក៏​នៅ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ ក៏​មាន​អំពើ​ហិង្សា​កើតឡើង​បន្តិចបន្តួច​ តែ​ពុំ​មាន​ភាគី​ណាមួយ​បង្ក​របួស​ស្នាម​អ្វី​ទេ​ ។​ ស្រាប់តែ​នៅ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ តំណាង​ភាគី​និយោជក​រោងចក្រ​បាន​ដាក់​ពាក្យបណ្តឹង​ជូន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដោយ​ប្តឹង​ចោទប្រកាន់​មនុស្ស​ចំនួន​១១​នាក់​ដែល​ចូលរួម​ធ្វើ​កូដកម្ម​ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ។​ ខណៈ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​កំពុង​ដំណើរការ​នីតិវិធី​លើ​បណ្តឹង​នៅឡើយ​ ស្រាប់តែ​នៅ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ចាប់​ឃាត់ខ្លួន​កញ្ញា​ យ៉ុ​ង​ លាភ​ និង​លោក​ ទូច​ ស្រ៊ុ​ន​ ដោយ​គ្មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​ស្ថាប័ន​តុលាការ​ បញ្ជូន​មក​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ហើយ​ក៏​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង​ សឿ​ ឡង​ឌី​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បើក​ការ​ស៊ើបសួរ​ប្តឹង​ចោទប្រកាន់​ និង​លោក​ ម៉ែ​ន​ វណ្ណៈ​ អនុប្រធាន​ និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ សម្រេច​ឃុំខ្លួន​អ្នក​ទាំង​ពីរ​ដាក់​ពន្ធនាគារ​ភ្លាមៗ​តែ​ម្តង​ ៕​

បុគ្គលិក​សហជីព​និង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​សេរី​(​ខេ​ម​បូ​ឌា​)​ត្រូវ​បាន​ដោះ​លែង​ បន្ទាប់​ពី​ជាប់​ឃុំខ្លួន​អស់​រយៈពេល​៣៧​ថ្ងៃ​ បុគ្គលិក​សហជីព​និង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​សេរី​(​ខេ​ម​បូ​ឌា​)​ត្រូវ​បាន​ដោះ​លែង​ បន្ទាប់​ពី​ជាប់​ឃុំខ្លួន​អស់​រយៈពេល​៣៧​ថ្ងៃ​

Related