ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប​៖ កម្លាំង​ការិយាល័យ​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយឯក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង
ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ការ​ឃាត់​មុខសញ្ញា​លួច​ម៉ូតូ បាន​ចំនួន​២​នាក់ ១.​ឈ្មោះ ម៉ៅ សុភា អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

២.​ឈ្មោះ ងុ​ន ភឿន អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា​។ លោក​បន្ត​ថា​ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ពួក​គេ​បាន​សារភាព​ថា នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​យប់ ជនសង្ស័យ​ឈ្មោះ ម៉ៅ សុភា បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជាមួយ​ឈ្មោះ រាក់ អាយុ​ប្រហែល​២៧ ទីកន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ នៅ​ម្ដុំ​កន្លែង​លាង​ម៉ូតូ​មួយ​កន្លែង​គ្មាន​យីហោ ចម្ងាយ​១០០​ម៉ែត្រ​ពី​ខាងលិច​ផ្សារ​ប៉េសេ និង​ផ្ទះសំណាក់​យីហោ ហេង ងួ​ន សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ហើយ​យក​ទៅ​ទុក​នៅ​កន្លែង​បាញ់​ត្រី មុខ​ស្ទឹង​មាន​ជ​យ័ បាន​មួយ​យប់​។

លុះ​ព្រឹក​ឡើង​ក៏​បាន​នាំ​គ្នា​ទៅ​ជួប​ឈ្មោះ ងុ​ន ភឿន ដើម្បី​រក​កន្លែង​លក់ ទើប​ឈ្មោះ ភឿន ជិះ​ចេញ​មក​លក់​នៅ​ខេត្តសៀមរាប​តែ​ម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។ ចំណែក​វត្ថុ​តាង កម្លាំង​ជំនាញ​កំពុងធ្វើការ​ទាក់ទង​សុំ​សហ​ការណ៍​ទៅ​ខាង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​ម្ចាស់​វិញ​៕