មេ​សហជីព​នៅតែ​មិនទាន់​ស្ងប់ចិត្ត ក្រោយពី​រដ្ឋសភា​បើក​សិក្ខាសាលា​ស្តីពី​ច្បាប់​សហជីព​

​រដ្ឋសភា​បាន​បើក​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​សេចក្តីព្រាងច្បាប់​សហជីព នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា​នេះ​។ តំណាង​សហជីព និង​តំណាង​ក្រសួង​មួយចំនួន ព្រមទាំង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​នានា សរុប​ជិត​៤០០​នាក់ បាន​ចូលរួម​បញ្ចេញមតិ និង​ស្តាប់​ការផ្តល់​យោបល់​ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ ក្រោយពី​បញ្ចប់​សិក្ខាសាលា​នេះ មេ​សហជីព នៅតែ​ខ្វល់ខ្វាយ​ដដែល ដោយ​ពួកគេ​យល់ថា រដ្ឋសភា​អាច​នឹងមិន​ធ្វើតាម​សំណើ​របស់​ពួកគេ​ឡើយ ពោលគឺ​ស្ថាប័ន​នេះ គ្រាន់តែ​បើក​សិក្ខាសាលា ឲ្យ​តែ​ល្អមើល​ប៉ុណ្ណោះ​។

​មេ​សហជីព​ទូទាំងប្រទេស​បានមក​ប្រមូល​ផ្គុំ​គ្នា​នៅមុខ​វិមាន​រដ្ឋសភា នៅ​ព្រឹក​នេះ​។ ការកៀងគរ​គ្នា​មក​វិមាន​រដ្ឋសភា គឺ​ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ ទទួលយក​សំណើ​របស់​ពួកគេ ជុំវិញ​ការ​លុប​និង​ការកែប្រែ​នូវ​ចំណុច​អវិជ្ជមាន​មួយចំនួន ដែល​ចែង​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ ក្នុងចំណោម​មេ​សហជីព​ប្រមាណ​៣០០​នាក់ នៅ​ទូទាំងប្រទេស​ដែល​មក​តវ៉ា មេ​សហជីព​ជិត​៣០​នាក់ បាន​ចូលរួម​ក្នុង​សិក្សា​សាលា​នេះ ដើម្បី​ផ្តល់យោបល់​ដល់​រដ្ឋសភា​។​

​ក្នុង​សិក្ខាសាលា​នេះ តំណាង​សហជីព​២២​រូប​បាន​ឡើង​បញ្ចេញមតិ​។ ក្នុងចំណោម​មេ​សហជីព​ទាំងនោះ មេ​សហជីព​ភាគច្រើន​ដែលមាន​ទំនោរ​ទៅរក​កម្មករ បាន​លើកឡើងថា ច្បាប់​សហជីព មាន​ចំណុច​អវិជ្ជមាន​ច្រើនជាង​ចំណុច​វិជ្ជមាន ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​សហ​ជីព​និង​កម្មករ​និ​យោ​ជិ​ក​។ តំណាង​សហជីព​ទាំងនោះ ថែមទាំង​ស្នើ​ឲ្យ​រដ្ឋសភា ពន្យារពេល​នៃ​ការអនុម័ត​ច្បាប់​នេះ ហើយ​បន្ត​ការជជែក​គ្នា​ជាមួយ​ក្រុម​សហជីព​បន្ថែមទៀត​។ ប៉ុន្តែ សហជីព​ខ្លះ ដែលមាន​សមានចិត្ត​ទៅរក​និយោជក បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ច្បាប់​នេះ​ទាំងស្រុង និង​ជំរុញ​ឲ្យ​រដ្ឋសភា​អនុម័ត​ឲ្យ​បាន​លឿន ដើម្បី​បម្រើ​ផលប្រយោជន៍​កម្មករ​និង​និយោជក​។

​ការពិតទៅ​! ការទាមទារ​របស់​មេ​សហជីព គ្មានអ្វី​ក្រៅពី​សុំ​ឲ្យ​លុប​និង​កែលម្អ​នូ​វច​ណុ​ច​ទាំង​២១ ដែល​ពួកគេ​ធ្លាប់ សំណូមពរ​នោះទេ​។ កន្លងមក ពួកគេ​ព្រួយបារម្ភ​ថា បើ​ចំណុច​ទាំង​២១​នោះ នៅតែ​មិន​ត្រូវបាន​លុប​ឬ​កែប្រែ ភាគី​ដែល​បាត់បង់​សិទ្ធិសេរីភាព​ខ្លាំងជាងគេ គឺ​កម្ម​ការ​និង​សហជីព​។ យ៉ាងណា​ក៏ដោយចុះ ការផ្តល់​យោបល់​ទាំង​អម្បាលម៉ាន គ្រាន់តែ​ការផ្តល់​ឱកាស​ដល់​ពួ​សហជីព​បានលើកឡើង​ប៉ុណ្ណោះ តែ​ការ​លុប​ឬ​កែប្រែ​យ៉ាងណា​នោះ គឺជា​អំណាច​របស់​ស្ថាប័ន​នីតិបញ្ញត្តិ​។

​បណ្តា​មេ​សហជីព​ដែល​បាន​ចូលរួម​ពិភាក្សា មេ​សហជីព​មួយចំនួន មាន​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​, លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​, លោក សៀង សម្បត្តិ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ និង​លោកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ជាដើម បានផ្តល់​បទ​សម្ភាស​ដ​ល់​ក្រុម​អ្នកសារព័ត៌មាន​នៅមុខ​វិមាន​រដ្ឋសភា ជុំវិញ​លទ្ធផល​នៃ​សិក្ខាសាលា​នេះ​។ ពួក​លើកឡើង​ស្រដៀង​គ្នា​ថា ថ្វីដ្បិតតែ​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ បាន​បើក​ជំហរ​និង​មើលទៅ​ដូច​ទូលំទូលាយ​ក៏ពិតមែន តែ​នៅមាន​លក្ខណ​ចង្អៀតចង្អល់​នៅឡើយ​។ ការអះអាង​បែបនេះ ដោយ​ពួកគេ​សំអាងថា សហជីព​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​បំភ្លឺ តែ​មិនបាន​បកស្រាយ​ឲ្យ​អស់ ព្រោះ​ពេលវេលា​នៃ​ការបញ្ចេញមតិ​ខ្លី​ពេក​។ ជាងនេះទៀត តំណាង​សហជីព​ទាំងនោះ នៅតែ​ភ័យព្រួយ​ថា ការស្នើសុំ​របស់​ពួកគេ អាច​មិន​ត្រូវបាន​រដ្ឋសភា បញ្ចូល​ទៅក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។

​ក្នុងចំណោម​មេ​សហជីព​ធំៗ​ទាំងនោះ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ លោក សៀង សម្បត្តិ បាន​សង្កត់ធ្ងន់ៗ​ថា​៖«​វា​ជា​រឿង​ល្អ​ដែល​រដ្ឋសភា​បើកឱកាស​ឲ្យ​ពួ​យើង​បាន​ចូលរួម តែ​អ្វីដែល​យើង​មើលឃើញ គឺថា ពួកយើង​មាន​គ្នា​ហើយ​មានរឿង​ជាច្រើន ដែល​ត្រូវ​និយាយ តែ​និយាយ​មិន​អស់​ព្រោះ​ពេល​ខ្លី​ពេក​។ អ៊ីចឹង​សូម​រដ្ឋសភា​បន្ត​បើកឱកាស​ឲ្យ​ពួកយើង​បន្ថែមទៀត ព្រោះ​ប៉ុណ្ណឹង​មិនទាន់​គ្រាប់​គ្រាន់​ទេ​។ [....] ឱកាស​នៃ​ការនិយាយ​របស់​យើង ហាក់ដូច​រឹតត្បិត​មិន​ឲ្យ​និយាយបាន​ច្រើន​។ អ៊ីចឹង​ហើយ​បាន​យើង​គិតថា សិក្ខាសាលា​នេះ​មើលទៅ​ដូចជា​ទំ​លំ​ទូលាយ តែ​គ្រាន់តែ​ជា​រូបភាព​ទេ​។ យើង​មិន​ចង់​បានតែ​រូបភាព​ទេ តែ​ចង់​ឲ្យ​មាន​ការជជែក​និង​ទទួល​យោបល់​របស់​ពួកយើង​ឲ្យ​បានច្បាស់លាស់ មិនមែន​គ្រាន់​បកស្រាយ ចប់​នោះទេ​។ ម្យ៉ាងទៀត យើង​មិនទាន់​ដឹងថា រដ្ឋសភា​ទទួលយក​ឬ​អត់​នោះទេ​។ បើ​ច្បាប់​នេះ​ចេញ​ដោយ​មិន​ទទួល​សំណើ​របស់​ពួកយើង អ្នករងគ្រោះ​បំផុត​គឺ​កម្មករ​និង​សហជីព​»​។         

​សូម​រម្លឹកថា កន្លងមក គណៈកម្មការ​ចំពោះ​កិច្ច ដែល​កើតចេញពី​បក្ស​ប្រជាជន​កម្ពុជា​និង​បក្ស​សង្គ្រោះ​ជាតិ បាន​ជួបគ្នា​ចំនួន​៣​លើក ដើម្បី​ពិភាក្សា​លើ​ចំណុច​ទាំង​២១ ដែល​ភាគី​សហជីព​ស្នើ​ឲ្យ​កែប្រែ​។ ប៉ុន្តែ​ការពិភាក្សា​នោះ ត្រូវបាន​មេ​សហជីព មើលឃើញថា ផ្តល់​ផល​អវិជ្ជា​មាន​ច្រើនជាង​វិជ្ជា​មាន​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​