២ខែនាវា ទេសចរណ៍ អន្តរជាតិ ចូលចតកំពង់ផែ ព្រះសីហនុ១៦គ្រឿង និងមានភ្ញៀវ ជាង២ម៉ឺននាក់

ភ្នំពេញ៖នាវាទេសចរណ៍ បរទេសចូលចត កំពង់ផែស្វយ័តអន្តរជាតិ ខេត្តព្រះសីហនុ ក្នុងរយៈពេល២ខែ ដើម ឆ្នាំ២០១៦ បានចូលចតធ្វើទស្សនកិច្ច ចំនួន១៦លើក មានភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន ២០.១០៧នាក់ ក្នុងនោះ ស្រីមាន ចំនួន ១០.៥១១នាក់ និងមាននាវឹកសរុបចំនួន៨.៨២៨នាក់ ស្រី ១.៨២១នាក់។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ថា បើប្រៀបធៀបទៅនឹង រយៈពេល២ខែ ដើមឆ្នាំ២០១៥ មាននាវាទេសចណ៍ បរទេសចូលចត កំពង់ផែ អន្តរជាតិ ខេត្តព្រះសីហនុចំនួន ១៣លើក មានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ១០.៤៧១នាក់ ស្រី ៥៥២៨នាក់ និងមាននាវិកសរុបចំនួន ៦៣៥១នាក់ ស្រី ១២១៥នាក់ កើនឡើងចំនួន៣លើក។

លោកវរសេនីយ៍ឯក ស៊ាង ឡេង  ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារ កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “ការកើនឡើងនូវភ្ញៀវទេសចរ តាមផ្លូវកំពង់ផែ សមុទ្រដោយសារ ទី១គឺ កម្ពុជាទទួលបាននូវសន្តិភាព ជាពិសេសខេត្តព្រះសីហនុធានាបាននូវសន្តិសុខ សុវត្ថិភាពសាធារណៈ ជូនភ្ញៀវទេសចរ បានល្អ និងមានអនាម័យ បរិស្ថានកាន់តែស្អាត, ទី២ឆ្នេរសមុទ្រខ្សាច់សស្អាតពីធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ដែលរាជរដ្ឋាភិបាលកម្ពុជាប្រសិទ្ធនាមថា ជាតារារះនាទិសនិរតី ម្យ៉ាងទៀតឆ្នេរ សមុទ្រកម្ពុជាបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាត លើពិភពលោកកាល ពីឆ្នាំ២០១១  ជាកត្តាទាក់ ទាញភ្ញៀវទេសចរ បរទេសមកលេងកម្សាន្តនៅខេត្តព្រះសីហនុ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ”។

លោកបានបន្ថែមថា បច្ចុប្បន្ន ផ្លូវសមុទ្រ ខេត្តព្រះសីហនុ មានសារៈសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសធ្វើដំណើរ តាមនាវាចូលមកលេងកម្សាន្តនៅ ខេត្តព្រះសីហនុ មានការកើនឡើងជាលំដាប់ ហើយក៏ជាផ្លូវសេដ្ឋកិច្ច មួយ យ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទទៅកាន់បរទេស និងដឹកចូលមកកម្ពុជាផងដែរ ។

ខេត្តព្រះសីហនុជាខេត្តតំបន់សេដ្ឋកិច្ចពិសេស និងអភិវឌ្ឍន៍ឧស្សាហកម្មបៃតង ដែលជាខេត្តយុទ្ធសាស្ត្រ ដ៏សំខាន់ក្នុងការជួយពង្រឹងសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលមានគម្រោងពង្រីកផ្លូវជាតិ និងអន្តរជាតិ និងផ្លូវទឹក ព្រមទាំងផ្លូវតភ្ជាប់ទៅតំបន់ជនបទ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ដើម្បីជំរុញកំណើន ពាណិជ្ជកម្ម។ រាជរដ្ឋាភិបាលកម្ពុជា រៀបចំកសាងផ្លូវរថភ្លើងឡើងវិញ ដើម្បីជួយសម្រួលក្នុងការដឹកជញ្ជូន និងធ្វើដំណើរ របស់ប្រជាពលរដ្ឋដែលភ្ជាប់ទៅនឹង ផ្លូវអន្តរជាតិអាស៊ានផងដែរ៕

២ខែនាវា ទេសចរណ៍ អន្តរជាតិ ចូលចតកំពង់ផែ ព្រះសីហនុ១៦គ្រឿង និងមានភ្ញៀវ ជាង២ម៉ឺននាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត