ធ្វើ​ដូចម្តេច​ទើប​ច្បាស់ ថា​ខ្ញុំ​មាន​ជំងឺ រលាក​ក្រពេញប្រូ​ស្តាត​?

ធ្វើ​ដូចម្តេច​ទើប​ច្បាស់ ថា​ខ្ញុំ​មាន​ជំងឺ រលាក​ក្រពេញប្រូ​ស្តាត​?

​ការ​រលាក​ក្រពេញប្រូ​ស្តាត ច្រើន​តែ​ធ្វើ​រោគវិនិច្ឆ័យ​ដឹង តាមរយៈ​ការវិភាគ លើ​ទឹកនោម​របស់​អ្នកជំងឺ និង​ការពិនិត្យ​លើ​ក្រពេញប្រូ​ស្តាត​។ ចំពោះ​ការពិនិត្យ គឺ​គ្រូពេទ្យ​ត្រូវ​ប្រើ​ម្រាមដៃ លូក​ចូល​ទៅ​តាម​រុន្ធ​គូថ ដើម្បី​ស្ទាប​លើ​ស្ថានភាព របស់​ក្រពេញប្រូ​ស្តាត ដើម្បី​ដឹង​ថា​ក្រពេញ​នោះ​ធម្មតា ឬ​មិន​ធម្មតា​។ ជា​ម្តងម្កាល គ្រូពេទ្យ​ក៏​អាច​នឹង​ធ្វើ​តេស្ត លើ​ទឹករំអិល ដែល​ចេញពី​ក្រពេញប្រូ​ស្តាត​ផងដែរ​។

​ពេលខ្លះ ការ​ម៉ាស្សា​ក្រពេញប្រូ​ស្តាត ត្រូវបាន​ធ្វើឡើង ដើម្បី​ប្រៀបធៀប​ទៅលើ ទឹករំអិល​របស់​ក្រពេញ​នេះ​ទាំង​មុន និង​ក្រោយពេល​ម៉ាស្សា​។ ដោយសារ​តែ​ខ្លាច​មាន ការបង្ក​រោគ​ចូលទៅ​ក្នុង​ចរន្តឈាម ក្នុង​ពេល​ពិនិត្យ​ដោយ​លូក​រុន្ធ​គូថ ដូច្នេះ គេ​មិន​ធ្វើ​វា ក្នុងករណី​ដែល​រលាក​ក្រពេញប្រូ​ស្តាត​បង្កឡើង​ដោយ បាក់តេរី​ស្រួចស្រាវ​ឡើយ​។

ក្រៅពីនេះ មាន​តេស្ត​ជាច្រើន​ទៀត ដែល​ត្រូវ​ធ្វើ​ដូចជា ការរាប់​គ្រាប់​ឈាម (Completed Blood Count, CBC) ពិនិត្យ​ទៅលើ​កម្រិត​អេឡិចត្រូ​លីត្រ (Electrolyte Panel) បណ្តុះ​មេរោគ​ក្នុង​ឈាម កៀរ​សារធាតុ​ដែល​ហៀរ ចេញពី​បង្ហួរនោម​បើសិនជា​មាន និង​ពេលខ្លះ អាច​នឹង​ពិនិត្យ​លើ កម្រិត​របស់​សារធាតុ Prostate-specific Antigen (PSA) ទៀតផង​។ ការ​ធ្វើ​តេស្ត​រក​កម្រិត PSA ត្រូវបាន​ប្រើ ដើម្បី​រក​មើល​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​ទេ ប៉ុន្តែ ការកើនឡើង​ចំនួន​របស់​វា​លើសពី​ធម្មតា ក៏​អាច​ជា​សញ្ញា​របស់ ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​ដែរ​។

តេស្ត​ផ្សេងៗ​ទៀត ដែល​អាច​ប្រើ​មានដូចជា Urodynamic Tests (​ពិនិត្យ​ទៅ​លើ​របៀប ដែល​ប្លោកនោម​បញ្ចេញ​ទឹកនោម​បានល្អ​ប៉ុណ្ណា បើសិនជា​ការ​រលាក​ក្រពេញប្រូ​ស្តាត កំពុងតែ​ប៉ះពាល់​ដល់​លទ្ធផល នៃ​ការ​នោម​របស់​អ្នកជំងឺ​) អេកូ ស្គេ​ន ឆ្លុះ​ក្នុង​ប្លោកនោម និង​ការ​ច្រឹប​សាច់ ក្រពេញប្រូ​ស្តាត​ទៅពិនិត្យ​។
​បើសិន​ជា​អ្នក កំពុងតែ​មាន​អាការៈ នៃ​ការបង្ក​រោគ​តាមផ្លូវ​ទឹកមូត្រ និង​រលាក​ក្រពេញប្រូ​ស្តាត​ហើយ​នោះ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ការតាមដាន និង​វាយតម្លៃ​កាន់តែ​ច្រើន​បន្ថែមទៀត ទៅលើ​ប្រព័ន្ធ​ទឹកមូត្រ​របស់​អ្នក​ក្រែង មាន​អ្វី​មិន​ធម្មតា ដែល​ងាយ​ធ្វើ​ឲ្យ​ឆ្លង​រោគ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី10  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។