​លេបថ្នាំ​ពន្យារកំណើត​ហើយ នៅតែ​មាន​កូន​ទៀត​?

​លេបថ្នាំ​ពន្យារកំណើត​ហើយ នៅតែ​មាន​កូន​ទៀត​?

​ស្ត្រី​ភាគច្រើន ជ្រើសរើស​ការ​ពន្យារកំណើត ដោយ​ការប្រើ​ថ្នាំលេប ហើយ​ភាគច្រើន វា​ក៏​អាច​គ្រប់គ្រង​ការ​ពន្យារកំណើត​ល្អ​បំផុត​ដែរ នៅ​ទូទាំង​ពិភពលោក​។ តាមពិត គ្រូពេទ្យ​ប៉ាន់ស្មាន​ឃើញថា វា​មាន​ប្រសិទ្ធភាព​រហូតដល់ ៩៩,៧ ភាគរយ​ឯណោះ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ប្រើប្រាស់ វា​មិន​មាន​ការប្រុងប្រយ័ត្ន​ទេ អ្នក​នៅ​តែ​មាន​ឱកាស មាន​ផ្ទៃពោះ​ទៀត​ដដែល​។ មាន​កត្តា​ច្រើនណាស់ ដែល​រំខាន​ដល់​ប្រសិទ្ធភាព ថ្នាំ​គ្រាប់​ពន្យារកំណើត​នេះ​។

លេបថ្នាំ​មិន​ទៀងទាត់​
ចន្លោះ​ពេល​លេបថ្នាំ​មួយ​គ្រាប់ៗ មិនគួរណា​យូរ​ជាង ២៤ ម៉ោង​ឡើយ​។ ចូរ​ចាំ​ថា អ្នក​គួរតែ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត នៅ​ពេលវេលា​ដដែលៗ​។ ឧទាហរណ៍ បើសិន​ជា​អ្នក​ចាប់ផ្តើម ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​នៅ​ពេល​ព្រឹក ចូរ​ញ៉ាំ​វា​នៅ​ពេល​ព្រឹក​ជាប់​រហូត​។ មិន​ត្រូវ​ច្រឡំ​មក​ញ៉ាំ នៅពេល​យប់ ឬ​ពេល​ណា​ផ្សេង​នោះឡើយ ព្រោះ​វា​នឹង​កាត់​បន្ថយ​ឥទ្ធិពល​របស់​ប្រសិទ្ធភាព​ថ្នាំ​។

ខាន​លេបថ្នាំ​ចាប់​ពី​ពីរ​គ្រាប់​ឡើងទៅ​
ដំបូង​ឡើយ រយៈពេល​ពីរ​បី​ថ្ងៃ​ដែល​អ្នក​បាន​ចាប់ផ្តើម​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត ការអាកខាន​លេប​មួយថ្ងៃ ក៏​អាច​បណ្តាល​ឲ្យ មាន​ផ្ទៃពោះ​បានដែរ​។ នេះ​ដោយសារ​តែ រយៈពេល​មួយ​សប្តាហ៍​ដំបូង នៃ​ការប្រើ​ថ្នាំ​ពន្យារកំណើត មាន​សារៈសំខាន់​ណាស់ ក្នុងការ​បង្កា​មិន​ឲ្យ​កើត​ជា​មេ​ជីវិត​ញី​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ខាន​ញ៉ាំ​ថ្នាំ​មួយថ្ងៃ​ហើយ ចូរ​ប្រើ​នៅ​ថ្ងៃ​បន្ទាប់ ពីរ​គ្រាប់​តែម្តងទៅ​។ ម្យ៉ាងវិញទៀត បើសិន​ជា​អ្នក​ភ្លេច​លេបថ្នាំ ចាប់​ពី​ពីរ​ថ្ងៃ​ឡើង​ទៅ​ហើយ អ្នក​គួរតែ​រួមភេទ ដោយ​ប្រើ​វិធី​ការពារ​មួយ​ផ្សេង​ទៀត​។ ស្ថិត​ក្នុង​ករណី​នេះ​ដែរ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​ផងដែរ បើសិនជា​គ្មាន​វិធី​ណា​មួយ ដែល​ប្រើប្រាស់​បាន​ក្នុង​រួមភេទ​។

កំពុងតែ​រាករូស ឬ​ក្អួត​
បើសិន​ជា​អ្នក​រាក រយៈពេល​ច្រើនជាង ២៤ ម៉ោង ឬ​ក្អួត​ពីរ​បី​ម៉ោង ក្រោយ​ពី​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​រួច មានន័យ​ថា ឱកាស​របស់​ថ្នាំ ដែល​មិន​ត្រូវបាន​បឺត​ស្រូប​ចូល​ក្នុង​ខ្លួន​គឺ​ខ្ពស់ ដូច្នេះ វា​ក៏​អាច​បណ្តាលឲ្យ​មាន​ផ្ទៃពោះ​ដែរ​។ ចូរ​ចៀសវាង​ការ​រួមភេទ មិន​ប្រើ​ស្រោមអនាម័យ ជាពិសេស បើសិន​ជា​អ្នក​ក្អួត ពីរ​បី​ដង​ហើយ​ក្នុង​មួយ​ថ្ងៃ​។

រួមភេទ​មិន​បាន​ការពារ ក្រោយ​ពី​ទើបតែ​ចាប់ផ្តើម ប្រើ​ថ្នាំ​ពន្យារកំណើត​
ធម្មតា ថ្នាំ​ពន្យារកំណើត ត្រូវ​ចាប់ផ្តើម​ញ៉ាំ​នៅ​ថ្ងៃ​ទី​ពីរ ឬ​ទី ៥ នៃ​ការ​មក​រដូវ​។ បើសិន​ជា​អ្នក​ចាប់ផ្តើម​ប្រើ​ថ្នាំ​ពន្យារកំណើត នៅ​ពាក់កណ្តាល​វដ្ត​រដូវ អ្នក​ត្រូវ​តែ​រួមភេទ ដោយ​មាន​ការការពារ​យ៉ាងហោចណាស់ ៧ ថ្ងៃ​ដែរ​។ ចូរ​ប្រាកដថា ដៃគូរ​អ្នក​ប្រើប្រាស់​ស្រោមអនាម័យ​ដែរ​។

ថ្នាំ​ពន្យារកំណើត ទុកដាក់​នៅ​កន្លែង​មាន​សីតុណ្ហភាព​ខ្ពស់​
ថ្នាំ​ពន្យា​កំណើត មិនគួរណា​ដាក់ នៅ​កន្លែង​មាន​សីតុណ្ហភាព​ខ្ពស់​ទេ ព្រោះ​វា​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​បាន​។ ចូរ​ចៀសវាង​ទុក​ថ្នាំ​ក្នុង​ឡាន ឬ​ជិត​បង្អួច ជាពិសេស នៅ​រដូវក្តៅ​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់ជាង ៤០ អង្សារ​សេ​។ ម្យ៉ាងវិញទៀត ចៀសវាង​ការទិញ​ថ្នាំ​ពន្យារកំណើត​ទុក​រយៈពេល ៦ ខែ ព្រោះ​វា​នឹង​ធ្វើឲ្យ គុណភាព​របស់​វា​ខូច​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី10  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។