ជប៉ុននឹង ជួយបណ្ដុះបណ្ដាល បច្ចេកទេស ដល់អ្នកបើកបរ រថយន្ដក្រុង សាលារាជធានីភ្នំពេញ

ភ្នំពេញ៖ អង្គការចៃការ របស់ប្រទេសជប៉ុន បានសន្យាថានឹង ជួយបណ្ដុះបណ្តាល ខាងផ្នែកបច្ចេកទេស និងធនធានមនុស្ស ដល់អ្នកបើកបរ រថយន្តក្រុង សាលារាជធានីភ្នំពេញ ដោយមើលឃើញពី អត្ថប្រយោជន៍ដ៏សំខាន់ នៃសេវារថយន្តក្រុង ដឹកជញ្ជូនសាធារណៈមួយនេះ ទទួលបានការពេញនិយម ពីសំណាក់ប្រជាពលរដ្ឋ នៅភ្នំពេញ ជាពិសេសគឺសិស្ស និស្សិត ព្រះសង្ឃដែលបានប្រើ សេវារថយន្តក្រុង ដោយមិនចាំបាច់បង់ប្រាក់។

យោងតាមទីភ្នាក់ងារ សារពត៌មានជាតិកម្ពុជា AKP ចេញថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា "តំណាងអង្គការចៃការសន្យាថានឹង ជំរុញឱ្យដំណើរការ សេវារថយន្តក្រុងឱ្យដំណើរ ប្រកបដោយ ការគ្រប់គ្រងខ្ពស់ និងការអប់រំឱ្យអ្នកបើកបរ យល់អំពីលក្ខណៈបច្ចេកទេសបើកបរឱ្យ សុវត្ថិភាពទាន់ពេលវេលា ការគ្រប់គ្រងសេវាសាធារណៈ នៃអ្នកធ្វើការបុគ្គលិក តាមរថយន្ត និងការប្រើប្រព័ន្ធ បច្ចេកវិទ្យាអាយធី(IT) ក្នុងការបញ្ជា ទៅដល់ភ្លើងស្តុប ចរាចរណ៍នៅពេល ដែលខ្សែរត់ របស់រថយន្តក្រុងណាមួយ ស្ទះនៃខ្សែរត់"។

អភិបាលរាជធានីភ្នំពេញ លោក ប៉ា  សុជាតិវង្ស  បានលើកឡើងថា  ប្រព័ន្ធសេវាដឹកជញ្ជូន នៃរដ្ឋាករស្វយ័ត សេវាសាធារណៈ របស់រាជធានីនេះ គឺធ្វើឡើងក្នុងការជួយសម្រួល ទៅដល់ការកាត់បន្ថយការ ប្រើប្រាស់សេវាឯកជន នៅក្នុងក្រុងមិនទាន់ល្អ ដល់ឈានធ្វើអាជីវកម្មនៅឡើយពិសេស គឺការជួយទៅដល់សង្គម ក្នុងនោះមានបួនប្រភេទ ក្នុងការជួយសម្រួល ដល់មនុស្សចាស់ ជនពិការ ព្រះសង្ឃ សិស្សានុសិស្ស។

លោកបន្តថា រហូតដល់ពេលនេះ អ្នកទទួលរដ្ឋករស្វយ័ត សេវាដឹកជញ្ជូនសាធារណៈ សាលារាជធានីនិង ធ្វើការសហការ ជាមួយក្រុមហ៊ុនITជប៉ុន ដើម្សីធ្វើការកែសម្រួលខ្លះ ដោយមិនបាច់មានអ្នក ចាំលក់សំបុត្រពិសេស ស្រួលដល់អ្នកធ្វើដំណើរនិង គ្រប់គ្រងការចំណាយទៅលើបុគ្គលិក។

លោកបញ្ជាក់ថា រាជធានីភ្នំពេញសព្វថ្ងៃ មានសេវារថយន្តក្រុង សាធារណៈចំនួន៣ខ្សែ ដោយខ្សែរត់ទី១ចេញពីម្តុំឫស្សីកែវ ត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់ វត្តក្តីតាកុយ តាមផ្លូវជាតិលេខ១។ ខ្សែទី២ ចេញពីផ្សាររាត្រី ទៅដល់ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកខ្សែទី៣ ចេញពីផ្សាររាត្រីឆ្ពោះទៅ រង្វង់មូលចោមចៅ។ រថយន្តក្រុងទាំង៣ខ្សែនេះ ប្រើប្រាសរថយន្ត៥៧គ្រឿង ជាមួយចំណតរង់ចាំ១៦៨កន្លែង។

គួរបញ្ជាក់ជូនថា  ក្នុងពេលខាងមុខនេះ ជំនួយរថយន្តក្រុងចំនួន២៨០គ្រឿង ក្នុងនោះពីប្រទេសចិន១០០គ្រឿង និងជប៉ុនចំនួន១៨០ គ្រឿង នឹងមកដល់កម្ពុជា ដើម្បីពង្រីកសេវាដឹកជញ្ជូនសាធារណៈនៅភ្នំពេញ៕