ភ្ញាក់ផ្អើល! វៀតណាមរកឃើញ កូនភ្លោះមួយគូ មានឪពុក២ផ្សេងគ្នា

វៀតណាម៖ នេះជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលវៀតណាមបានជួបនឹងករណីដ៏កម្រ នោះគឺកូនភ្លោះមួយគូ មានឪពុកពីរផ្សេង​គ្នាទៅវិញ នេះបើតាមសាស្ដ្រាចារ្យ នៅឯបន្ទប់ពិសោធន៍ធ្វើតេស DNA ក្នុងហាណូយ បានថ្លែងប្រាប់ AFP កាលពីថ្ងៃទី ០៨ ខែមីនា មុននេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ កូនភ្លោះមួយគូ ដែលចាប់កំណើតនៅក្នុងក្រុមគ្រួសាររៀតណាម និងមិនបង្ហាញអត្តសញ្ញាណ ត្រូវបានយកទៅធ្វើតេស បន្ទាប់ពីមុខមាត់អ្នកទាំងពីរ មានសភាពខុសប្លែកគ្នាខ្លាំង។ ក្រោយពីធ្វើតេស បានបញ្ជាក់ឲ្យដឹងថា អ្នកទាំងពីរមាន ឪពុក២ផ្សេងគ្នា តែម្ដាយតែមួយ ដែលនេះជាករណីដ៏កម្រ មិនថាតែនៅវៀតណាមនោះទេ ប៉ុន្ដែទូទាំងពិភពលោក។ 

យ៉ាងណាមិញ ករណីមួយនេះអាចកើតឡើង ប្រសិនជាស៊ុត២ នៅក្នុងខ្លួនម្ដាយតែម្នាក់ អាចបង្កបង្កើត តាមរយៈទឹកកាម ដែលបានមកពី មនុស្សប្រុស២ផ្សេងគ្នា ក្នុងអំឡុងពេលរួមភេទ ក្នុងឱកាស២ខុសគ្នា ជាមួយនឹងពេលវេលាដែលស្ដ្រីជាម្ដាយ ជ្រុះពងនោះក្នុងពេលតែមួយ ។ យោងទៅតាមកាសែតរដ្ឋរបស់រៀតណាម Tuoi Tre បានបញ្ជាក់ឲ្យដឹងថា បុរសជាប្ដី ដែលជាជនជាតិវៀតណាម បានស្នើរសុំឲ្យធ្វើតេសឈាម ក្នុងបន្ទប់ពិសោធន៍នៅហាណូយ ដើម្បីឲ្យដឹងច្បាស់ថា តើគាត់ជាឪពុករបស់កូនភ្លោះ របស់ប្រពន្ធខ្លួនឬអត់ ស្របពេលដែល ​បងប្អូនរបស់បុរសនេះ បានដាក់សំពាធឲ្យគាត់ យកកូនភ្លោះទៅធ្វើតេស ដោយសារតែម្នាក់ក្នុងចំណោម កូនភ្លោះនោះ មានរូបរាងខុសគ្នាដាច់ ពីម្នាក់ទៀត ហើយជាលទ្ធផលបានបង្ហាញថា គាត់គឺជាឪពុករបស់កូនតែម្នាក់ ប៉ុណ្ណោះ។ 

តាមប្រភពព័ត៌មានបានបន្ដឲ្យដឹងថា កូនភ្លោះខាងលើនេះ គឺមានភេទដូចគ្នា កើតក្នុងថ្ងៃតែមួយ តែខុសគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នាពេលនេះ កូនភ្លោះនេះ ​មានអាយុ២ឆ្នាំ តែម្នាក់ធាត់ និងសក់អង្គារដី ខណៈម្នាក់ទៀត ស្គម និងសក់ស្លូត។ គូសបញ្ជាក់ថា ក៏ធ្លាប់មានករណីកូនភ្លោះមួយគូ ដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ដែលតុលាការបានកាត់ក្ដីឲ្យបុរសម្នាក់ បង់ថ្លៃចិញ្ចឹមតែកូនម្នាក់ ក្នុងចំនោមកូនភ្លោះ២នាក់ ក្រោយពីការធ្វើតេស បានបញ្ជាក់ថា គាត់មិនមែនជាឪពុក របស់កូនទាំងពីរនាក់នេះ៕

ភ្ញាក់ផ្អើល! វៀតណាមរកឃើញ កូនភ្លោះមួយគូ មានឪពុក២ផ្សេងគ្នា

រូបតំណាង

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត