ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖ នាយ​ឧត្តមសេនីយ៍​សៅ សុខា បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​តុលាការ ជា​ពិសេស​លោក​ព្រះរាជអាជ្ញា ត្រូវ​ជួយ​សម្របសម្រួល​នីតិវិធី​តាម​ផ្លូវច្បាប់​ដើម្បី​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ លើ​ជន​ដែល​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ឈើ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី ។ ការ​ថ្លែង​របស់​លោកនាយ​ឧត្តមសេនីយ៍​បែប​នេះ នៅ​ពេល​លោក​ដឹកនាំ​គណៈកម្មាធិការ​ថ្នាក់​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ចុះ​ត្រួតពិនិត្យ​ឈើ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​៩ មីនា ។

ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

តាម​ការ​ត្រួតពិនិត្យ​នេះ​រក​ឃើញ​ថា ក្រុមហ៊ុន​ចំនួន​៥​ដែល​មាន​ផ្ទុក​ឈើ​ខុសច្បាប់ នឹង​កំពុង​ប្រឈម​ជាមួយ​ផ្លូវច្បាប់ ខណៈ​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ក៏​កំពុង​រៀបចំ​ឯកសារ ដើម្បី​ធ្វើ​ពាក្យបណ្តឹង​ទៅ​តុលាការ រួម​មាន​ក្រុមហ៊ុន​ប៊ិ​ញ​ភ្វឿ​ក​១ ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក្រុមហ៊ុន​ដាយ​ថា​ន់ ក្រុមហ៊ុន​ម៉ា​ស្ទើ​ខេ​សាន់ ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ។

ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឈើ​តាម​បណ្តា​ក្រុមហ៊ុន​ដី​សម្បទាន​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ ប្រធាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​បាន​សង្កត់ធ្ងន់​ចំពោះ​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក្រុមហ៊ុន​ដាយ​ថា​ន់ និង​ក្រុមហ៊ុន​ប៊ិ​ញ​ភ្វឿ​ក​១ ម៉ា​ស្ទើ​ខេ​សាន់ ដែល​មាន​ឈើ​ខុសច្បាប់​ច្រើន​ជាងគេ​សរុប​មាន​ប្រមាណ​ជាង​៣​ម៉ឺន​ម៉ែត្រគូប ។

លោក អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បដិសេធ​មិន​ផ្តល់​ឈ្មោះ​បុគ្គល​ណាមួយ​ទេ ដែល​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​។ ដោយ​លោក​មាន​ប្រសាសន៍​ថា គេ​នៅ​មិន​ទាន់​ដឹង​ថា មាន​បុគ្គល​ណាខ្លះ​នឹង​ត្រូវ​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​នេះ​ទេ ។ គណៈកម្មាធិការ​កំពុងធ្វើការ​លើ​រឿង​នេះ​ហើយ ដូច្នេះ​លទ្ធផល​រង់ចាំ​ពេល​ក្រោយ​ទើប​ដឹង​ច្បាស់​» ។

លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ថ្លែង​នៅ​ពេល​ចុះ​ទៅ​ដល់​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គ​រថា «​សូម​មន្ត្រី​ជំនាញ​ត្រូវ​ញែក​ឈើ​ដែល​ល្មើស និង​ឈើ​ដែល​ត្រឹមត្រូវ​ឲ្យ​ច្បាស់ ព្រោះ​ទីតាំង​នេះ​គឺជា​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច តែ​ត្រូវ​រាជរដ្ឋាភិបាល​សម្រេច​ដក​យក​ដី​ពី​ក្រុមហ៊ុន​វិនិយោគ​វិញ កាលពី​ជាង​១​ឆ្នាំ​មុន ។ ហើយ​ត្រូវ​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​ផ្សេង​ប្រមូល​ឈើ​ដែល​សេសសល់​លើ​ដី​ដដែល​ហ្នឹង​...​។ កាលនោះ​មាន​ចំនួន​ប្រមាណ​ជាង​៧០០​ម៉ែត្រគូប​តែ​ឈើ​ឥឡូវ​បាន​ចូល​ដល់​ជាង​ម៉ឺន​ម៉ែត្រគូប​...​។ ដូច្នេះ​រក​ឲ្យ​ឃើញ​ឈើ​ចំនួន​៧០០​ម៉ែត្រគូប ដែល​ឲ្យ​ប្រមូល ចំណែក​ឈើ​នៅ​សល់ នោះ​ហើយ​គឺជា​ឈើ​ខុសច្បាប់​ទាំងអស់ ព្រោះ​កន្លែង​នេះ​ជា​កន្លែង​ខុស​ធំ​ជាងគេ​» ។

លោកនាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា «​មិន​ពិបាក​ទេ ត្រូវ​រកមុខ​ក្រុមហ៊ុន​ណា​ជា​អ្នក​ប្រមូល​ឈើ ។ ត្រូវ​រកមុខ​ឲ្យ​ឃើញ នេះ​គឺជា​មុខសញ្ញា​នៃ​ពាក្យបណ្តឹង​...​ហើយ​វត្ថុ​តាង​នៅ​ទី​នេះ​គឺជា​វត្ថុ​តាង​នៃ​បទល្មើស​» ។

របាយការណ៍​នៃ​ចំនួន​ឈើ​ខុសច្បាប់​នៅ​ក្នុង​ខេត្តមណ្ឌលគិរី មិន​ទាន់​ត្រូវ​បាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ទម្លាយ​ឲ្យ​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​បណ្តោះអាសន្ន​របស់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន ប៊ិ​ញ​ហ្វឿ​ក​១ មាន​ឈើ​ខុសច្បាប់​ចំនួន ៤៣៨៤,៧១៤​ម៉ែត្រគូប​, ឈើ​ក្នុង​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​ជាង​១​ម៉ឺន​ម៉ែត្រគូប និង​ឈើ​ដែល​មានច្បាប់​៧០០​ម៉ែត្រគូប ។ ប៉ុន្តែ​ត្រូវ​បាន​ដឹក​ចេញ​អស់​ពាក់កណ្តាល​ទៅ​ហើយ​សម្រាប់​ឈើ​មានច្បាប់​នោះ ។ រីឯ​ក្រុមហ៊ុន​ដាយ​ថា​ន់ ឈើ​ខុសច្បាប់​ជាង​១​ម៉ឺន​ម៉ែត្រគូប​, ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​ជាង​១​ពាន់​ម៉ែត្រគូប និង​ក្រុមហ៊ុន​ម៉ា​ស្ទើរ​ខេ​សាន់ ជិត​១​ម៉ឺន​ម៉ែត្រគូប ។

ចំណែក​ការងារ​បន្ទាប់ គឺ​លោកនាយ​ឧត្តមសេនីយ៍​បាន​ប្រគល់​ទៅ​មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ជា​អ្នកចាត់ការ និង​ស្រាវជ្រាវ​វែកមុខ​រក​ជនល្មើស ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត ។ កន្លង​មក​គេ​នៅ​ចាំ​ថា លោក សំ​រ៉​ង់ ឌី​វី​ចិត្រ នាយក ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តែងតែ​ពោល​អះអាង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ឈើ​ក្នុង​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ និង​ក្រុមហ៊ុន​ដាយ​ថា​ន់ សុទ្ធតែ​មានច្បាប់​ត្រឹមត្រូវ និង​ចោទប្រកាន់​ថា អ្នកកាសែត​ផ្សាយ​ព័ត៌មាន​មិន​ពិត ។ ប៉ុន្តែ​នៅ​ពេល​នេះ រឿងរ៉ាវ​អាថ៌​កំបាំង​ដែល​មន្ត្រី​រូប​នេះ​ព្យាយាម​លាក់បាំង អស់​ជា​ច្រើន​ឆ្នាំ​នោះ​ត្រូវ​បាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា រក​ឃើញ​ថា ឈើ​រាប់​ម៉ឺន​ម៉ែត្រគូប​ដែល​ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺ​សុទ្ធតែ​ជា​ឈើ​គ្មាន​ច្បាប់​ទាំងអស់ ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​អះអាង​របស់​លោក សំ​រ៉​ង់ ឌី​វិចិត្រ នា​កន្លង​ពេល​មក ប្រៀប​ដូច​តាម​ទាន់​ជាន់កែង​ឱ្យ​ផ្កាប់​មុខតែ​ម្តង កុំ​ប្រណី ។

ដើមចម​នៃ​ការ​កាប់​រង្គាល និង​ធ្វើ​ជំនួញ​ឈើ​ខុសច្បាប់​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​បាន​គេ​លើក​ឡើង​ថា ដោយសារ​តែ​មានការ​ឃុបឃិត គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ចាប់តាំងពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ភូមិ ។ ក្នុង​នោះ​សហគមន៍​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ស្ទើរតែ​បាត់បង់​របរ​រក​ទទួលទាន ដែល​បាន​មក​ពី​ធម្មជាតិ​នោះ​ទៅ​ហើយ ដោយសារ​តែ​ក្រុម​ឈ្មួញ​ចូល​កាប់​ឈើ​សូ​ម្បី​តែ​ដើម​ជ័រ​ច្បោះ ដើម​ជ័រទឹក ក៏​មិន​លើក លែង​ដែរ ព្រៃផ្សៃ​ណាស់ ។

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ខេត្តមណ្ឌលគិរី កំពុង​រង់ចាំ​មើល ថា​តើ​ជន​ណាខ្លះ​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ព្រៃឈើ ខាងលើ​នេះ ? ព្រោះ​ឈ្មោះ​ឧកញ៉ា​និង​ថៅកែ​ឈើ​ល្បីឈ្មោះ​មួយ​ចំនួន ត្រូវ​បាន​សម្តេច​តេ​ជោ​ធ្លាប់​លើក​ឡើង​រួច​ម្តង​មក​ហើយ នៅឡើយ​តែ​ចំណាត់ការ​របស់​តុលាការ​តែ​ប៉ុណ្ណោះ ៕