សិស្ស​អនុ​វិទ្យាល័យ​ប្រជែង​គ្នា​​ថ្ងៃ​នេះ តែ​អនុវិទ្យាល័យ​រក​ឃើញ​ជើងខ្លាំង​ម្សិល​មិញ

ក្រុម​សិស្ស​វិទ្យាល័យ​ជាង​១០០​នាក់ មក​ពី​គ្រឹះ​ស្ថាន​​ចំនួន​១១ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួតប្រជែង​គ្នា លើ​ប្រភេទ​កីឡាអត្ត​ពលកម្ម​ នៃ​ព្រឹត្តិការណ៍​​កីឡា​សិស្ស​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​រាជធានី​ភ្នំពេញ ប្រចាំ​​ឆ្នាំ​សិក្សា​ឆ្នាំ​២០១៥-២០១៦ ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ដើម្បី​សម្រិត​សម្រាំង​រក​អត្ត​ពលិក​មាន​សមត្ថ​ភាព ត្រៀម​ចូល​រួម​ការ​ប្រកួត​ជើង​ឯក​ទូ​ទាំង​ប្រទេស តំណាង​រាជធានី​ភ្នំពេញ។

sport-2​ចំណែក​ក្រុម​សិស្ស​អនុ​វិទ្យាល័យ បានបញ្ចប់​ការ​ប្រកួត​លើ​ប្រភេទ​កីឡា​អត្ត​ពលកម្ម​ កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ ហើយ​​​លោក ម៉ក ច័ន្ទរិទ្ធ អនុ​ប្រធាន​ការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ថា ការ​ប្រកួត​កម្រិត​អនុ​វិទ្យាល័យ​​នេះ​មក​កីឡាករ កីឡាការិនី​តំណាង​ឲ្យ​គ្រឹះ​ស្ថានចំនួន​២០ បាន​ចូល​រួម គឺ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន ដែល​មាន​ត្រឹម​១៥​គ្រឹះស្ថាន។

លោក​បាន​បញ្ជាក់​ថា៖​«ការ​ប្រកួត​នេះមាន​២​កម្រិត​គឺ​កម្រិត​អនុវិទ្យាល័យ និង​វិទ្យា​ល័យ ហើយ​នេះ​ជា​កម្ម​វិធី​ប្រកួត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី-​ខេត្ត ធ្វើ​ការ​រៀបចំ​ការ​ប្រកួត​​នេះ​​នៅ​តាម​មណ្ឌល​របស់​ខ្លួន ដើម្បី​បំផុសចលនា​កីឡា​នៅ​តាម​គ្រឹស្ថាន​ឲ្យ​សិស្ស​ចូល​រួម​លេង​កីឡា នឹង​ជ្រើស​រើស​អ្នក​ទទួល​បាន​លេខ​១ និង​លេខ​២ ឡើង​ទៅ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ទូ​ទាំង​ប្រទេស តំណាង​ឲ្យ​មណ្ឌល​របស់​ខ្លួន ព្រម​ទាំង​ធ្វើ​ឲ្យ​សុខ​ភាព និង​ធ្វើ​ឲ្យ​គ្រឹះស្ថាន​នីមួយៗ កាន់​តែ​មាន​ចំណង​មិត្ត​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​ផង​ដែរ»។ តាម​រយៈ​ការ​ប្រកួត​ពេញ​មួយ​ព្រឹក កាល​ពី​ម្សិល​មិញ​នោះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ដ៏​ល្អ​មួយ ដោយ​ក្នុង​នោះការ​ប្រកួត​លោត​កម្ពស់​ផ្នែក​នារី លេខ​១​បាន​ទៅ វណ្ណថន បញ្ញា​ពេជ្រដាលីស មក​ពីអនុ​វិទ្យា​បាក់​ខែង ដោយ​​លោត​បាន​ចម្ងាយ​៣,៩២​ម៉ែត្រ លេខ​២ សេង សុជាតា អនុវិទ្យាល័យ​ដង្កោ លោត​បាន ៣,៥៩​ម៉ែត្រ ខណៈ​លេខ​៣​បាន​ទៅ ចៅ ស្រីម៉ី លោយ​បាន​ចម្ងាយ ៣,៥៦​ម៉ែត្រ។

sport-1
ចំណែក​ការ​ប្រកួត​រត់​ល្បឿន​១០០​ម៉ែត្រ​លេខ​១ ​ផ្នែកនារីលេខ​១​​បាន​ទៅលើ​កីឡាការិនី ម៉ែន សីហា អនុ​វិទ្យាល័យ​ទៀន ប្រើពេល ១៤.២០​វិនាទី លេខ​២ ផុន សុផានី អនុវិទ្យាល័យ​ហ៊ុន​សែន​ជន្លង់​ម្លូ ប្រើ​ថិរវេលា​ ​១៥.១៥​វិនាទី និង​លេខ​៣ ចាន់ សុវណ្ណស្រីណុច អនុ​វិទ្យាល័យ​ដង្កោ ចំណាយ​ពេល ១៥.៧០​វិនាទី។ រីឯ​​ផ្នែក​បុរស​បាន​ទៅ ពេជ្រ ជីវ៉ា មកពី​អនុវិទ្យាល័យ​ចតុមុខ ប្រើ​ពេល​ ១២.៦០​វិនាទី លេខ​២ ជា សុខឃឿន អនុវិទ្យាល័យ​ព្រែក​រាំង និង​លេខ​៣ លី វ៉ាដហ្សាក់ មក​ពី​អនុវិទ្យាល័យ​ជន្លង់​ម្លូ។ ចំពោះ​​​ការ​ប្រកួត​លោត​កម្ពស់ផ្នែក​នារី កីឡាការិនី រឿង កែវមនោរា អនុវិទ្យាល័យ​ដង្កោ លោត​បាន​កម្ពស់ ១.២៥ ដើម្បី​បាន​លេខ​១ ឯ​លេខ​២​បាន​ទៅ ងិន ច័ន្ទវត្តី អនុ​វិទ្យាល័យ​ចតុមុខ និង​លេខ​៣ ឌី ស្រីណឿន អនុ​វិទ្យាល័យ​បាក់​ខែង រីឯលោត​កម្ពស់​ផ្នែក​បុរស កីឡាករ ចាន់ ដារ៉ា អនុវិទ្យាល័យ​បាក់​ខែង លោត​បាន​១.៥៧​ម៉ែត្រ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ ខណៈ​លេខ​២​បាន​ទៅ សេង ម៉េងហៀង អនុ​វិទ្យាល័យ​ហ៊ុនសែន​ចំបក់​មាស និង​លេខ​៣ ជុំ រ៉ាវី មក​ពី​អនុ​វិទ្យាល័យ​ហ៊ុនសែន​ជន្លង់​ម្លូ។

sport-8

យ៉ាង​ណា​មិញ ការ​ប្រកួត​​ដើរ​​ចម្ងាយ​៥គីឡូ​ម៉ែត្រ​ផ្នែកនារី ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ យឹម បុណ្ណារី អនុវិទ្យាល័យ​ដង្កោ ដោយ​ប្រើ​ពេល ៣១:០០.១៧​នាទី លេខ​២ រឿន រីណា អនុវិទ្យាល័យ​ហ៊ុនសែន​ជន្លង់​ម្លូ ​និង​លេខ​៣ បូ ស្រីផា មក​ពី​អនុ​វិទ្យាល័យ​​បាក់​ខែង ខណៈ​ដើរ​ចម្ងាយ​៨គីឡូម៉ែត្រ​ផ្នែក​បុរស លេខ​១​បាន​ទៅ នាង ដារ៉ូត អនុវិទ្យាល័យ​បាក់​ខែង ប្រើ​ពេល ៥៩:២៧.៧៧ នាទី លេខ​២ ប៊ុត ចំរើន អនុ​វិទ្យាល័យ​ត្រពាំង​សាលា និង​​លេខ​៣ កុយ ច័ន្ទតារា មក​ពី​អនុ​វិទ្យាល័យ​ដង្កោរ។​

គួរ​បញ្ជាក់​ថា ​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​​ជ្រើស​រើស​ជើង​ឯក​រាជធានី​ភ្នំពេញ ប្រចាំ​ឆ្នាំ​សិក្សា​ឆ្នាំ​២០១៥-២០១៦ ​ក៏​មាន​ការ​ប្រកួត​​បាល់​ទាត់ បាល់​បោះ និង​បាល់​ទះផង​ដែរ ប៉ុន្តែ​ប្រភេទ​កីឡា​ទាំង​៣​នេះ នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ៕

sport-7

sport-6

sport-5

sport-3

sport-4

sport-9