Premier League ពិចារណា​យក​ថ្លៃ​សំបុត្រ​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ត្រឹម៤២ដុល្លារ

ក្លឹប​បាល់ទាត់​អាជីព​នៃ​ក្របខ័ណ្ឌ​កំពូល​ប្រទេស​អង់គ្លេស​បាន​ព្រមព្រៀង​គ្នា​កំណត់​ការ​យក​ថ្លៃ​សំបុត្រ​លើ​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​មិន​លើស​ពី ៣០ផោន ឬ៤២ដុល្លារ សម្រាប់​៣​រដូវ​កាល​ខាង​មុខ។

 

Premier League ពិចារណា​យក​ថ្លៃ​សំបុត្រ​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ត្រឹម៤២ដុល្លារ

 

ការ​លើក​យក​បញ្ហា​ថ្លៃ​សំបុត្រ​មក​ធ្វើ​ជា​ប្រធានបទរបស់​ក្លឹប​ទាំង​២០​នៅ Premier League ក្រោយ​ពី​ពួកគេមើល​ឃើញ​ថាអ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ត្រូវ​ចំណាយ​ច្រើន​ទាំង​ការ​ធ្វើដំណើរ ស្នាក់នៅ និង​ទិញ​សំបុត្រ ដើម្បី​ទៅ​គាំទ្រ​ក្រុម​របស់​ខ្លួន។

 

តាម​ការ​សិក្សា ​ក្លឹប​៨​នៅ​អង់គ្លេស​បាន​យក​ថ្លៃ​សំបុត្រ​ពី​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​តិច​ជាង ៣០ផោន​នៅ​ប្រកួត​ខ្លះ ប៉ុន្តែក្រោយ​មក​ទៀត នៅ​ខែ​តុលា​ឆ្នាំ​ទៅ ​គេ​រក​ឃើញ​ថា ក្លឹប៩​យក​ថ្លៃ​សំបុត្រ​លើស​ពី ៣០ផោន សម្រាប់​តម្លៃ​ថោក​បំផុត​របស់​ពួកគេ។

 

នៅ​រដូវ​កាល ២០១៥-២០១៦នេះ ក្លឹប​ដែល​យក​ថ្លៃ​សំបុត្រ​លើ​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ថ្លៃ​ជាង​គេក្នុង​១​ប្រកួត មាន ដូចជា​ West Ham ៨៥ផោន (១២០ដុល្លារ), Arsenal ៦៤ផោន (៩១ ដុល្លារ), Chelsea ៥៩ផោន (៨៣ដុល្លារ), Manchester City ៥៨ផោន (៨២ដុល្លារ), Spurs ៥៤ផោន (៧៦ដុល្លារ) និង Everton ៤៨ផោន (៦៨ដុល្លារ)។

 

មួយ​រយៈ​ចុងក្រោយ​នេះ បញ្ហា​ថ្លៃ​សំបុត្រ​បាន​ក្លាយ​ជា​រឿង​ក្ដៅ​នៅ​ក្នុង​ប្រទេស​អង់គ្លេស បន្ទាប់​ពី​អ្នកគាំទ្រ Liverpool បាន​នាំ​គ្នា​តវ៉ា​ចំពោះ​ផែនការ​តំឡើង​ថ្លៃ​សំបុត្រ​របស់​ម្ចាស់​ក្លឹប៕
ចុចអាន៖ ម្ចាស់​ក្លឹប Liverpool មិន​ដំឡើង​ថ្លៃ​សំបុត្រ និង​សុំទោស​អ្នកគាំទ្រ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC