រដ្ឋាភិបាល​​​នឹង​​ដក​យក​​​​លិខិត​ឆ្លង​ដែន​ផ្លូវការ​ពី​​​រដ្ឋមន្ត្រី​វិញ​​​នៅតាម​ព្រំដែន​ចាប់​​​ពី​​​ថ្ងៃទី​​​២១ ខែ​​​មីនា

យោង​តាម​សេចក្តី​ថ្លែងការ​ណ៍របស់​​ក្រសួង​​​​ការ​បរទេស​បាន​ឱ្យ​ដឹង​ថា មន្ត្រី​រដ្ឋាភិ​​​បាល​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​​​ប្រទេស​​​​ដើម្បី​បំពេញ​ការងារ​ ​ត្រូវ​ប្រគល់​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​របស់ខ្លួន​ នៅពេល​ពួកគេ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ចាប់ពី​ខែ​នេះទៅ ដោយសារ​​ការ​ប្រើ​ប្រាស់​ឯកសារ​មិន​ត្រឹម​​​ត្រូវ​ក្នុងការ​ស្នាក់នៅ​ហួសរយៈ​​​ពេល​​​​​ធ្វើ​​​ដំណើរ​ផ្លូវ​ការ​ និង​ការ​ចូល​រួម​នៅ​​​ក្នុង​ការ​ងារ​ដែលមិន​ពាក់ព័ន្ធ។

សេចក្តីថ្លែងការ​ណ៍​ដែល​បាន​ចេញ​កាល​​​ពីម្សិលមិញ​មានខ្លឹមសារ​ថា “​ករណីទាំង​​​​នេះ​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​នៅក្នុង​ប្រទេស​ទាំងនោះ​​​​មាន​​​ការ​ភ្ញាក់​ផ្អើល​ ហើយ​ពួកគេ​បាន​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​កាន់តែ​ខ្លាំង​​ ពីព្រោះ​ពួកគេ​មិន​យល់​ពី​មូលហេតុ​​ដែល​ពលករ​ចំណាក​​​ស្រុក​ខុស​ច្បាប់​​បាន​ប្រើ​ប្រាស់​​លិខិត​ឆ្លងដែន​ផ្លូវ​ការ​”។

យោង​តាម​លោក ជុំ​ សុន្ទរី អ្នកនាំពាក្យ​​​ក្រសួង​ការ​បរទេស​បាន​ឱ្យ​ដឹង​ថា​ “លិខិត​ឆ្លង​ដែន​ទាំងនេះ ដែល​ត្រូវ​បាន​ចេញ​ឱ្យ​មន្ត្រី​ដែល​​​កំពុង​បំពេញ​ការ​ងារ​រដ្ឋ​នៅ​ក្រៅ​ប្រទេស​​​នោះ នឹង​ត្រូវដកយកវិញ​​​​​​​នៅ​ចំណុច​ច្រកចូល​​ព្រំដែន​​​ចាប់ពីថ្ងៃទី​២១ ខែមីនា​ទៅ។

លោក​បានមាន​ប្រសាសន៍​ថា “​ថ្មីៗ​នេះ មន្ត្រីមក​ពី​អង្គភាព និង​ស្ថាប័ន​​មួយចំនួន​ នៅ​​​ពេល​ចប់​បេសកកម្ម​របស់​ខ្លួន… ​ពួកគេ​បាន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ផ្លូវការ​សម្រាប់​ធ្វើដំណើរ​ទៅ​ធ្វើការ​ងារ​ក្នុងនាម​ជា​​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់”។

លោក ជុំ​ សុន្ទរី បាន​ថ្លែង​ថា នគរបាល​អន្តោ​ប្រវេសន៍​ដែល​ឈរ​ជើង​នៅ​តាម​​ច្រក​ព្រំដែន​មាន​ភារកិច្ច​ប្រមូល​​លិខិត​ឆ្លង​ដែន​ទាំងនេះ ហើយ​ប្រគល់​ទៅឱ្យ​ក្រសួង​ការ​បរទេស​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ថា ប្រព័ន្ធ​​​មុន ដែលក្នុង​នោះ ក្រុមមន្ត្រី​បាន​ប្រគល់​​លិខិត​​​​ឆ្លង​ដែន​ផ្លូវការ​របស់ខ្លួន​ទៅ​ក្រសួងរបស់​​​ខ្លួន​​​ដោយ​ផ្ទាល់​ គឺ​គ្មាន​​ប្រសិទ្ធភាព។ លោក​បាន​ថ្លែង​ថា “[ឥឡូវ​នេះ] ក្រសួង​ត្រូវ​ ស្នើទៅ​ក្រសួង​​​​ការ​បរទេសដោយ​ផ្ទាល់​​​ឱ្យ​ចេញ​​លិខិត​ឆ្លង​ដែនផ្លូវការ​​ដល់​រដ្ឋមន្ត្រី”​​​៕​​​​​​សារុន​​

The post រដ្ឋាភិបាល​​​នឹង​​ដក​យក​​​​លិខិត​ឆ្លង​ដែន​ផ្លូវការ​ពី​​​រដ្ឋមន្ត្រី​វិញ​​​នៅតាម​ព្រំដែន​ចាប់​​​ពី​​​ថ្ងៃទី​​​២១ ខែ​​​មីនា appeared first on ខេមបូឌា ដេលី.