មន្ត្រីរាជការ គ្រូបង្រៀន និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​បាន​បើក​ប្រាក់ខែ​២​ដង

មន្ត្រីរាជការ គ្រូបង្រៀន និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​បាន​បើក​ប្រាក់ខែ​២​ដង

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា ប្រាក់ខែ មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​នឹង​ត្រូវ​បាន​បើក​ពីរ​ដង គឺ​ចុងខែ​មីនា ឆ្នាំ​២០១៦ ត្រូវ​បើក​ម្តង ដើម​ខែមេសា ឆ្នាំ​២០១៦ ឡើង​ទាំង​ប្រាក់ខែ ហើយ​ត្រូវ​បើក​នៅ​ពេល​មុន​ចូល​ឆ្នាំ ។ ទាក់ទិន​នឹង​ការ​ដំឡើង​បៀវត្សរ៍​បាន​ចុះហត្ថលេខា​ហើយ គឺ​១២% ប្រៀបធៀប​កាលពី​ឆ្នាំទៅ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​៩ មីនា ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ​ជំនាន់​ទី​១ និង​ទី​២ សញ្ញាបត្រ​គ្រូបង្រៀន​កម្រិត​ឧត្តម​(​បរិ​ញ្ញា​+១)  ជំនាន់​ទី​២០ និង​សញ្ញាបត្រ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​ភាសា​បារាំង​-​ខ្មែរ ជំនាន់​ទី​១៧ សរុប​ចំនួន​១.២៥៦​នាក់​(​នារី​៤៥០​នាក់​) ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​សិក្សា​២០១៤-២០១៥​កន្លង​ទៅ​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ដូច្នេះ​សាច់ប្រាក់​ដែល​ចេញ​ទៅ​លើ​ទំហំ​ទីផ្សារ​នេះ​មាន​ទំហំ​ធំ​ណាស់ ដូច្នេះ​ទាមទារ​ឱ្យ​មានការ​ប្រយ័ត្នប្រយែង​ទៅ​លើ​ការ​គ្រប់គ្រង​សាច់   ប្រាក់ ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បែប​នេះ​គឺ​មិនមែន​បាន​សេចក្តី​ថា មិន​ឱ្យ​រតនាគារ​បើកប្រាក់​នោះ​ទេ គឺ​ឱ្យ​រតនាគារ​បើកប្រាក់​ឱ្យ​បាន​មុន​ចូល​ឆ្នាំ​... រួច​ហើយ​ត្រូវ​ប្រយ័ត្ន​នៅ​ពេល​ខាង​មុខ​ទៀត ។ ប្រយ័ត្ន​យ៉ាងដូចម្តេច ?

ដោយសារ​តែ​បើកប្រាក់​ខែមេសា គឺ​បើក​នៅ​ស​ប្តា​ហ៍​ទី​២ ។ ពេល​បើក​ហើយ គឺ​សេចក្តី​ត្រូវការ​មាន​ច្រើន​...​។ លុះដល់​ខែឧសភា ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច ? ដូច្នេះ​នៅ​ខែឧសភា​ត្រូវ​បើកប្រាក់​បៀវត្សរ៍​នៅ​ស​ប្តា​ហ៍​ទី​៣ ។

បញ្ហា​នេះ​ត្រូវ​គិត​ថា​ជា​កញ្ចប់ ព្រោះ​ត្រូវ​គិត​សាច់់ប្រាក់​នៅ​លើ​ទីផ្សារ តែ​ម្ខាង​ទៀត ពេល​ណា​បាន​ច្រើន​ហើយ គឺ​យក​ទៅ​តាម​តម្រូវការ​របស់​ខ្លួន រៀង​ៗ​ខ្លួន​...​បើ​ចាំ​ដល់​ស​ប្តា​ហ៍​ទី​៤ គឺ​យូរ​ពេក​ព្រោះ​ខ្វះខាត​...​។

ដូច្នេះ​ត្រូវ​តែ​បើក​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​៣ ចំណុច​ទាំង​អស់នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី សង្ឃឹមថា មន្ត្រី​អប់រំ គ្រូបង្រៀន និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ពិតជា​យល់​នូវ​វិធី​គ្រប់គ្រង​រដ្ឋ ។ មិនមែន​ដើរ​សន្យា​ថា​ត្រូវ​តែ​បាន​ប៉ុណ្ណោះ បាន​ប៉ុណ្ណោះ​ភ្លាម​... រលាយ​ហើយ​ក្នុង​ករណី​សន្យា​នេះ ។ សម្តេច​បាន​លើក​ឧទាហរណ៍​ថា យុវជន​អាយុ​១៥​ឆ្នាំ ត្រូវ​តែ​បាន​ប្រាក់តែ​អត់​ទាន់​មាន​ស្ថិតិ​មួយ​ផង បើ​ដូច្នេះ​អ្នក​ណា​ក៏​អាយុ​១៥​ឆ្នាំ​ដែរ ដូច​ជា​ខ្ញុំ​អាយុ​១៥​ឆ្នាំ​ដែរ នោះ​ចូល​ក្រឡា​គ្រោះថ្នាក់​ធ្ងន់​ណាស់់ ។

សម្តេច​បាន​លើក​បញ្ជាក់​ថា បញ្ហា​ទាំង​អស់នេះ​គឺ​មិនមែន​ជា​បញ្ហា​ស្រួល​ពេក​ទេ គឺជា​ការ​លំបាក ប៉ុន្តែ​ការ​លំបាក​អស់ទាំង​នេះ​គឺជា​កិច្ចកា​របស់​រដ្ឋ​ត្រូវ​តែ​ធ្វើ ដែល​ខ្ញុំ​និយាយ​ថា​នេះ​គឺជា​សេវា​តម្រូវការ បើ​ត្រូវ​ដាក់​ចេញ​ជា​បទបញ្ជា​គឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​ខាង​តែ​បាន ។

ឥឡូវ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ របស់​យើង​នឹង​កែទម្រង់រដ្ឋបាល​សាធារណៈ គឺ​បាន​បើក​ប្រាក់ខែ​មុន​ដំណាច់ខែ គឺជា​រឿង​ល្អ​ណាស់​ទៅ​ហើយ ។

សម្តេច​តេ​ជោ​បាន​កើន​រំលឹក​ថា កាលពីមុន នាយក​រដ្ឋមន្ត្រី​អត់​សាច់ប្រាក់ ពិបាក​ណាស់​កាល​ឆ្នាំ​១៩៩៦-១៩៩៧-១៩៩៨ ជំពាក់​ប្រាក់ខែ​ពីរ​បី​ខែ រហូត​មន្ត្រី​យើង​ថា នៅ​ស្រុក​ខ្មែរ ប្រាក់ខែ​បើក​១​ខែ មាន​៦០​ថ្ងៃ ព្រោះ​វា​អត់​មាន​សាច់ប្រាក់ មាន​ប័ណ្ណបើកលុយ​ហើយ ទៅ​រតនាគារ អត់​មាន​លុយ មាន​បញ្ហា​ពិបាក ។ ប៉ុន្តែ​ដោយសារ​តែ​វិធី​គ្រប់គ្រង​កំណែទំរង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា យើង​មាន​សាច់ប្រាក់​ក្នុង​ដៃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​របស់​យើង​បើក​មុន​ដំណាច់ខែ អត់ឱ្យ​ដាច់​ខែ​។ ការ​រៀបចំ​បើក​ប្រាក់ខែ​តាម​ធនាគារ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ទៀត​ថា  តាម​រយៈ​ការ​បើក​ប្រាក់ខែ​នៅ​ធនាគារ គឺ​កាត់​បន្ថយ​បាន​នូវ​អំពើ​ពុក​រលួយ ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​បើក​កាលពីមុន​នៅ​មាន​កាត់ នៅ​មាន​កង​ទុក​កន្ទុយ​... ។ មួយទៀត​កាត់​បន្ថយ​នូវ​មន្ត្រី​ខ្មោច ។ ឥឡូវ​ខ្ញុំ​ចូល​ដល់​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ឬ​អំពើ​មិន​ប្រក្រតី ។

ដូច្នេះ​ចំណុច​ទាំង​អស់នេះ​យើង​ត្រូវ​ប្រឹង​រួម​គ្នា​ធ្វើ ហើយ​បញ្ហា​ជា​កញ្ចប់​មិនមែន​បញ្ហា​ដាច់​ដោយឡែក​ទេ ៕