សម្ដេចតេជោ ៖ ក្រុមគ្រូពេទ្យ ត្រូវគិតគូរ ដល់ការព្យាបាល ជាមុនមិនត្រូវ គិតលុយជាធំ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦នេះ បានថ្លែងឲ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវគិតដល់ការព្យាបាលជាមុន មិនត្រូវគិតលុយជាធំ។

ការថ្លែងរបស់សម្ដេចតេជោ បែបនេះបានធ្វើឡើងក្នុងពិធី បិទសន្និបាតប្រចាំឆ្នាំ លើកទី៣៧ ដើម្បីបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល នាសណ្ឋាគាសូហ្វីតែល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា "ការផ្តល់សេវាសុខាភិបាល គឺជាភារកិច្ចស្នូលរបស់បុគ្គលិកសុខាភិបាល។ ប្រជាពលរដ្ឋទាំងអស់ មិនថាមានទ្រព្យ រឺគ្មាននោះទេ ចាំបាច់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ត្រូវគិតដល់ការព្យាបាលមុនៗនិងគិតអំពីការចំណាយ ព្រោះប្រជាពលរដ្ឋគ្រប់រូប ត្រូវទទួលបានសេវាសុខភាពសាធារណៈ  ។គ្រូពេទ្យបានលះបង់ពេលវេលាសម្រាប់គ្រួសារដើម្បីអ្នកជំងឺហើយ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាពិនិត្យព្យាបាលអ្នកជំងឺ ប្រកបដោយសីលធម៌និងវិជ្ជាជីវៈគ្រូពេទ្យ និងសូមកុំមើលស្រាលស្ថានការណ៍ឲ្យសោះ។ សូមកុំត្រី១ស្អុយត្រី១កន្ត្រក "។

គួរបញ្ជាក់ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៦បានបញ្ជាឲ្យ ប្រធានមន្ទីររាជធានី-ខេត្ត ទាំងអស់គោរព ក្រមសីលធម៌ថ្លៃថ្នូរ វិជ្ជាជីវៈពេទ្យ មិនត្រូវគិតលុយជាធំ ប្រើប្រាស់ពាក្យ សម្ដីទន់ភ្លន់ និងអាកប្បកិរិយា សមរម្យចំពោះអ្នកជំងឺ៕