លោក សុខ អាន៖ មាន​សន្តិភាព ទើបមាន​ការអភិវឌ្ឍ

ភ្នំពេញ:
​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អ​ធីប​តី​ក្នុង​ពី​ធី​សម្ពោធ​កំណាត់​ផ្លូវ​លេខ ១TK១ និង​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវ​២​ខ្សែ​នៅ​ស្រុក​អង្គរ​បូរី​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា យើង​មាន​សេចក្តីសង្ឃឹម សំលឹង​ទៅមុខ​ជានិច្ច មើលទៅ​អនាគត​គឺ​ពណ៌​ផ្កាឈូក គឺ​មិនមែន​ពណ៌​ខ្មៅ​ទេ យើង​មាន​សង្ឃឹមថា កម្ពុជា​យើង​ឈានឡើង​រហូត គឺ​ប្រទេស​យើង​អភិវឌ្ឍ​រហូត ហើយ​មូលហេតុ​មួយ​ធំ​ដោយសារ​អី គឺ​ដោយសារ​ប្រទេស​យើង​មាន​ស្ថិរភាព និង​មាន​សន្តិភាព​។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​បន្តថា យើង​មាន​មោទនភាព​ណាស់ គឺ​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក យើង​បាន​រំដោះប្រទេស​ពី​សង្គ្រាមស៊ីវិល និង​របប​ប្រល័យពូជសាសន៍​ដែល​បានអូសបន្លាយ​ពេល​ប្រមាណ​ជា ៣០​ឆ្នាំ ដែល​ធ្វើឱ្យ​កម្ពុជា​មិនមាន​ពេលវេលា​ដើម្បី​ធ្វើការ​អភិវឌ្ឍ​នោះទេ​។ ឯកឧត្តម​បន្តថា តាមរយៈ​នយោបាយ​ឈ្នះៗ​ដែលមាន​ការផ្តួចផ្តើម​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ទើប​នៅ​ឆ្នាំ​១៩៩៣ កម្ពុជា​ទទួលបាន​ស្ថិរភាព និង​សន្តិភាព​ពេញលេញ បន្ទាប់ពី​ធ្វើការ​បង្រួបបង្រួម​ខ្មែរ​គ្រប់ភាគី​មកជា​ខ្មែរ​តែមួយ​។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន បញ្ជាក់ថា​ចំណុច​នេះ​គឺ​ធ្វើឱ្យ​កម្ពុជា​យើង​មាន​មោទនភាព គឺមាន​មុខ​មាន​មាត់​លើ​ឆាគ​អន្តរជាតិ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយចំនួនធំ​លើ​សកលលោក​។

​លោក បាន​លើក​ជា​ឧទាហរណ៍​ថា មាន​ប្រទេស​ខ្លះ​បាន​ឆ្លងកាត់​ដំណាក់កាល​សង្គ្រាម​ហើយ ក៏​នៅតែ​មិន​ទទួលបាន​សន្តិភាព​ដែរ ដូចជា​ប្រទេស​អ៊ីរ៉ាក់ ប្រទេស​លី​ប៊ី និង​ប្រទេស​ទុយ​នេ​ស៊ី​ជាដើម គឺ​រហូតមកដល់​ឥឡូវនេះ​គឺ​មិនមាន​ស្ថិរភាព​ដូច​កម្ពុជា​ទេ មានការ​លំបាក​ច្រើន​ក្នុងប្រទេស​ទាំងនេះ និង​អសន្តិសុខ​។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​ពេលខ្លះ​ត្រូវបាន​គេ​ចាត់ទុកជា​គំរូ ដូចជា​ប្រទេស​នេ​ប៉ាល់​ជាដើម ដែល​បាន​បង្កើត​រដ្ឋាភិបាលចំរុះ​ហើយ តែ​មិនទាន់​ចុះសំរុង​គ្នា​នៅឡើយ ហើយ​បាន​សុំ​ការពិភាក្សា​ជាមួយ​ឯកឧត្តម​កំឡុង​ពេលដែល ឯកឧត្តម​អញ្ជើញ​ទៅ​ទស្សនៈកិច្ច​នៅ​ទីនោះ ដើម្បី​ស្វែងយល់​ពីបទ​ពិសោធន៍រ​បស់​កម្ពុជា ក្នុងការ​បង្កើតឱ្យមាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​។

​លោក​បណ្ឌិតសភា​ចា​រ្យ​បាន​លើកឡើងថា ប្រទេស​នេ​ប៉ាល់ ជា​ប្រទេស​ដែលមាន​មរ​ត​វប្បធម៌ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដូច​កម្ពុជា​ដែរ គឺមាន​ភ្ញៀវ​ទេសចរណ៍​តិចតួច​ណាស់ ដែល​បាន​ទៅ​ទស​ន្សា​។ ប្រទេស​នេ​ប៉ាល់​មាន​កន្លែង​ព្រះពុទ្ធ​ប្រសូត្រ មាន​ភ្នំ​ហេមពាន្ត​ដែល​ខ្ពស់ រហូតដល់​ទៅជា​ង​៨​ពាន់​ម៉ែត្រ ដែលជា​ទីកន្លែង គួរតែមាន​មនុស្ស​ចង់ទៅ​ទស​ន្ស​នា​ច្រើន ប៉ុន្តែ​បែរជា​មាន​ទេសចរណ៍​តិចតួច ដូច្នេះ​គាត់​បាន​សុំ បទពិសោធន៍​កម្ពុជា លើ​វិស័យ​ទេសចរណ៍​នេះ​។ ចំពោះ​វិស័យ​ទេសចរណ៍​នេះ​ផងដែរ ដោយ​ឯកឧត្តម បានផ្តល់​អនុសាសន៍​ថា សំខាន់​គឺ​ត្រូវតែមាន​សន្តិភាព​ជាមុន​សិន គឺ​ដើម្បី​ធ្វើឱ្យ​អ្នកវិនិយោគ​គេ​ទុកចិត្ត​។

​លោក​បាន មានប្រសាសន៍​ឱ្យដឹងថា កម្ពុជា​នៅ​ឆ្នាំ​១៩៩៣​បន្ទាប់ពី​បោះឆ្នោត​ហើយ គឺ​កម្ពុ​ជាមាន​ទេសចរណ៍​តែ​១២​ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពី​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះៗ បានន័យថា​អស់​មាន ខ្មែរក្រហម​បាញ់​ស្ទាក់​ឡាន​ទៀត​ទេ រចនាសម្ព័ន្ធ​នយោបាយ អង្គការ​ចាត់តាំង​នយោបាយ ត្រូវបាន​រំលាយចោល​ទាំងអស់ ហើយ​បានមក​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ ចំនួន ភ្ញៀវ​ទេសចរណ៍​កើនឡើង​ជា​លំដាប់ ហើយ​តាម​តួរ​លេខ​ឆ្នាំ​២០១៥​នេះ មាន​ចំនួន ៤,៧​លាន​នាក់ ដែល​វិស័យ​ទេសចរណ៍​នេះ គឺ​បានផ្តល់​ចំណូល​ដល់​កម្ពុជា​ប្រមាណ​៣​ពាន់​លាន​ក្នុង​មួយឆ្នាំ និង​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា រាប់ម៉ឺន​នាក់​ផងដែរ​។​

 លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​បញ្ជាក់ថា ដូច្នេះហើយ​សរុបមក​វិញ គឺជា​ដំបូង​ប្រទេស​ត្រូវតែមាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ជាមុនសិន មុន​និង​ឈានដល់​ការអភិវឌ្ឍ​នានា​ដែល​ត្រូវធ្វើ​បន្តទៀត​។ ទាំង​វិស័យ​ទេសចរណ៍ ផ្លូវ ស្ពាន សាលារៀន គ្រប់បែប យ៉ាង​គឺ​ត្រូវការ​សន្តិភាព និង​ស្ថិរភាព​។ ដូច្នេះ​ប្រជាពលរដ្ឋ​មិនត្រូវ​ជឿ​តាម​ការ​ញុះញង់​ណាមួយ ដែល​បង្កឱ្យមាន​ការឈ្លោះទាស់ទែង​គ្នា​ក្នុងប្រទេស ដែល​អាចឈាន​ទៅរក​ស​ង្គ្រា​ម​នោះឡើយ ជាក់ស្តែង​ការធ្វើ​បាតុកម្ម​បិទផ្លូវ ការ​បង្កើតជា​អំពើហិង្សា ដែល​ធ្វើឱ្យ​អស្ថិរភាព​នយោបាយ គឺ​គប្បី​ចៀស​វាស គឺ​ត្រូវតែមាន​សន្តិភាព​ទើប​អ្វីៗ​ទាំងអស់​ដុះ​ឡើង​តាម​ក្រោយ​៕

លោក សុខ អាន៖ មាន​សន្តិភាព ទើបមាន​ការអភិវឌ្ឍ

លោក សុខ អាន៖ មាន​សន្តិភាព ទើបមាន​ការអភិវឌ្ឍ

លោក សុខ អាន៖ មាន​សន្តិភាព ទើបមាន​ការអភិវឌ្ឍ