មន្ត្រី​៖ ចំណីអាហារ​លក់​អោយ​សិស្ស តាម​សាលារៀន បាន​ប្រសើរ​

បន្ទាយមានជ័យ: សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​កាំកុងត្រូល បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ ចំណីអាហារ ដែល​ពលរដ្ឋ និង​គ្រួសារ​លោក​/​អ្នកគ្រូ លក់ដូរ​អោយ​សិស្សានុសិស្ស ក្នុង​វិទ្យាល័យ​អូរជ្រៅ នា​សង្កាត់​/​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦​។​
   
​លោក ហុង លៀង អនុប្រធាន​ទី​១ សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ បាន​និយាយថា​: "​ក្រោយ​ពិនិត្យ លទ្ធផល​បឋម ឃើញថា ទំនិញ​ជា​ចំណីអាហារ លក់ដូរ​តាម​តូប និង​រាន ឬ​កញ្ច្រែង ក្នុង​សាលា​អូរជ្រៅ​នេះ គ្មាន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ទេ ពោលគឺ​គណ​:​គ្រប់គ្រង គ្រូ​និង​មាតាបិតា​សិស្ស បាន​ចូលរួម​ណែនាំ​សិស្ស អោយ​យល់ដឹង​ពី​គុណភាព សុវត្ថិភាព​ចំណីអាហារ​បានល្អ ដោយ​គ្រាន់តែ​ធ្លាប់​ជ្រាប​ពី មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ នៅ​សាលា និង​ទីកន្លែង​ក្បែរៗ​នោះ ពី​លើក​មុន​"​។​
   
​ចំណែក​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ បាន​និយាយ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៩​មីនា​ថា​: ពី​ដើមឆ្នាំ​២០១៦ មក សមត្ថកិច្ច​ជំនាញ បន្ត​បង្កើន​ការចុះ​ត្រួតពិនិត្យ​ទំនិញ និង​អប់រំ​ណែនាំ​អោយ​គ្រូ និង​សិស្ស​តាម​សាលារៀន ត្រួតពិនិត្យ​អោយ​យល់ដឹង បន្ថែមទៀត​ពី​គុណភាព សុវត្ថិភាព​នំចំណី អាហារ គ្រប់​ប្រភេទ ដែល​ដាក់​លក់ដូរ អោយ​សិស្ស​បរិភោគ​"​។​
 
​លោក​សាទរ​នឹង​ភាព​រីកចម្រើន របស់​នាយក​សាលា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ដែល​បាន​យកចិត្តទុកដាក់ បាន​យល់ដឹង​ខ្ពស់​ពី ចំណីអាហារ ហើយ​ចៀសវាង​នូវ ការប៉ះពាល់​សុខភាព និង​អាយុជីវិត ហើយ​វា​នឹង​ជួយ​សិស្ស អោយ​មានឱកាស​រៀនសូត្រ បាន​ចេះដឹង ដើម្បី​អនាគត​ល្អ ចំពោះ​សិស្ស​។​
 
​លោក​អ៊ុង សាម៉ន នាយក​វិទ្យាល័យ​អូរជ្រៅ បាន​និយាយថា​: ការបញ្ជ្រាប​ចំណេះដឹង​ទូទៅ ច្បាប់ បទដ្ឋាន និង​ច្បាប់​នានា រួមទាំង​បញ្ហា​សុវត្ថិភាព គុណភាព​ចំណីអាហារ​នេះ​ផង ដល់​សិស្ស គឺ​គណ​:​គ្រប់គ្រង និង​លោកគ្រូ អ្នកគ្រូ តែង​បាន​ច្បិច​យកទៅ​អប់រំ​ណែនាំ ដល់​សិស្ស ក្នុងពេល​ប្រជុំ​គោរព​ទង់ជាតិ និង​នៅក្នុង​ថ្នាក់រៀន​។ ហេតុនេះ​បាន​សាលារៀន​នេះ បាន​លទ្ធផល​ដូច្នេះ​។​
   
​យុវ​សិស្ស​ឈ្មោះ ចាន់ ធី ភេទ​ស្រី ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ​អូរជ្រៅ បាន​និយាយថា​: "​ខ្ញុំ និង​មិត្តភក្តិ បានដឹង​ខ្លះ ពីមុនមក ហើយ​ពេលនេះ បាន​មន្ត្រី​ជំនាញ ជួយ​ណែនាំ និង​ពិនិត្យ​ចំណី​ហូប ដែល​លក់ដូរ វា​ជា​ការល្អ សម្រាប់​ទាំងអស់គ្នា​"​។​
   
​ថ្ងៃ​ដដែល លោក​ហុង លៀង និង​មន្ត្រី​បាន​បន្ត ចុះ​ត្រួតពិនិត្យ​ចំណីអាហារ នៅ​សាលា​ចំណេះ​ទូទៅ​ឯកជន ពន្លក​ខ្មែរ ទៀត​។ ទីនោះ សមត្ថកិច្ច ក៏​រក​មិនឃើញ​ចំណីអាហារ ខូចគុណភាព និង​ហួស​កាលកំណត់​ប្រើប្រាស់ ឬ​គ្មាន​អនាម័យ​ដែរ​៕V/S