លោក ហោ ណាំហុង ស្នើឱ្យ WFP យកចិត្តទុកដាក់​ដល់​ការជួយ​កម្ពុជា លើ​បញ្ហា​ស្បៀងអាហារ​

ភ្នំពេញ: ​លោក​ឧបនាយករដ្ឋមន្ត្រី  ហោ  ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានអនុញ្ញាត​ឱ្យ​លោក Gianpietro Bordignon តំណាង​អង្គការ​ស្បៀងអាហារ​ពិភពលោក (World Food Programe- WFP) ប្រចាំ​នៅ​កម្ពុជា​ចូលជួប​ពិភាក្សា​ការងារ​នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦​នេះ​។​

​នៅក្នុង​ជំនួប​នោះ លោក Gianpietro Bordignon  បានប្រគល់​ជូន​លោក​ឧបនាយក រដ្ឋមន្ត្រី នូវ​លិខិត​របស់​នាយ​ក​ប្រតិបត្តិ​( Executive Director)​នៃ WFP ដែល​បាន​ផ្ញើមក​ជម្រាបជូន លោក​ឧបនាយករដ្ឋមន្ត្រី អំពី​ការសម្រេច​របស់​ក្រុមប្រឹក្សា​ប្រតិ​ប​តិ្ត (Executive Board) របស់ WFP កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ក្នុងការ​ពន្យារពេល​ក​ម្ម​វិធី​របស់ WFP នៅ​កម្ពុជា ដែល​ត្រូវ​ចប់​ក្នុង​ខែកក្កដា ឆ្នាំ​២០១៦ រហូត​ទៅដល់​ខែធ្នូ ឆ្នាំ ២០១៨ (​រយៈពេល​ពីរ​ឆ្នាំកន្លះ​បន្ថែមទៀត​) ហើយ​និង​ការសម្រេច​ផ្តល់​ថវិកា​បន្ថែមចំនួន ៤៦,៤​លាន​ដុល្លារ​សម្រាប់​ការ​អនុ​វ​ត្ក​កម្មវិធី WFP ដែល​ត្រូវបាន​ពន្យារ​កម្មវិធីរ​យៈ​ពេល​ពីរ​ឆ្នាំកន្លះ​នេះ​។​

​លោក Gianpietro Bordignon បាន​ជម្រាបជូន លោក​ឧបនាយករដ្ឋមន្ត្រី អំពី​គោលដៅ​សំខាន់​នៃ​កម្ម​វ​ធី​របស់ WFP នៅ​កម្ពុជា គឺ​ផ្តោតទៅលើ​ការផ្តល់​អាហារូបត្ថម្ភ​ដល់​កុមារ​កម្ពុជា ការលើកទឹកចិត្ត​ឱ្យ​កុមារ​ទៅ​សាលារៀន និង​ការជួយ​ដល់​កិច្ចការ​អភិវឌ្ឍ​របស់​សហគមន៍ តាម​មូលដ្ឋាន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​រម្លឹក​ឡើងវិញ​ថា លោក​ធ្លាប់បាន​ធ្វើជា​អនុ​រដ្ឋមន្ដ្រីការបរទេស​តាំងពី​ឆ្នាំ​១៩៧៩​មក ហើយ​លោក​បានដឹង​យ៉ាងច្បាស់​ពី​សកម្មភាព​ជួយ​ដល់​កម្ពុជា បន្ទាប់ពី​ប្រទេសជាតិ ត្រូវបាន​រំដោះ​ពី​របប​ប្រល័យពូជសាសន៍​ដ៏​ខ្មៅ​ងងឹត ប៉ុល ពត របស់​អង្គការ​អន្តរជាតិ​មួយចំនួន ដូចជា​អង្គការ WFP  អង្គការ Oxfarm  និង​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) ជាដើម ដែល​ខ្លួន​លោក​ផ្ទាល់ ជា​អ្នកសម្របសម្រួល និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​ទាំងនោះ ក្នុង​ការស្ដារ​ប្រទេសជាតិ​ឡើងវិញ ពិសេស​គឺ​ការសង្គ្រោះ​ប្រជាជន ពី​គ្រោះ​អត់ឃ្លាន ។​

​រយៈកាល​កន្លងមក កម្ពុជា​បាន​ជួបនឹង​គ្រោះធម្មជាតិ​ជារឿយៗ ដែល​ពេលខ្លះ មាន​មួយផ្នែក​នៃ​ប្រទេស​ជួប​គ្រោះរាំងស្ងួត ក្នុងពេលដែល​មួយផ្នែក​ទៀត ជួប​គ្រោះទឹកជំនន់ ហើយ​បង្ក​ផលវិបាក​យ៉ាងច្រើន​ដល់​ជីវភាព​របស់​ប្រជាជន និង​វិស័យ​កសិកម្ម ដែលជា​វិស័យ​គន្លឹះ​ទ្រទ្រង់​ផ្ទាល់​ដល់​ជីវភាព​ប្រមាណ ៩០​ភាគរយ នៃ​ប្រជាជន​យើង លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ WFP ពិនិត្យ​លទ្ធភាព​ជួយ​ដល់​កម្ពុជា ក្នុងការ​ប្រឈម​នឹង​ផលប៉ះពាល់​របស់​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ WFP យកចិត្តទុកដាក់​ដល់​ការជួយ​កម្ពុជា ពិសេស​គឺ​បញ្ហា​ស្បៀងអាហារ​ក្នុងពេលដែល​កម្ពុជា​ជួប​គ្រោះធម្មជាតិ​ផ្សេងៗ​។​
​លោក Gianpietro Bordignon បាន​លើកឡើងថា នឹង​យកចិត្តទុកដាក់​លើ​សំណើ​របស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហើយ WFP នឹង​ទំនាក់ទំនង​សហការ​ជិតស្និទ្ធ​ជាមួយ នឹង​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ក្នុង​ការជួយ​កម្ពុ​ជាទ​ប់​ស្កាត់ កាត់បន្ថយ​ផលវិបាក នៃ​ការប្រែប្រួល​អាកាសធាតុ មកលើ​វិស័យ​កសិកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​
​លោក Gianpietro Bordignon ក៏បាន​គូសបញ្ជាក់ថា WFP នឹង​បន្ត​យកចិត្តទុកដាក់ ក្នុង​ការជួយ​ផ្នែក​ស្បៀងអាហារ​នេះ ពេលដែល​កម្ពុជា​ជួបប្រទះ​គ្រោះធម្មជាតិ​។​

​សូមបញ្ជាក់ថា ក្នុងការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការគ្រប់គ្រង​គ្រោះមហន្តរាយ រាជរដ្ឋាភិបាល បានចេញ​សេចក្តីសម្រេច​លេខ ២០ សសរ ចុះ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ ២០១៦ ស្តីពី ការតែងតាំង​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ក្នុងនោះ​មាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន​និង​រួមមាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី មកពី​គ្រប់​ក្រសួង ស្ថាប័ន ជា​អនុប្រធាន និង​ជា​សមាជិក ដោយ​ក្នុងនោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏​ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​នេះ​មួយរូប​ផងដែរ​៕

លោក ហោ ណាំហុង ស្នើឱ្យ WFP យកចិត្តទុកដាក់​ដល់​ការជួយ​កម្ពុជា លើ​បញ្ហា​ស្បៀងអាហារ​