ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ បញ្ហា​តម្លៃ​ភ្លើង វា​មិនមែន​ជា​កត្តា​កំណត់​ដែល​ធ្វើ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ត្រូវ​បិទទ្វារ​នោះ​ទេ គឺ​បញ្ហា​អង្ករ​បរទេស​ដែល​ហូរ​ចូល​មក​កម្ពុជា​ឯណោះ​ទេ ដែល​ជា​កត្តា​កំណត់​ធ្វើ​ឲ្យ​រោង​ម៉ាស៊ីន​ត្រូវ​បិទទ្វារ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក គី​ម​សា​វុ​ធ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុង​វិស័យ​ស្រូវ​អង្ករ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មីនា ម្សិលមិញ​នេះ ។

លោក​ឧកញ៉ា​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​ទាក់ទង​នឹង​បញ្ហា​នាំ​ចូល​អង្ករ ៧០​ឬ​៨០​ម៉ឺន​តោន​ពី​ប្រទេស​ជិតខាង​នោះ គឺ​យើង​កំណត់​មិន​បាន យើង​ឃើញ​ហើយ​ថា ការ​ដឹក​តាម​រថយន្ត​តូ​រី​សយ​កមក​លក់​ផ្ទេរ​បាវ​នៅ​មុខ​ហាង អីុចឹ​ង​ហើយ​សួរ​ថា យើង​កំណត់​ចំនួន​ម៉េច​នឹង​បាន បើ​អ្នក​នាំ​ចូល​គាត់​មិន​ប្រាប់​ថា នាំ​ចូល​មកពីណា​ផង នោះ ។ ប៉ុន្តែ​ក្រៅផ្លូវការ គឺ​ច្រើន​ជាង​១​លាន​តោន មិនមែន​៧០​តោន​ទេ ពីព្រោះ​ក្រៅផ្លូវការ ខ្ញុំ​ទទួល​បាន​ពី​ខាង​អ្នក​ស្រាវជ្រាវ​ប្រាប់​ថា ត្រឹម​ខែ​៧(​កក្កដា​) ការ​នាំ​ចូល​អង្ករ​មក​កម្ពុជា​ក្រៅផ្លូវការ​មាន​ចំនួន​៦​សែន​តោន តែបើ​ធៀប​ទៅ​ដល់​ដាច់​ឆ្នាំ វា​នឹង​ច្រើន​ជាង» ។

ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ចំណែក​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​មាន​ប្រសាសន៍​ថា​៖ « មក​ដល់​សព្វ​ថ្ងៃនេះ មាន​រោង​ម៉ាស៊ីនកិនស្រូវ​ផ្អាក​ដំណើរការ​ប្រហែល​៨​ហើយ ភាគច្រើន​នៅ​តំបន់​ផលិត​ស្រូវ​អង្ករ​ខ្លាំង​គឺ​ខេត្តបាត់ដំបង »​។ លោក​បន្ដ​ថា ៖ «​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ​ដែរ ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​អង្ករ​ពី​បរទេស ជា​យន្តការ​យើង​ត្រូវ​មានការ​ជជែក​គ្នា មាន​ផែនការ​ច្បាស់លាស់ និង​រៀបចំ​ឲ្យ​មាន​ផែនការ​មួយ​ស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​សុំ​ការ​ចរចា ។ កាលណា​រៀបចំ​នូវ​យន្តការ​នេះ​ហើយ ខ្ញុំ​មាន​ជំនឿ​ថា តិច​ឬ​ច្រើន យើង​ដឹង​ថា​សុំ​បាន » ។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​ដោះស្រាយ​ដូច​ជា បញ្ហា​លំហូរ​អង្ករ​ចូល​ពី​ប្រទេស​ជិតខាង​, ទុន​ជួយ​សង្គ្រោះ​រោង​ម៉ាស៊ីន និង​ទុន​សម្រាប់​ប្រមូល​ទិញ​ស្រូវ​នៅ​ពេល​ខាង​មុខ ដែល​ត្រូវការ​ថវិកា​ក្នុង​ជំហាន​ដំបូង​ប្រហែលជា​២០ ទៅ​៣០​លាន​ដុល្លារ ។

តាម​ទិន្នន័យ​ផ្លូវការ​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន​៥៣៨.៣៩៦​តោន​កើន​ឡើង​៣៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មាន​ត្រឹមតែ​៣៨៧.០៦១​តោន​ប៉ុណ្ណោះ ។ ក្នុង​នោះ ប្រទេស​ចិន​បាន​នាំមុខ​គេ​ក្នុង​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ច្រើន​ជាងគេ​ប្រមាណ​ជាង​១០​ម៉ឺន​តោន តាម​ពីក្រោយ​ដោយ​ប្រទេស​បារាំង ប្រមាណ​ជាង​៧​ម៉ឺន​តោន ប្រទេស​ប៉ូ​ឡូញ​ប្រមាណ​ជាង​៦​ម៉ឺន​តោន ប្រទេស​ហូ​ឡង់​ប្រមាណ​ជិត​៦​ម៉ឺន​តោន និង​ម៉ា​ឡេ​ស៊ី ជិត​៥​ម៉ឺន​តោន ។

ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ កម្ពុជា​មិន​បាន​សម្រេច​តាម​គោលនយោបាយ​របស់​ខ្លួន​ទេ គឺ​ធ្វើការ​នាំ​ចេញ​បាន​ប្រមាណ​ជាង​៥៣​ម៉ឺន​តោន​ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងណា កម្ពុជា​មានកា​រវិ​វត្ត និង​ទទួល​បាន​លទ្ធផល​យ៉ាងច្រើន​លើ​ផ្នែក​ស្ថិរភាព​កសិកម្ម ។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​នៃ​លទ្ធផល​ចុង​ក្រោយ​នៃ​ជំរឿន​កសិកម្ម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៣ នា​ដើមខែ​ធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ « ចំពោះ​វិស័យ​កសិកម្ម ថ្វី​ដ្បិតតែ​គោលនយោបាយ​នៃ​ការ​នាំ​ចេញ​អង្ករ​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ មិន​សម្រេច​ក៏​ដោយ ក៏​កម្ពុជា​ទទួល​បាន​នូវ​ភាព​ជោគជ័យ​យ៉ាងច្រើន​ផង​ដែរ​នៅ​លើ​ផ្នែក​ស្ថិរភាព​កសិកម្ម » ។

ទាក់ទិន​នឹង​វិស័យ​ស្រូវ​អង្ករ​នេះ​ដែរ សម្តេច​តេ​ជោ បាន​ផ្ដល់​អនុសាសន៍​ចំណុច​ដែល​ជា​គន្លឹះ​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ដែល​មាន​ដូច​ជា ៖
១-​ប្រព័ន្ធ​ធារាសាស្ត្រ គឺជា​ធាតុ​ចូល​ដ៏​ចាំបាច់​ក្នុង​ការ​ធ្វើ​កសិកម្ម ។
២-​ការ​លើក​ស្ទួយ​ម៉ាក​អង្ករ​កម្ពុជា និង​ការ​ស្វែងរក​ទីផ្សារ​ជា​ការ​ចាំបាច់ ។
៣-​ការ​ផលិត​ពូជស្រូវ​ឱ្យ​ស្រប​តាម​តម្រូវការ​របស់​ទីផ្សារ ។
៤-​ការ​ផ្តោត​លើ​ពូជស្រូវ​ផ្ការំដួល ដែល​ជា​ពូជ​មានគុណ​ភាព​ខ្ពស់ និង​មាន​ទីផ្សារ ។
៥-​ការ​ផលិត​ពូជ​សុទ្ធ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការ​ដាំ​ដុះ ។
៦-​ការ​កាត់​បន្ថយ​ថ្លៃដើម ជា​កត្តា​មួយ​សំខាន់​ក្នុង​ការ​បង្កើន​ការ​ប្រកួតប្រជែង​សម្រាប់​វិស័យ​ស្រូវ អង្ករ​ជាមួយ​ប្រទេស​ដទៃ​ទៀត ។
៧-​ឃ្លាំង និង​ម៉ាស៊ីន​ស​ម្ងួ​ត ជា​កត្តា​ចម្បង​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​របស់​រោង​ម៉ាស៊ីន​កម្ពុជា​៕